លោក​ឃ្លាំង ហួត កោះប្រជុំ​ណែ​នាំ​ អ្នក​រត់​ ទូក​ដ បន្ទាប់​ពី​ផ្ទុះ​ បាតុ​ភាព​ជាមួយ​ អ្នក​នាង ខាត់​ សុឃីម​

 
 

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ មីនា នេះ លោកឃ្លាំង ហួត បានកោះអញ្ជើញក្រុម អ្នករត់ ទូក.ដ ដែលឆ្លង ទៅកោះដាច់ ត្រើយខាង កើតស្ពានជ្រោយចង្វារមក ជួបប្រជុំគ្នា ដើម្បីណែនាំ ម្ចាស់ទូក.ដ ឱ្យ យកតម្លៃគោរព តាមសៀវ ភៅបន្ទុក បើមិនស្តាប់ តាមទេ អាជ្ញាធរនឹង ចាត់វិធានការ បិទអាជីវកម្ម។

ការកោះអញ្ជើញម្ចាស់ទូកដរមកធ្វើការណែនាំនេះបានធ្វើឡើង បន្ទាប់ពីមានបាតុភាពរវាង ម្ចាស់ទូកដ និងអ្នក នាងខាត់ សុឃីម ដែលជាតារា សិល្បៈល្បីឈ្មោះ ខាត់ សុឃីម ឈ្លោះ ជាមួយម្ចាស់ដ ព្រែកលៀបរឿង ទារថ្លៃឆ្លង ចំនួន100ដុល្លារ ក្នុងមួយជើង កាលពីថ្ងៃសៅរ៍កន្លងមក ពីរឿង ម្ចាស់ដ.យកថ្លៃ ឆ្លងដរថយន្ត អ្នកនាងខាត់ សុឃីម មួយជើងក្នុង តម្លៃ១០០ដុល្លារ លើស សៀវភៅបន្ទុក។

ក្នុងអង្គប្រជុំនោះដែរ លោកឃ្លាំង ហួត បានធ្វើការណែនាំម្ចាស់ទូកដ ដោយឯកភាព គ្នាឱ្យធ្វើ អាជីវកម្មចម្លងដ ចាប់ពីម៉ោង ៤ទៀបភ្លឺដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃធម្មតា ចំពោះថ្ងៃបុណ្យ អាចដល់ម៉ោង ១១យប់ និងណែនាំ ឱ្យម្ចាស់ដ បិទតម្លៃឱ្យ បានត្រឹមត្រូវ តាមសៀវភៅបន្ទុក បើមិនដូច្នោះទេ អាជ្ញាធរ នឹងបិទអាជីវកម្មបណ្តោះ អាសន្ន។

ទាក់ទិននឹងការយកតម្លៃរថយន្តអ្នកនាងខាត់ សុឃីម នេះត្រូវបានម្ចាស់ទូកដ និងអាជ្ញាធរឱ្យដឹងថា ដោយសារ រថយន្តរបស់នាង លើសចំណុះ គឺតទ្រុង សរុប ទៅមានចំណុះប្រហែល ៦តោនលើស សៀវភៅបន្ទុក។

បើតាមម្ចាស់ទូកដឈ្មោះសាម ព្រឿង អាយុ៦៥ឆ្នាំ បានឱ្យដឹងថា រថយន្តរបស់អ្នកនាងខាត់ សុឃីម កាល ពេលឆ្លង លោកបានទារ ថ្លៃ១០០ដុល្លារ ពិតមែន តែក្រោយមកបាន សម្របសម្រួល គ្នានៅសល់ តែ៥០ដុល្លារទេ ដោយសារ រថយន្តដឹក ធ្ងន់លើសចំណុះ។

ក្នុងអង្គប្រជុំនោះដែរ ម្ចាស់ទូកដបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីយកតម្លៃតាម សៀវភៅបន្ទុក។ គួរបញ្ជាក់ថា កន្លងមក ទូកដរ ព្រែកលៀប កោះដាច់នេះ កើតមានបាតុភាព ជាញឹកញាប់ ដោយសារម្ចាស់ដ យកតម្លៃលើស សៀវភៅបន្ទុក។

បើតាមសៀវភៅបន្ទុកបានឱ្យដឹងថា រថយន្តធុនតូចឆ្លងមួយជើងតម្លៃ៦.០០០រៀល រថយន្តធុនមធ្យម តម្លៃ១០.០០០រៀល ដោយឡែកម៉ូតូ ៥០០រៀល រីឯកង់ ២០០រៀល៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម