ព្រៃផ្សៃបំផុត! ស្រ្តីជនជាតិវៀតណាម សម្លាប់ប្តី ជនជាតិចិន និងម្តាយក្មេក ដើម្បីលក់កូន ២នាក់ ក្នុងតម្លៃ ជាង ២ម៉ឺនដុល្លារ

 
 

ចិន៖ ស្រ្តីជនជាតិវៀតណាមម្នាក់ រស់នៅក្នុងប្រទេសចិន បានសម្លាប់ប្តី ដែលជា ជនជាតិចិន និងម្តាយក្មេក របស់ខ្លួន ដើម្បីសម្រេចបំណង លក់កូនរបស់ខ្លួន ២នាក់ ក្នុងតម្លៃ ១៤,០០០ផោន ឬជាង ២ម៉ឺនដុល្លារ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាម ដែលមានចិត្ត សាហាវឃោរឃៅ និងព្រៃផ្សៃ ហ៊ានសម្លាប់ប្តី និងម្តាយក្មេក រូបនោះ មានឈ្មោះថា Ayou អាយុ២១ឆ្នាំ គឺជាកូនក្រមុំ ដែលត្រូវបានទិញមក ពីប្រទេសវៀតណាម ក្នុងតម្លៃ ៣ពាន់ផោន ឬជាង ៤ពាន់ដុល្លារ ដើម្បីយកមករៀបការ ជាមួយនឹង ប្តីរបស់នាង ដែលមានឈ្មោះថា Lai Binghao។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីរៀបការរួច មិនបានមួយឆ្នាំផង នាង Ayou ក៏កើតបានកូនភ្លោះប្រុស ចំនួន២នាក់។ ពេលនោះ ម្តាយក្មេងរបស់ Ayou ក៏បានទៅរស់នៅ ក្នុងផ្ទះរបស់នាង ដែលស្ថិតនៅក្នុងទីក្រុង Chaozhou ខេត្ត Guangdong នៃប្រទេសចិន ដើម្បីជួយមើលថែ កូនភ្លោះ ទាំង២នាក់នោះ។


កូនភ្លោះប្រុស របស់នាង Ayou

នៅថ្ងៃទី០២ ខែមិនា លោក Lai Shehui ដែលជាឪពុកបង្កើត របស់លោក Lai Binghao និងត្រូវជា ឪពុកក្មេក របស់នាង Ayou ក៏បានទៅលេងផ្ទះ របស់នាង ហើយក៏ប្រទះឃើញ ម្តាយក្មេក និងប្តី របស់ Ayou ត្រូវគេវាយសម្លាប់ និងចង ជាប់មួយនឹងគ្រែ គួរឲ្យរន្ធត់បំផុត។ ក្រោយកើតហេតុ នាង Ayou រួមទាំងកូនភ្លោះ ២នាក់នោះ ក៏បានបាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា Ayou គឺជាឈ្មោះ ដែលគ្រួសារ របស់ប្តីនាង ដាក់ឲ្យ ព្រោះពួកគេ មិនអាចអានពី ឯកសារនៃប្រវត្តិរូប (ជាភាសាវៀតណាម) របស់នាង បានឡើយ។


លោក Lai Shehui ដែលជាឪពុកបង្កើត របស់លោក Lai Binghao និងត្រូវជា ឪពុកក្មេក របស់នាង Ayou


លោក Lai Shehui ដែលជាឪពុកបង្កើត របស់លោក Lai Binghao និងត្រូវជា ឪពុកក្មេក របស់នាង Ayou

ទោះបីជាយ៉ាងណាក៏ដោយ រយៈពេល មិនដល់២៤ម៉ោងឡើយ ការិយាល័យសន្តិសុខ សាធារណៈ ប្រចាំទីក្រុង Chaozhou បានឃាត់ខ្លួន នាង Ayou ពីបទមនុស្សឃាត។

នៅថ្ងៃទី០៤ ខែមិនា ប៉ូលីសបាននាំខ្លួន នាង Ayou ទៅកាន់កន្លែងកើតហេតុ ដើម្បីប្រាប់ពីហេតុការណ៏ ដែលបានកើតឡើង ខណៈកូនភ្លោះ ទាំង២នាក់ របស់នាង ត្រូវបានប្រទះឃើញ នៅក្នុងទីក្រុងមួយ ដែលស្ថិតក្បែរ ទីក្រុង Chaozhou ដោយកូនភ្លោះនោះ ត្រូវនាង Ayou លក់ក្នុងតម្លៃ ៧ពាន់ផោន ឬ ជាង១ម៉ឺនដុល្លារ ក្នុងម្នាក់។

លោក Lai Shehui (ឪពុកក្មេក Ayou) បាននិយាយ ទាំងទុក្ខក្រៀមក្រំថា “ក្មេង២នាក់នោះ អាយុមិនទាន់ ៣ខែផង។ ឪពុក និងយាយ របស់ពួកគេ បានស្លាប់បានទៅហើយ រីឯម្តាយរបស់ពួកគេ ក៏ស្ថិតក្នុងគុកទៀត។ តើខ្ញុំអាចចិញ្ចឹម បីបាច់គេ បានយ៉ាងម៉េចទៅ”។


នាង Ayou

យ៉ាងណាមិញ នៅក្នុងករណី សម្លាប់ប្តី និងម្តាយក្មេក ដើម្បីយកកូន ទៅលក់នេះ មិនមែនប្រព្រឹត្តិឡើង តែនាង Ayou ម្នាក់ឡើយ។ ប៉ូលីសបានស៊ើបអង្កេត និងវែកមុខ រហូតឈានដល់ការ ឃាត់ខ្លួនបាន បុរសជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន៣នាក់ទៀត ដែលបានរួមដៃគ្នា ក្នុងករណីនេះ៕

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម