រូបចម្លាក់ មានសាកសព ព្រះសង្ឃ អាយុ ១ពាន់វស្សា ការពិត ត្រូវបានលួចចេញ ពីប្រទេសចិន (UPDATE)

 
 

ចិន៖ រូបចម្លាក់បដិមា ដែលធ្វើឲ្យអ្នកស្រាវជ្រាវជាច្រើន មានការភ្ញាក់ផ្អើល ក្រោយពេលស្កេន (Scan) ឃើញ មានសាកសពមាំុមី អាយុ ១,០០០ឆ្នាំមុន នៅខាងក្នុងនោះ ទើបតែពេលថ្មីៗកន្លងទៅ ត្រូវបានគេដឹងការពិតថា បដិមានោះ ធ្លាប់ត្រូវបានគេលួចយកចេញពី ទីវត្តអារាមមួយកន្លែង ក្នុង ប្រទេសចិន តាំងពី ២០ឆ្នាំមុនម្ល៉េះ នេះយោងតាម ការបញ្ជាក់ពីអ្នកជំនាញចិន។

លោក Erik Bruijn អ្នកជំនាញ ខាងព្រះពុទ្ធសាសនា ដែលបានដឹកនាំ ការសិក្សាស្រាវជ្រាវ អាចកំណត់បានថា សាកសពដែលស្ថិតនៅក្នុងរូបបដិមា គឺជាសាកសពព្រះសង្ឃមួយអង្គ ដែលមាន ព្រះនាមថា Liuquan នៅសម័យបុរាណ។

មន្ទីរវប្បធម៌ ខេត្ត ហ្វ័រជាន ក្នុងប្រទេសចិន បានរកឃើញផងដែរ ថាមានរូបថតមួយចំនួន និងកំនត់ត្រា នៃប្រវត្តិរូបបដិមានេះ ហើយពួកគេ បានបញ្ជាក់ថា រូបបដិមានេះ ពិតជាត្រូវបានគេ លួចចេញពីខេត្តមួយ នៅភាគខាងជើង ប្រទេសចិន តាំងពីឆ្នាំ ១៩៩៥ ប្រាកដមែន និងត្រូវបានទិញយក ដោយជនបរទេសម្នាក់ ក្នុងប្រទេសចិន តាំងពី ឆ្នាំ ១៩៩៦ ម្ល៉េះ។ ជាមួយគ្នានោះដែរ រូបបដិមានេះ អាចនឹងត្រូវបញ្ជូន ទៅរក្សាទុក ក្នុងប្រទេសចិនវិញ ប្រសិនបើមន្ទីរវប្បធម៌ មានអំណោះអំណាងគ្រប់គ្រាន់ ដើម្បីទាមទារនាំយក រូបបដិមាបុរាណ ត្រឡប់ទៅវិញ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីធ្វើការស្កេន រួចរាល់ សាកសពព្រះសង្ឃបុរាណ មួយអង្គនេះ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Budapest នៃប្រទេសហុងហ្គារី សំរាប់ដាក់តាំងបង្ហាញ នៅឯសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ របស់ប្រទេសនេះផងដែរ ចាប់ពីខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ។

យ៉ាងណាមិញ សំរាប់ពុទ្ធបរិស័ទ ជាច្រើននាក់ បានយល់ថា សាកសពនៃ ព្រះសង្ឃ Liuquan គឺមិនទាន់ សុគតឡើយ ហើយជឿជាក់ថា ព្រះសង្ឃ Liuquan កំពុងធ្វើការ តាំងសមាធិ ក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។ តែទោះបីជាយ៉ាងណា អ្នកជំនាញ បានឲ្យដឹងថា សាកសពរបស់ព្រះសង្ឃអង្គនេះ ត្រូវបានគេដាក់ក្នុង ទឹកថ្នាំចិនបុរាណម្យ៉ាង ដែលនាំឲ្យសាកសព មិនរលួយរហូតដល់ ខ្ទង់រាប់ពាន់ឆ្នាំ បែបនេះ៕

ខាងក្រោមជា ទិដ្ឋភាព នៃការស្កេន ៖




រូបភាព សកម្មភាពពេលអ្នកស្រាវជ្រាវ ធ្វើការស្តេន សាកសពព្រះសង្ឃក្នុងរូបព្រះបដិមា

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម