អ្នកគ្រូ ផល្លា នឹងត្រឡប់ មកដល់ កម្ពុជាវិញ នៅព្រឹកនេះ ជាមួយ អារម្មណ៍សោកស្តាយ

 
 

ភ្នំពេញ៖ អ្នកគ្រូ នាង ផល្លា បេក្ខភាពគ្រូឆ្នើមពិភពលោក ១០រូបចុងក្រោយ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃ ស្អែក ជាមួយអារម្មណ៍ សោកស្តាយបន្តិចបន្តួច ដែលមិនអាចដណ្តើមបានពានរង្វាន់ គ្រូឆ្នើមពិភពលោក តាមទំហំទឹកចិត្ត នៃការគាំទ្ររបស់ពលរដ្ឋកម្ពុជា។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥ នេះថា តាមការគ្រោងទុកអ្នកគ្រូ នាង ផល្លា នឹងត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោងប្រមាណ ១០ និង១៥នាទី ព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥។

អ្នកទំនាក់ទំនងកិច្ចការសាធារណៈ នៃអង្គការគ្រួសារថ្មី កញ្ញា Sarah Mugnier បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ដំណើរ និវត្តរ៍ របស់ អ្នកគ្រូ ផល្លា នឹងមានការអញ្ជើញទទួលពីលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជន កម្ពុជា លោក សំហេង បុរស ប្រធានសហភាពសហព័ន្ធ យុវជនក្រសួងសង្គមកិច្ច ហើយក៏មានការចាំទទួល ដំណើរផងដែរ ពីលោកគ្រូ អ្នកគ្រូ និងសិស្សៗ ក្នុងអង្គការគ្រួសារថ្មី និងក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ និងយុវជកាកបាទ ក្រហមផងដែរ សរុបជិត ៦០០នាក់។

ពីទីក្រុងឌូបៃ អ្នកគ្រូ ផល្លា បានថ្លែងថា អ្នកគ្រូ មានការសោកស្តាយខ្លះដែរ ដែលមិនអាចដណ្តើម យកពានរង្វាន់ គ្រូឆ្នើមពិភពលោក សម្រាប់ កម្ពុជា។ អ្នកគ្រូ ក៏បានឲ្យដឹងផងដែរថា មិនត្រឹមតែអ្នកគ្រូទេ ដែលសោកស្តាយ នៅមានអ្នកចូលរួមជាច្រើនផ្សេងទៀត ក៏សម្តែងការសោកស្តាយ ជាមួយអ្នកគ្រូផងដែរ។ តែទោះជាយ៉ាងណា ការជាប់ជាបេក្ខភាពគ្រូឆ្នើម ១០រូបចុងក្រោយ អ្នកគ្រូ ក៏បានទទួល មេដាយកិត្តិយសមួយ និង ប័ណ្ណសរសើរមួយសន្លឹកពីកម្មវិធី ហើយអ្នកគ្រូទទួល ឱកាសចូលរួមសិក្ខាសា លាអន្តរជាតិពាក់ព័ន្ធ ការអប់រំជាច្រើនផ្សេងទៀត។

ទោះបីមិនបានទទួលជ័យលាភីគ្រូឆ្នើម តែអ្នកគ្រូ ផល្លា បានបញ្ជាក់ថា អ្នកគ្រូនៅតែមានអារម្មណ៍ សប្បាយរំភើបរីករាយ ចំពោះការគាំទ្រ និងផ្តល់កម្លាំងចិត្តយ៉ាងច្រើន កុះករពីប្រជាពលរដ្ឋខ្មែរ។ អ្នកគ្រូ ផល្លា បានបង្ហាញនូវទឹកចិត្ត មុះមុតប្រកបដោយឆន្ទៈថា អ្នកគ្រូនៅតែបន្ត បេសកកម្ម ដែលបានអនុវត្តជាង ២០ឆ្នាំកន្លងមកនេះដដែល ក្នុងការ បណ្តុះបណ្តាលបង្ហាត់បង្រៀនកុមារពិការ និង គ-ថ្លង់ ឲ្យពួកគេ ទទួលបាន ចំណេះដឹងដូចកុមារដទៃទៀត។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌ បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូ អត់ធ្មត់ជាមួយ ការតាំងចិត្ត និងប្តេជ្ញាចិត្ត ដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និង គ ថ្លង់នោះទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេស នៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលមានអ្នក ចូលរួមរាប់រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យ មនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយ ដឹងកាន់តែច្បាប់ថា កម្ពុជា បាននិងកំពុងយក ចិត្តទុកដាក់ខ្លាំងទៅ លើវិស័យ ពិការភាព ដែលជាឧបសគ្គមួយក្នុងការ អភិវឌ្ឍសង្គមជាតិ។

លោក ឯម ច័ន្ទមករា បានថ្លែងថា អ្នកគ្រូ នាង ផល្លា បាននាំនូវកិត្តិយសបន្ថែមទៀតសម្រាប់កម្ពុជា ទៅលើឆាក អន្តរជាតិ និងបានធ្វើឲ្យ ពិភពលោកបានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាន នៃការអប់រំនៅកម្ពុជា។ លោកបន្តថា អ្នកគ្រូ ផល្លា ជានិមិត្តរូប ដ៏ល្អបំផុតសម្រាប់ការ អប់រំដល់កុមារពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភា ពជនពិការវ័យក្មេងរូបនេះ បានបញ្ជាក់ថា «យើងខ្ញុំសូម សម្តែងការគាំទ្រ និង គោរពដឹងគុណចំពោះអ្នកគ្រូ នាង ផល្លា ដែលបានខិតខំប្រឹងប្រែង បំពេញតួនាទីជាអ្នកគ្រូ ដ៏ល្អសម្រាប់ប្អូនៗពិការ នៅក្នុងអង្គការគ្រួសារថ្មី ជាអង្គការដំបូងបង្អស់ផ្តល់ ការអប់រំ ដល់ កុមារពិការ រួមមានកុមារពិការភ្នែក ពិការ គ-ថ្លង់ ។ល។ យើងខ្ញុំពិតជាមានមោទនភាព ចំពោះអ្នកគ្រូ នាង ផល្លា ដែលបាននាំនូវ កិត្តិយស បន្ថែមទៀត របស់កម្ពុជា ទៅលើឆាកអន្តរជាតិ និង បានធ្វើឲ្យពិភពលោក បានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាន នៃការអប់រំរបស់កម្ពុជា»។

សូមបញ្ជាក់ថា ដើម្បីជាការលើកចិត្ត និង បង្ហាញនូវការគាំទ្រចំពោះអ្នកគ្រូ ផល្លា ដែលបានលះបង់កម្លាំងកាយចិត្ត សម្រាប់កុមារពិការភ្នែក និង គ-ថ្លង់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់មេដាយកិត្តិ យសថ្នាក់មហាសេរីវឌ្ឍន៍ និង ប្រាក់រង្វាន់ ១០០លានរៀល ជូនដល់អ្នកគ្រូ។ ពិធីប្រគល់នេះ នឹងធ្វើក្នុងមហាសន្និ បាទបូកសរុបការងាររបស់ក្រសួងអប់រំ នាពេលឆាប់ៗខាងមុខនេះ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម