រថយន្ត​ដឹក​អ្នកដំណើរ​«ក្រុមហ៊ុន​លី​ហុង» ​ហោះ​បុក​ខឿន​ប្រព័ន្ធ​លូ​ កណ្ដាល​យប់ ​ស្លាប់​១​របួសធ្ងន់​ស្រាល​២៥​នាក់ ​ដោយសារ​តៃកុង ​ដេក​លក់

 
 

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់អ្នកដំណើរ២៥នាក់បានរងរបួសធ្ងន់-ស្រាល និងស្ត្រីម្នាក់បានស្លាប់ ដោយសារ រថយន្តដឹក អ្នកដំណើរ មួយគ្រឿងជ្រុល ចង្កូតធ្លាក់ចេញពីផ្លូវ ហោះទៅបុកថ្ម បេតុងប្រព័ន្ធលូរបង្ហូរ ទឹកទាំងកំរោល កាលពីវេលាម៉ោង២ និង២៥នាទីរំលង អាធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិ អូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលគេសង្ស័យ ថា បណ្ដាលមកពី អ្នកបើកបរដេក លក់មួយភាំងពេលកំពុង កាន់ចង្កូតរថយន្ត ។

មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរនោះរបស់ក្រុមហ៊ុន «លីហុង» ដែលពាក់ ស្លាកលេខភ្នំពេញ 3B-6159 ដោយដឹក អ្នកដំណើរពេលយប់ ពីភ្នំពេញឆ្ពោះទៅ ក្រុងប៉ោយប៉ែត ។ មន្ត្រីដដែលបញ្ជាក់ថា ពេលកំពុងធ្វើ ដំណើរស្រាប់តែ រថយន្តនេះ រេចង្កូតទៅ ខាងស្ដាំដៃធ្លាក់ ប្រឡាយ បុកនឹងខឿនបេតុង ប្រព័ន្ធលូខាងមុខ ផ្ទះអ្នកស្រុក ពេញទំហឹង បណ្ដាលឲ្យអ្នក ដំណើរម្នាក់ឈ្មោះអំ អូន ភេទស្រី អាយុ៤១ឆ្នាំ នៅក្រុងកំពង់ឆ្នាំង ស្លាប់ភ្លាមៗដោយ កៀបជាប់ក្នុងរថយន្ត ខណៈអ្នកដំណើរ ចំនួន២៥នាក់ ទៀតរងរបួស ក្នុង នោះ មាន៣នាក់ រងរបួសធ្ងន់ ។

គ្មានប្រភព ឬសាក្សីណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យរថយន្តដឹក អ្នកដំណើរខាងលើ នេះជួបគ្រោះថ្នាក់នោះទេ ប៉ុន្តែបើ តាមការអះអាង ពីអ្នកដំណើរជិះក្នុង រថយន្តនោះថា មិនមានឧបស័គ្គណាមួយ ដែលនាំឲ្យរថយន្ត នេះរេចង្កូតធ្លាក់ ចេញពី ផ្លូវនោះទេ ។ ប្រភពដដែល និយាយថា ពេលកំពុងធ្វើដំណើរ លើផ្លូវត្រង់សុខៗ ស្រាប់តែរថយន្ត រេចង្កូតចេញពី ផ្លូវភ្លាមរំពេច ដែលគេសន្និដ្ធានថា មកពី អ្នកបើកបរ ដេកលក់មួយភាំង បណ្តាលឱ្យរថយន្ត បានហោះទាំងកំរោល ចូលក្នុងប្រឡាយ ហើយឆ្លងទៅ បុកកំទេចបេតុង ថ្មប្រព័ន្ធលូទឹក ហើយកៀបជាប់ ស្ត្រីម្នាក់ស្លាប់ភា្លមៗ តែម្ដង រីឯអ្នកបើកបរ និងអ្នកដំណើរ នៅក្នុងរថយន្តជាង ពាក់បណ្ដាលបាន រងរបួសធ្ងន់ និងស្រាល ។

លោកម៉ែន បូរី នាយផ្នែកចរាចរណ៍ខេត្តបានឲ្យដឹងដែរថា រថយន្តដឹកអ្នកដំណើរដែលជួបគ្រោះថ្នាក់ នេះ ត្រូវគេសង្ស័យភាគ ច្រើនគឺបង្ក ឡើង ដោយអ្នកបើកបរ ដែលដេកលក់ ពេលខ្លួនកំពុង កាន់ចង្កូតរថយន្ត ។ អ្នកបើកបររូបនេះមិន បានគិតគួរ អំពីជីវិត អ្នកដំណើរជាង ៤០នាក់នៅ ក្នុងរថយន្តរបស់ខ្លួនទេ ។ លោកថា កម្លាំងរបស់ការិយាល័យ ចរាចរណ៍ខេត្ត និងកម្លាំងជំនាញ ស្រុកសង្កែ បានចុះអន្តរាគមន៍ ជួយដឹកជញ្ជូន ជនរងគ្រោះទាំងយប់ ទៅកាន់មន្ទីរពេទ្យ និងដឹកជនរងគ្រោះ ដែលស្លាប់ទៅកាន់ លំនៅឋាននៅ ខេត្តកំពង់ឆ្នាំង រីឯរថយន្ត បង្កនោះក៏ត្រូវបាន កម្លាំងជំនាញនាំយក មកកាន់ការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់ដែរ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម