នារី​ម្នាក់​​​ស្រែក​ជេរ ​និង​គប់​ស្លាក​យីហោសណ្ឋាគារផ្អើល​ទាំង​កណ្តាល​ថ្ងៃ ​(មានវីដេអូ)

 
 

ខេត្តស្ទឹងត្រែង ៖ នារីវ័យក្មេង ស្រស់សោភាម្នាក់ ត្រូវគេសង្ស័យថា ប្រើប្រាស់ថ្នាំញៀន រហូតបាត់បង់ស្មារតី បានស្រែកជេរ និងរើសដុំថ្ម គប់កម្ទេច ស្លាកយីហោ សណ្ឋាគារ ព្រមទាំងហែក ស្លាកគណបក្ស បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ មីនា ២០១៥ ស្ថិតនៅចំណុច ផ្លូវ៦២ ទល់មុខសណ្ឋាគារ មេគង្គ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ ក្នុងហេតុការណ៍នោះ មិនមាននរណាម្នាក់ ហ៊ានចូលចាប់ ឬឃាត់ នារីម្នាក់នោះទេ ដោយសារនាង រើសដុំថ្មគប់ គ្រប់គ្នា ឱ្យតែចូលកៀក សូម្បីតែ អ្នកកាសែត ក៏រត់គេចពី ដុំថ្មរបស់នាងដែរ។

តាមប្រភពព័ត៌មានឲ្យដឹងថា នារីម្នាក់នោះ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ហើយមកបម្រើការងារ ជានារីចាក់ស្រាបៀរ នៅក្នុងខារ៉ាអូខេ ពិភពថ្មី តែដោយសារនាង ធ្វើការមិនចុះសម្រុង នឹងគេ ថៅកែក៏បញ្ឈប់ ការងារពីទីនោះ ហើយនាងត្រូវ បុរសម្នាក់ នាំឲ្យទៅស្នាក់នៅ ក្នុងសណ្ឋាគារ មេគង្គនោះ អស់រយៈពេល ជាច្រើនថ្ងៃ ដោយមិនឲ្យលុយ ម្ចាស់សណ្ឋាគារទេ ក្រោយមក នៅព្រឹកថ្ងៃទី២៣ មីនា ២០១៥នេះ នាងបានទៅដាក់ពាក្យ ប្តឹងនៅតុលាការ ដោយចោទ បុរសម្នាក់ ជាមន្ត្រីប៉ូលិស នៅស្នងការដ្ឋាន នគរបាលខេត្តថា យកនាង ទៅទុកចោល រាប់ថ្ងៃ ដោយមិនឲ្យលុយកាក់ ចាយនោះទេ។

ប្រភពដដែលបានបន្តថា ម្ចាស់សណ្ឋាគារ បានសម្រុះសម្រួល ឲ្យនាងចេញ ពីទីនោះ ដោយរៀបចំ សណ្ឋាគារ នោះសម្រាប់ ទទួលថ្នាក់ដឹកនាំ យោធា ព្រោះសណ្ឋាគារមួយនោះ ជាសណ្ឋាគារ របស់យោធ ភូមិភាគ១ សាងសង់ឡើង សម្រាប់ ទទួលថ្នាក់ ដឹកនាំ ចុះមកបំពេញ ភារកិច្ចធំៗ ក្នុងខេត្តស្ទឹងត្រែង តែនារីម្នាក់នោះ បាននិយាយឆ្លើយតប ទៅម្ចាស់សណ្ឋាគារ ខាងលើវិញថា ទុកឱកាសឲ្យនាង នៅត្រឹមថ្ងៃទី១៨ មីនា នាងនឹងរើចេញ ខណៈដែលគេ យកនាងចូលទៅ ស្នាក់នៅក្នុងសណ្ឋាគារ ចាប់តាំងពីថ្ងៃទី៣ មីនា ២០១៥។

ប្រភពព័ត៌មាន មួយទៀត ចេញពីមាត់ អ្នកបម្រើការងារ ជាមួយនាង បាននិយាយ ថា កាលពីដំបូង នាងមានប្តី និងកូន ២នាក់ ក្រោយមកបាន លែងលះគ្នា ឈានដល់ការ ខូចចិត្ត បែកគំនិត ទៅធ្វើការ នៅខារ៉ាអួខេ កាឡាក់ស៊ី ខេត្តរតនគិរី បន្ទាប់មក នាងក៏មកធ្វើការ នៅខារ៉ាអូខេ ពិភពថ្មីស្ទឹងត្រែង តែដោយសារនាង តែងតែប្រចណ្ឌ និងវាយនារី ដែលអង្គុយជាមួយភ្ញៀវ ដែលធ្លាប់អង្គុយ ជាមួយនាង រហូតដល់ ថៅកែហៅមក ធ្វើការណែនាំ មិនស្តាប់ ក៏បញ្ឈប់ការងារ របស់នាង ។

បន្ទាប់មកមានបុរសម្នាក់ យកនាងទៅចូលស្នាក់នៅ សណ្ឋាគារខាងលើ អស់ជាច្រើនថ្ងៃ មិនមានលុយបង់ថ្លៃ ស្នាក់នៅស្របពេលដែល សណ្ឋាគារ ខាងលើនេះ ត្រៀមរៀបចំ ទទួលការស្នាក់នៅ របស់ថ្នាក់ដឹកនាំ យោធា ជាន់ខ្ពស់នោះ ទើបម្ចាស់សណ្ឋាគារ សុំឲ្យរើចេញ តែនាងមិនព្រមចេញ ដោយតបទៅវិញថា ទុកពេលឲ្យនាង បន្តិចទៀត ព្រោះនាងត្រូវ ប្តឹងបុរសម្នាក់ យកនាងមកប្លុងចោល បែបនេះ ។ រហូតដល់ ព្រឹកថ្ងៃទី២៣ មីនា២០១៥នេះ នាងបានទៅដាក់ ពាក្យប្តឹង នៅតុលាការ ជាឱកាស ដែលម្ចាស់សណ្ឋាគារ ខាងលើ ប្រាប់ឲ្យអ្នករៀបចំបន្ទប់ រើកាបូប សម្លៀកបំពាក់ ចេញមកទុក នៅខាងក្រៅរបង។

ក្រោយមកនាង ត្រឡប់មកពី តុលាការវិញ ឃើញបែបនេះ ក៏ផ្ទុះជាកំហឹង រើសដុំថ្ម គប់កម្ទេចស្លាក យីហោសណ្ឋាគារ និងបំផ្លិចបំផ្លាញ ស្លាកគណបក្ស អស់ចំនួនពីរ ផ្ទាំងធំៗទៀត ។

មួយសន្ទុះមក ក៏ត្រូវកម្លាំងនគរបាល ក្រុងស្ទឹងត្រែង ចាប់ចញ្ចូល រថយន្ត យកទៅអធិការក្រុង ដើម្បីដោះស្រាយ និងស្វែងរក ឪពុកម្តាយឲ្យ ទទួលយកទៅ អប់រំឡើងវិញ។ តែទោះបីបែបណា នារីម្នាក់ខាងលើនេះ ត្រូវគេសង្ស័យថា នឹងអាចពាក់ព័ន្ធ ធ្លាប់សេពគ្រឿងញៀន រហូតអាចលើសកំណត់ ធ្វើឲ្យនាងនៅ សុខៗ ស្រែកជេរគេឯង ពេលលខ្លះ អង្គុយសើច ក្តែងតែម្នាក់ឯង និងនិយាយ មិនដឹងខុសត្រូវ ថែមទៀត។ ប្រភពព័ត៌មាន មួយផ្សេងទៀត បានបង្ហើបថា នាងត្រូវអំពើរបស់គេ បូករួមនឹង ធ្លាប់ប្រើប្រាស់ថ្នាំញៀន ទើបធ្វើឲ្យនាង កើតទៅជារឿង បែបនេះ។

មន្ត្រីនគរបាលបានប្រាប់ថា នារីខាងលើនេះ មានឈ្មោះ សម ភ័ក្ក្រកញ្ញា អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ កម្រិតវប្បធម៌ ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៅមណ្ឌលអនុវិទ្យាល័យ ទីរួមខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ន និងបម្រើការងារ នៅហាងខារ៉ាអូខេ ពិភពថ្មី ។

មន្ត្រីនគរបាលបានបន្តថា ក្រោយហេតុការណ៍នេះ ជំនាញបានស្រាវជ្រាវ ទំនាក់ទំនង ទៅឪពុកម្តាយរបស់ នាងតាមរយៈទូរស័ព្ទ ហើយឪពុកម្តាយ របស់នាង បានប្រាប់មកវិញថា កូនរបស់គាត់ មានជំងឺសរសៃប្រសាទ និងសុំឲ្យជួយ មើលថែផង មុនពេលពួក គាត់ទៅទទួល យកត្រឡប់មកផ្ទះ វិញនោះ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម