សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​សំណុំ រឿង​ឪពុក​ម្តាយ ​ថោ​ង សា​រ៉ាត់ ខែ​ក្រោយ

 
 

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីមេធាវីការពារក្តីឱ្យជនត្រូវចោទថោង ចំរើន និងអ្នកស្រី កែវ សារី ជា ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងគេចខ្លួន បានប្រាប់ឱ្យដឹងថា អាចនៅថ្ងៃទី៥ ឬទី៦ដើម ខែមេសាខាងមុខ សាលាដំបូងរាជធានី គ្រោងនិងបើកសវនាការ លើ សំណុំរឿងកូន ក្តីរបស់លោក ពាក់ព័ន្ធបទល្មើសរក្សាទុក និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ។

ជន ត្រូវចោទឈ្មោះ ថោង ចំរើន និងប្រពន្ធឈ្មោះ កែវ សារី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីអំទ្បុង ចុងឆ្នាំ ២០១៤ នៅភូមិគ្រឹះ របស់ពួកគាត់ ដែលពេលនោះ សមត្ថកិច្ចបានចុះទៅ ឆែកឆេររកចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ ជាកូនដែលពាក់ព័ន្ធថា ជាអ្នកនៅពីក្រោយ ខ្នងលើឃាតកម្មបាញ់ សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ យ៉ាងសាហាវព្រៃផ្សៃ និងដ៏រន្ធត់នៅមុខ ហាងលក់ផ្លែឈើ មួយ កន្លែងក្បែរអាងទឹក ពហុកីទ្បដ្ឋាន ជាតិអូទ្បាំពិក ស្ថិតតាមបណ្តោយ មហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពី វេលាម៉ោងជាង ៧យប់ ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៤ ។

មានការកត់សម្គាល់ថា ក្រោយកើតមានអំពើឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាង១ សប្តាហ៍ ពោលគឺថ្ងៃទី១ ធ្នូ ឆ្នាំ២០១៤ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ វែកមុខក្រុមឃាតករ ឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ និងបានបញ្ជូនទៅ កាន់សាលាដំបូង រាជធានីភ្នំពេញ ហើយពួកគេត្រូវ បានឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រួចហើយដែរ ។ ការស្រាវជ្រាវ ឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យដំបូង បានចំនួន៤នាក់ ក្នុងនោះ ៣នាក់ជាអង្គរក្ស និងម្នាក់ទៀត គឺឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងជិះរថយន្ត ឆ្លងកាត់ស្ពាន ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ ។ ក្រោយពេលឃាត់ ខ្លួនក៏បាននាំទៅ កាន់ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ។ ពេលទៅដល់ស្នង ការដ្ឋាននគរបាល មិនបាន ១ដង្ហើមចង្រិតផង ស្រាប់តែមាន ការដោះលែង ឧកញ៉ា ថោង សារ៉ាត់ ឱ្យទៅផ្ទះវិញ លុះពេលរសៀល ថ្ងៃដដែល ឪពុកម្តាយ ឧកញ៉ាថោង សារ៉ាត់ បានធ្វើសន្និសីទ កាសែតចង់បង្ហាញ ពីភាពស្អាតស្អំ រួមទាំងការបដិសេធថា កូនប្រុសពួកគាត់(ថោង សារ៉ាត់) មិនមានជាប់ពាក់ ព័ន្ធក្នុងរឿង បាញ់សម្លាប់លោក ឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ។ ជនត្រូវចោទឈ្មោះ ថោង ចំរើន អ្នកស្រី កែវ សារី ក៏បានចោទ ប្រកាន់ធ្ងន់ៗ ទៅលើ សមត្ថកិច្ច ហើយត្រូវបាន សារព័ត៌មានក្នុង ស្រុកស្រង់សម្តី ផ្សាយជាសាធារណៈ ធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ តែមុននេះ ប្រមាណជា៣ទៅ៤ម៉ោង ឧកញ៉ាថោង សារ៉ាត់ អាចបានផ្លោះ របងជិះទូកទៅកាន់ ប្រទេសជិតខាង បាត់ទៅហើយ ដែរ។ ក្រោយពីធ្វើសន្និសីទ សារព័ត៌មាននៅវេលា ល្ងាចបន្តិច សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាល ក្រសួងមហា ផ្ទៃ បានបង្កើតគណៈកម្មការ១ ចុះទៅឆែកឆេរ បុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរកឃើញ អាវុធខ្លីនិង វែងចំនួន ៦ដើម និងសម្ភារយោធា ១ចំនួនទៀត ទើបត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធករណីរក្សា ទុកអាវុធ ដោយ ខុសច្បាប់ ក្រោយមកតុលាការ បានសម្រេចឃុំខ្លួន ប្តីប្រពន្ធ២នាក់នោះដាក់ ពន្ធនាគារជាបណ្តោះអាសន្ន ។

ក្រោយពីមានការឃុំខ្លួនលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ជាឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ ម្ចាស់ បុរី៩៩៩ និងជាថៅកែ សាច់ប៉ាតេ មានជ័យ បាននិងកំពុងលាក់ ខ្លួនពួនអាត្មាមិនដឹង នៅទីណានោះ ស្រាប់តែលេច មុខឧកញ៉ា ថោង សារ៉ាត់ តាមសង្គមហ្វេសប៊ុក ត្រូវបាន គេ បង្ហោះ និងចែកចាយសម្តីឧកញ៉ា ថោង សារ៉ាត់ ចំនួន៣លើកមកហើយ ។ ក្នុងចន្លោះពេល ជាង៤ខែក្រោយ ពីករណីឃាតកម្ម បាញ់ សម្លាប់ លោកឧកញ៉ា អឹុង ម៉េងជឺ សកម្មភាពក្នុង សំណុំរឿងនេះ បានមានរូបភាព បែកការណ៍ជាបន្តបន្ទាប់ ដូចជាសុខៗចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ធ្វើការដោះលែង ឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ មិនប្រក្រតី ។ ការដោះលែង ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ បានធ្វើឱ្យ មានប្រតិកម្មពី សំណាក់ប្រមុខ រាជរដ្ឋាភិបាល ថ្លែងចំហរក្នុង ពិធីចែកសញ្ញាបត្រ ដល់និស្សិត ដែលប្រតិកម្មនោះ បាន ឈានដល់ការ ដកតំណែងលោក អាំង មាលតី អតីតប្រធាន សាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមាន ការចាប់ខ្លួនលោក ឧត្តមសេនីយ៍ យោធាម្នាក់ជា គ្រូអូមអាម និងជាមនុស្សសិ្នទ្ធ និងលោកអាំង មាលតី ដែលបានស្នើសុំ អង្គភាពយកជាប់ តាមខ្លួនខុស ពីការងារជំនាញ។ ដាក់ពន្ធនាគារ ពាក់ព័ន្ធពីបទ ជ្រាតជ្រែកការងារ សាធារណៈ និងប្រើប្រាស់ស្លាកលេខ រថយន្តខ.ម ក្លែងក្លាយ ។ នៅមានរឿង ទៀតដូចជា ក្រោយពីចៅក្រម ស៊ើបសួរ ដោះលែងជនត្រូវ ចោទថោង ចំរើន និងអ្នកស្រី កែវ សារី ពួកគាត់ត្រូវជាប់ កាតព្វកិច្ច១០ចំណុច ដែលដាក់ឱ្យ ស្ថិត ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ។ សុខៗបែរជា ២នាក់ប្តីប្រពន្ធនោះនាំគ្នា ជួលរថយន្តសង្គ្រោះ ១គ្រឿង ធ្វើជាដាក់សេរ៉ូម ចេញទៅបំណង ព្យាបាលនៅប្រទេសវៀតណាម ទាំងយប់ ដែលទង្វើនេះជាប្រការ ខុសឆ្លងនិងច្បាប់ ហាមឃាត់ដាក់ ឱ្យស្ថិតនៅ ក្រៅឃុំ ក៏ត្រូវសមត្ថកិច្ច អនុវត្តតាមដីកា របស់សាលាដំបូង រាជធានីភ្នំពេញ ឱ្យចាប់ខ្លួនទាំងយប់ នៅជិតស្ពានស្ទឹងស្លូត ត្រើយខាងកើតអ្នកលឿង ក្នុងខេត្តព្រៃវែង ហើយក៏ត្រូវ បាននាំទៅ ដាក់ពន្ធនាគារវិញ ។ បន្ទាប់មកទៀត ក្រោយពី២នាក់ ប្តីប្រពន្ធជាប់ឃុំ ចៅក្រមស៊ើបអង្កេត បាន អនុញ្ញាតឱ្យ អនុរក្សពន្ធនាគារ នាំជនត្រូវចោទទាំង ២ នាក់ មកសាកសួរ ក្នុងនោះក៏មាន វត្តមានអ្នកស្រី តាំង គឹមឆេង ភរិយាជនរងគ្រោះ ចូលបំភ្លឺ ជូនតុលាការដែរ ។

អ្នកស្រីជាភរិយា សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ បានទាមទារដល់ស្ថាប័នតុលាការជួយរកយុត្តិធម៌ ផ្តល់ ភាពកក់ក្តៅ ក្នុងនាមអ្នកស្រី ជាជន រងគ្រោះ ។ ក្នុងនោះអ្នកស្រី បានទាមទារសំណង រដ្ឋប្បវេណីពី ក្រុមឃាតករជា មេខ្លោង ក្នុងទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិក និង បក្សពួកជា ជនដៃដល់ក្នុងម្នាក់ ចំនួន១០លានដុល្លារអាមេរិក ។ មេខ្លោងសំដៅ លើឧកញ៉ា ថោង សារ៉ាត់ និងបក្សពួក ជាជនដៃដល់ ព្រម ទាំងអ្នកសម គំនិតចំនួន៥នាក់ ដែលកំពុង ជាប់ឃុំមាន ១-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ២-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ៣៧ឆ្នាំ ៣-ឈ្មោះ កូយ ច័ន្ទថុល ភេទប្រុស អាយុ៣៩ឆ្នាំ ៤-ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ និងម្នាក់ទៀត ជាអ្នកផ្តល់ មធ្យោបាយម៉ូតូ ជិះធ្វើសកម្មភាព ។ ក្រុមឃាតករក្នុង សំណុំរឿងឃាតកម្ម លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នៅមិនទាន់បិទ ការស៊ើបអង្កេត នៅទ្បើយទេ និងនៅកំពុងបន្ត តាមនីតិវិធី ។ ដោយទ្បែក តែសំណុំរឿង ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ជិតដល់ថ្ងៃ បើកសវនាការ លើអង្គសេចក្តីហើយ ដែលគេនិយាយថា មិនទាក់ទិន ដល់ការចោទជុំវិញ ករណីឃាតកម្ម នេះទេ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម