ចោរស្រីដៃឆើត ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់ ទាញពូថៅកាប់ ប៉ងប្លន់យកម៉ូតូ

 
 

បន្ទាយមានជ័យ ៖ ចោរស្រីដៃឆើតម្នាក់ ដើម្បីបំពេញសេចក្ដី ត្រូវការរបស់ខ្លួនលើ ការហូបចុក ព្រោះតែគ្មាន នរណាអាច ពឹងពាក់បាន ក្រោយពីឪពុកម្ដាយ បណ្ដេញចេញពីផ្ទះនោះ ក៏បែកគំនិតរៀបចំ ផែនការប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុប ដោយប្រើប្រាស់ពូថៅ ប៉ុន្ដែ សកម្មភាពមួយនេះ បានបរាជ័យព្រោះតែ ជនរងគ្រោះដឹងទាន់ វាយទប់ទល់ផ្អើលដល់ ប្រជាពលរដ្ឋនិង សមត្ថកិច្ចមូលដ្ឋានចុះមក ជួយអន្ដរាគមន៍ និងចាប់ខ្លួន ។

សកម្មភាពប្លន់មិន បានសម្រេចពីចោរស្រី ម្នាក់នេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ទំនប់កណ្ដាល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។

អធិការនគរបាល ក្រុងសិរិសោភ័ណ លោក ស៊ីវ សុជាតិ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះ សន ឌីសាវ៉េត ហៅថាន អាយុ១៩ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមានជ័យ ដោយធ្វើសកម្មភាព យកពូថៅកាប់ទៅ លើអ្នករត់ម៉ូតូឌុប ឈ្មោះ លឹម សុវណ្ណធី អាយុ៥៤ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ។

លោក ស៊ីវ សុជាតិ បានបន្ដទៀតថា មុនពេលកើតហេតុ ជនល្មើសបានហៅ ជនរងគ្រោះឌុបចេញ ពីផ្សារចំការគ ហៅផ្សារថ្មី លុះពេលធ្វើដំណើរ ដល់ចំណុចទំនប់កណ្ដាល ជាកន្លែងស្ងាត់ផងនោះ ជនល្មើសបានប្រាប់ ឱ្យជនរងគ្រោះឈប់ ដើម្បីរង់ចាំមិត្ដភក្ដិ ស្រាប់តែពេល ជនរងគ្រោះឈប់ ជនល្មើស ក៏ដកពូថៅពីចង្កេះ កាប់ក្បាលពីក្រោយតែ ជនរងគ្រោះក្រឡេក ឃើញទាន់ ក៏ផ្ដួលម៉ូតូរត់ ។

លោកអធិការបានបន្ដថា ពេលដែលជន រងគ្រោះរត់គេចខ្លួន ដើម្បីអាយុជីវិតនោះ ជនល្មើសបានដេញ កាប់ពីក្រោយ តែជនរងគ្រោះ រើសបានដំបងឫស្សី វាយជនល្មើសចំស្មា និងចំកញ្ចឹងក រហូតមានការ ប្រតាយប្រតប់ ហើយយក បានពូថៅពីជន ល្មើសវិញពេល នោះប្រជាពលរដ្ឋ នៅក្នុងភូមិ បានផ្អើលឆោឡោ ចេញមកជួយអន្ដរាគមន៍ ហើយទាក់ទងទៅ សមត្ថកិច្ចចុះ មកចាប់ខ្លួន ដើម្បីកសាង សំណុំរឿង តាមនីតិវិធី បញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ។

ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ក្រោយការសួរនាំ ជនសង្ស័យដែលតែង ខ្លួនធ្វើប្រុស ដោយសារតែ ខូចខិលពេកក៏ត្រូវ បានឪពុកម្ដាយដាច់ចិត្ដ បណ្ដេញចេញពីផ្ទះ។ ក្រោយពីត្រូវ ឪពុកម្ដាយបណ្ដេញ ចេញពី ផ្ទះរួចមក ដោយគ្មានទីពឹង ជននេះបានដើរ សុំរស់នៅជាមួយ អ្នកជិតខាង និងមនុស្ស ស្គាល់គ្នា ប៉ុន្ដែដោយធុញថប់ និងគិតអ្វីមិនចេញ ស្រាប់តែបែកគំនិត យកពូថៅរបស់អ្នកជិតខាង ក្បែរផ្ទះខ្លួនស្នាក់នៅ ទៅហៅម៉ូតូឌុបជិះ ចេញពីទីប្រជុំជន យកទៅកន្លែងស្ងាត់ ដើម្បី ប្លន់យកម៉ូតូ តែត្រូវបាន សមត្ថកិច្ចរបស់លោក និងប្រជាពលរដ្ឋ ជួយអន្ដរាគមន៍ ទាន់ពេលវេលា ។

តាមលោកស្នងការ ជនសង្ស័យដែលបាន ធ្វើសកម្មភាពល្មើសមួយនេះ គឺដើម្បីបំពេញ បញ្ហាក្រពះរបស់ខ្លួន ។ ដោយមានការ ឯកភាពពី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដ បន្ទាយមានជ័យ លោក ផាន់ ភីរម្យ នគរបាលក្រុងសិរិសោភ័ណ បានបញ្ជូនជននេះ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម