រវាង​ទ្រនំ​ចាស់ និង ​ទ្រនំ​ថ្មី​អ្នក​គិត​ថា​ តារា​ទាំង ​៤ ​ដួង​នេះ​ ​​នរណា​ខ្លះ​ធ្លាក់​ចុះ​ ឬ​កើន​ប្រជាប្រិយភាព​ជាង​មុន?

 
 

ពេល​ជ្រក​កោន​ក្នុង​ទ្រនំ​ចាស់​តារា​ទាំង ​៤ ​ដួង​ខាង​ក្រោម​នេះ ​តែងតែ​មាន​បទ​ចម្រៀង​លេចធ្លោ​ដែល​ជា​ទី​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​របស់​ខ្លួន។ ចុះ​ពេល​ពេល​វត្តមាន​មក​ដល់​​ទ្រនំ​ថ្មី​ប្រិយមិត្ត​គិត​ថា ​ប្រជាប្រិយភាព​តារា​ទាំង​៤​ រូប​ខាង​ក្រោម​ធ្លាក់​ប្រជាប្រិយភាព​ជាង​មុន ឬ​មួយ​ក៏​កើន​ឡើង​ជាង​មុន?

តារា​ចម្រៀង​ទាំង ៤ ​​រូប​ដែល ​Sabay លើក​មក​ឱ្យ​ទស្សនិកជន​បញ្ចេញ​មតិ​ព្រឹក​នេះ​មាន​ដូច​ជា​ លោក ឆាយ វីរៈយុទ្ធ ចេញ​ពី​ផលិតកម្ម​ Bigman ទៅ​សាន់ដេ កញ្ញា សុគន្ធ និសា ចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៅ ផលិតកម្ម​ Town លោក ខាន់ ជែមន៍ ចេញ​ពី​ផលិតកម្ម​ Rock ទៅ​សាន់ដេ និង ​លោក នីកូ ចេញ​ពី​ផលិតកម្ម​ M ទៅ​សាន់ដេ។

អាច​និយាយ​ថា​ ជា​ស្ដេច​ត្រាញ់​ក៏​ថា​បាន​ ព្រោះ​ពេល​នៅ​​ផលិតកម្ម​ចាស់​តារា​ទាំង ​៤ ​ដួង​នេះ​ តែង​មាន​បទ​ចម្រៀង​លេចធ្លោ​ជា​បន្តបន្ទាប់ និង​មាន​ទីផ្សារ​ខ្ពស់​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វត្តមាន​ក្នុង​ផលិតកម្ម​ថ្មី​តារា​ល្បីៗ​ទាំង​នេះ​ក៏​នៅ​តែ​មាន​បទ​ចម្រៀង​ល្បីៗ​ជា​ទី​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ដូច​​គ្នា។

លោក ឆាយ វីរៈយុទ្ធ ល្បី​តាំង​ពី​​នៅ​ផលិតកម្ម​ M មក​ម្ល៉េះ ប៉ុន្តែ ​អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​តារា​ចម្រៀង​រូប​នេះ​កាន់​តែ​ខ្លាំង​គឺ​ពេល​​លោក​បោះ​ជំហាន​ទៅ​កាន់​ផលិតកម្ម​ Bigman។ នៅ​ក្នុង​ផលិតកម្ម Bigman ឆាយ វីរៈយុទ្ធ អាច​ចាត់​ទុក​ថា​ ជា​ស្ដេច​ក៏​ថា​បាន​ ព្រោះ​បទ​ចម្រៀង​ណា​ដែល​ជា​​ទីចាប់​អារម្មណ៍​ពី​ទស្សនិកជន​មិន​អាច​រំលង​ដៃ​លោក​បាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ពី​ផលិតកម្ម​មួយ​នេះ មាន​បញ្ហា​រអាក់រអួល​នៅ​ឆ្នាំ​២០១២ លោក​បាន​ប្ដូរ​ទ្រនំ​មក​កាន់​ផលិតកម្ម សាន់ដេ។

នៅ​ក្នុង​ទ្រនំ​ថ្មី​លោក ឆាយ វីរៈយុទ្ធ នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​​​ដដែល។ បទ​ចម្រៀង​មួយ​បទ​គឺ “សង្សារ​លួច​លាក់” បាន​ក្លាយ​ជា​បទ​ប្រចាំ​ត្រកូល​របស់​តារា​ចម្រៀង​រូប​នេះ​ក្នុង​ទ្រនំ​ថ្មី ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​​ទស្សនិកជន។ តែ​អ្វី​ដែល​ប្រិយមិត្ត​ឃើញ​ជាក់​ស្ដែង​តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត កំពង់ចាម​ខាង​លើ​ មិន​មែន​ជា​ស្ដេចត្រាញ់​ដូច​នៅ​ផលិតកម្ម​ចាស់​នោះទេ ព្រោះ​ឧបសគ្គ​ដ៏​ធំ​នៅ​ចំពោះ​មុខ​គឺ​លោក ខេមរៈ សិរីមន្ត និង​ តារា​ចម្រៀង​ដទៃ​ទៀត។

កញ្ញា សុគន្ធ និសា ក៏​មិន​សូវ​ខុស​ពី​ លោក ឆាយ វីរៈយុទ្ធ ប៉ុន្មាន​ដែរ​​កាល​នៅ​ផលិតកម្ម​​រស្មី​ហង្ស​មាស​ កញ្ញា​ក៏​ជា​ទី​ចាប់​អារម្មណ៍​ពី​មហាជន​ផង​ដែរ ព្រោះ​បទ​ចម្រៀង​ល្បីៗ​ជា​ហូរហែ​តែង​ស្ថិត​ក្នុង​ដៃ​នាង​ជានិច្ច។ ស្ថិត​ក្នុង​ដៃ​ក៏​ដោយ​សារ​តែ​តារា​ចម្រៀង​ស្រី​ស្រគត់ស្រគំ​រូប​នេះ​មាន​ខ្នង​បង្អែក​ធំ​មួយ​ដែរ​គឺ​លោក សុខ ជំនោរ ដែល​ជា​សង្សារ​សំណព្វ​ជាង​ ១០ ​ឆ្នាំ ​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ដើរ​ជា​មួយ​លោក សុខ ជំនោរ នៅ​ដើម​ឆ្នាំ​២០១២​កញ្ញា សុគន្ធ និសា បាន​ផ្លាស់​មក​ច្រៀង​ក្នុង​ផលិតកម្ម​ថ្មី​គឺ ថោន។ គ្រាន់​តែ​វត្តមាន​មក​ដល់​ ថោន​ភ្លាម​ទាំង​អ្នក​គ្រប់គ្រង ក៏​ដូច​ជា​អ្នក​និពន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ដល់​តារា​ចម្រៀង​រូប​នេះ​ក្នុង​ការ​រក​បទ​ចម្រៀង​ថ្មីៗ​ដើម្បី​ជួយ​លើក​ប្រជាប្រិយភាព​របស់​នាង​ឱ្យ​ខ្ពស់​ជាង​មុន។ បទ​ “បង​នឹក​គេ​ដល់​ថ្នាក់​ចង់​ឈឺ” និង​ បទ “លៀស​ហាល​៥​រយ” បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​ទស្សនិកជន។

អ្នក​គ្រប់គ្រង​ក៏​ដូច​ជា​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​នេះ​ថែម​ទាំង​ព្រលយ​ពាក្យ​ថា ​កញ្ញា សុគន្ធ និសា ឡើង​ប្រជាប្រិយភាព​ជាង​នៅ​ផលិតកម្ម​ចាស់។ ប៉ុន្តែ​ក៏​មាន​ការ​លើក​ឡើង​ថា ​កញ្ញា​ធ្លាក់​ប្រជាប្រិយភាព​ជាង​មុន​ផង​ដែរ​ពេល​ប្ដូរ​មក​កាន់​ទ្រនំ​ថ្មី។

ងាក​មក​មើល ​លោក ខាន់ ជែមន៍​ វិញ​​អ្នក​ណាៗ​ក៏​ដឹង​ថា​ លោក​ជា​តារា​ចម្រៀង​លេច​ធ្លោ​ជាង​គេ​ដែរ​ពេល​មាន​វត្តមាន​ក្នុង​ផលិតកម្ម​ Rock។ ក៏ប៉ុន្តែ​ក្រោយ​ពី​ផលិតកម្ម​នេះ​ផ្អាក​ដំណើរការណ៍​ផលិត​បទ​ចម្រៀង​លោក​បាន​​បោះ​ជំហាន​ទៅ​ក្នុង​ផលិតកម្ម​ សាន់ដេ។

អ្វី​ដែល​​​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​​មើល​ឃើញ​ម្ចាស់​បទ “ស្ដាយ​ក្រោយ” រូប​នេះ​​មិន​អាច​ជិះ​សេះ​លែង​ដៃ​ដូច​មុន​បាន​ទៀត​ទេ ព្រោះ​នៅ​ក្នុង​ផលិតកម្ម​ សាន់ដេ​ ប្រជុំ​ដោយ​តារា​ល្បីៗ​មាន​សមត្ថភាព​ខ្ពស់​ដូច​ជា​ ខេមរៈ សិរីមន្ត និង​ ឆាយ វីរៈយុទ្ធ ជា​ដើម។ ប្រការ​នេះ​តម្រូវ​ឱ្យ ខាន់ ជែមន៍ ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​ប្រជែង​ប្រជាប្រិយភាព​ជា​មួយ​តារា​ផ្សេង​ទៀត។

បើ​ទោះ​ជា​មាន​បទ​ចម្រៀង​​ចេញ​លក់​លើ​ទីផ្សារ​ជា​ហូរហែ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​បទ​ចម្រៀង​ណា​មួយ​របស់​លោក ខាន់ ជែមន៍ ផ្ទុះ​ខ្លាំង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្លាំង​ដូច​មុន​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​រូប​នេះ​ក៏​មាន​ឱកាស​បាន​សម្ដែង​ខ្សែ​ភាពយន្ត​ធំៗ​របស់​ សាន់ដេ​ដែល​បាន​ថត​រួចរាល់ និង​កំពុង​ថត​បន្ត​ផង​ដែរ។

រីឯ​ លោក នីកូ ដែល​បាន​ឈាន​ជើង​ទៅ​កាន់​ផលិតកម្ម សាន់ដេ ជាមួយ​លោក ឆាយ វីរៈយុទ្ធ និង​ លោក ខាន់ ជែមន៍ ដែរ​ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ ព្រោះ​កាល​នៅ​ផលិតកម្ម​ M លោក​ជា​តារា​ចម្រៀង​ឈាន​មុន​គេ និង​ជា​ទី​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។ វត្តមាន​មក​ដល់​សាន់ដេ មិន​ងាយ​ស្រួល​ដូច​នៅ​ M នោះ​ទេ​លោក នីកូ ត្រូវ​ប្រឈម​​មុខ​នឹង​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល និង​ ខ្ពស់​ជាង​ខ្លួន។

មក​ទល់​នឹង​ពេល​នេះ​ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ​​មិន​ទាន់​ឃើញ​បទ​ចម្រៀង​មួយ​ណា​​របស់​លោក នីកូ ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍ និង​ ចង់​ស្ដាប់​ដូច​មុន​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ​អ្នក​គ្រប់គ្រង ក៏​ដូច​ជា​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​សាន់ដេ​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ការ​ធ្វើ​ឱ្យ​តារា​ចម្រៀង​របស់​ខ្លួន​ទាំង​អស់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា​ទៅ​ទស្សនិកជន។

ក្នុង​ចំណោម​តារា​ទាំង ៤ ​រូប​ខាង​លើ​ គឺ ៣​ ដួង​កំពុង​ជ្រកកោន​នៅ​ផលិតកម្ម​ សាន់ដេ និង​ មួយ​ដួង​ទៀត​នៅ​ ថោន។ ពួកគេ​ទាំង​៤​សុទ្ធសឹងតែ​ជា​តារា​ល្បី​ឈ្មោះ​​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ ​ពី​ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម