លោក រិចឆ្នឺ ប្រធានមន្ទីរពេទ្យ គន្ធបុប្ផា បង្ហោះសារលើហ្វេសប៊ុក អំពីការបង្ខូចកេរ្តិ៍ឈ្មោះ និងរារាំង មកលើរូបលោក!

 
 

កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង ១:១២នាទីរសៀល ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត បីត រិចឆ្នឺ (Dr. Beat Richner) បានធ្វើការបង្ហោះសាររូបភាព មានលាយលក្ខណ៍អក្សរ ជាភាសាអង់គ្លេស នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោកផ្ទាល់។

គ្រាន់តែចុចទៅលើ រូបភាពអត្ថបទនោះភ្លាម នឹងឃើញមាន ចំណងជើងធំៗ សរសេរថា៖ «Severe defamation and obstruction to the Kantha Bopha Hospitals and me by a high ranking official of the Cambodian Government» ឬ អត្ថន័យជាភាសាខ្មែរថា៖ «ការបង្ខូចកេរ្តិ៍ឈ្មោះ និងការរារាំងជាខ្លាំង មកលើមន្ទីរពេទ្យគន្ធបុប្ផា រួមទាំងរូបខ្ញុំផ្ទាល់ (រិចឆ្នឺ) ពីសំណាក់មន្ត្រីជាន់ខ្ពស់ មួយរូប របស់រាជរដ្ឋាភិបាលកម្ពុជា»។

ខ្លឹមសារនៃអត្ថបទ បានបង្ហាញដល់សាធារណ:ជន នៅលើហ្វេសប៊ុក ឲ្យបានជ្រាប អំពីចំនួនកុមារ ជាអ្នកជម្ងឺ និងផលវិបាកនៃដំណើរការប្រព្រឹត្តទៅ មួយចំនួន ហើយដែលខ្លឹមសារអត្ថបទទាំងស្រុង របស់លោកវេជ្ជបណ្ឌិត បីត រិចឆ្នឺ វេបសាយខ្មែរឡូត គ្រាន់តែធ្វើការបកប្រែ មកជាភាសាជាតិ តែប៉ុណ្ណោះ ដើម្បីអាចឲ្យប្រិយមិត្តអ្នកអាន មានភាពងាយស្រួល៖

«ម្សិលមិញ ថ្ងៃទី២៣ មិនា ២០១៥៖ កុមារមានជម្ងឺ ចំនួន ៣,០៨២ នាក់ ទទួលបានការព្យាបាល នៅតាមកន្លែងផ្តល់ការព្យាបាលនានា របស់ពួកយើង។ កុមារមានសភាពធ្ងន់ធ្ងរ ៥០៤ នាក់ ត្រូវតម្រូវអនុញ្ញាត ឲ្យនៅសំរាកព្យាបាល។ កុមារសភាពធ្ងន់ធ្ងរ ៩៣នាក់ បានមកដល់ ទាំងយប់។ ៨៥ភាគរយ នៃចំនួនកុមារសរុប ដែលមានសភាពធ្ងន់ធ្ងរ ធ្វើដំណើរមកពីទូទាំងប្រទេសកម្ពុជា បានទទួលការសម្រាកព្យាបាល នៅតាមសាខានានា របស់មន្ទីរពេទ្យ គន្ធបុប្ផា។ រាល់ការព្យាបាល ឥតមានគិតថ្លៃ ទាំងអស់»។

«ក្នុងចំណោម កុមារមានសភាពធ្ងន់ធ្ងរ ៥០៤នាក់ ដែលត្រូវបានអនុញ្ញាត ឲ្យចូលមកសំរាកព្យាបាល កាលពីថ្ងៃម្សិលមិញនេះ ពួកគេទាំងនោះ ចំនួន ១៦៣នាក់ (៣២ភាគរយ) បានទទួលការព្យាបាល យ៉ាងហោចណាស់ រយ:ពេល២ថ្ងៃ និងខ្លះទៀត មានរយ:ពេលយូរជាងនេះ នៅតាមគ្លីនិកឯកជន និងមន្ទីរពេទ្យរដ្ឋ មួយចំនួន។ នៅទីនោះ មិនមានការព្យាបាល ដែលល្អនិងត្រឹមត្រូវឡើយ។ ការធ្វើរោគវិនិច្ឆ័យ មិនបានចប់សព្វគ្រប់ ប៉ុន្តែលុយត្រូវបានគេយក ពីឪពុកម្តាយក្មេងៗទាំងនោះ។ ក្នុងកាល:ទេស:កាន់តែអាក្រក់ អ្នកជម្ងឺត្រូវមកកាន់ មន្ទីរពេទ្យរបស់ពួកយើង កាលពីម្សិលមិញ មានទាំងពេលថ្ងៃ និងទាំងពេលយប់»។

«សប្តាហ៍មុន មានគណ:ប្រតិភូជាន់ខ្ពស់ម្នាក់របស់ស្វីស បានអញ្ជើញមកកាន់មន្ទីរពេទ្យ គន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាបអង្គរ។ កាលពីមុន គណ:ប្រតិភូរូបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ប្រាប់ថា កុមារសភាពធ្ងន់ធ្ងរ មានតែចំនួន ៥០ភាគរយប៉ុណ្ណោះ ដែលកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ មិនដែលធ្លាប់បានមកមើលឃើញ នៅមន្ទីរពេទ្យគន្ធបុប្ផាឡើយ។ គាត់គួរតែប្រាប់ខ្ញុំ ថា៥០ភាគរយទៀត (៥០៤នាក់) នៃចំនួនកុមារមានសភាពធ្ងន់ធ្ងរ កំពុងទទួលបានការសំរាកព្យាបាល ក្នុងពេលម្សិលមិញនេះ ក្នុងប្រទេសកម្ពុជា»។

«ប៉ុន្មានខែមុន អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅភ្នំពេញ បានប្រាប់ដល់ប្រទេសស្វីសថា ៦០ភាគរយប៉ុណ្ណោះ នៃចំនួនសរុបរបស់កុមារមានសភាពធ្ងន់ធ្ងរ បានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា»។

«ហេតុអ្វីផ្តល់ព័ត៌មានខុស ទៅឲ្យតែរដ្ឋាភិបាលបរទេស ដែលជាហេតុ កំពុងបង្កឲ្យខាងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានការផ្តល់ជំនួយក្នុងចំនួនតិច? ហេតុអ្វីព្យាយាមធ្វើឲ្យពួកគេជឿ ថាខ្ញុំកំពុងតែកុហក?»។

«នៅថ្ងៃទី១៦ ខែធ្នូ ខ្ញុំបានសរសេរលិខិតមួយ ផ្ញើរជូន ដើម្បីសុំជួបជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែខ្ញុំមិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយ។ ខ្ញុំចង់ជម្រាបជូនទៅកាន់សម្តេច ឲ្យបានជ្រាបអំពីស្ថានភាពសុខភាពជាក់ស្តែង របស់កុមារកម្ពុជា និងការពិតអំពីប្រព័ន្ធសុខាភិបាល និងផលប៉ះទង្គិចនៃមន្ទីរពេទ្យគន្ធបុប្ផា ទៅលើបញ្ហាដូចបានជម្រាប។ ខ្ញុំចង់ពិភាក្សាអំពីអនាគតរបស់ មន្ទីរពេទ្យគន្ធបុប្ផា មុនពេលអ្វីៗត្រូវយឺតពេល ដែលនឹងអាចកើតឡើងនៅពេលខាងមុខ និងនៅពេលដែលខ្ញុំអស់លទ្ធភាពទ្រទ្រង់ទៅលើ ៨៥ភាគរយ នៃកញ្ចប់ថវិកាចំណាយរៀងរាល់ឆ្នាំ (ឆ្នាំ២០១៥ ប្រមាណ ៤០លានដុល្លារអាមេរិក)»៕

Dr. Beat Richner, ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២

ខាងក្រោមជាអត្ថបទដើម ភាសាអង់គ្លេស៖


ប្រភព៖ ហ្វេសប៊ុក Dr. Beat Richner

ដោយ សី

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម