ជន​ស្ទាវ​៣នាក់​ខ្លាំង​ដូច​តោ​ បាញ់​រះ​ដោយ​កាំភ្លើង AK-47 ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (UPDATE)

 
 

រាជធានីភ្នំពេញ ៖ ស្នូរបាញ់រះយ៉ាងសាហាវប្រមាណជិត២០គ្រាប់ដោយកាំភ្លើងអាកា ដូចក្នុងខ្សែភាពយន្ត បានធ្វើឱ្យមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ញ័រកក្រើកកណ្តាលរាត្រី ឈានចូលថ្ងៃទី១៥ មីនា ។ ហេតុការណ៍បាញ់រះនេះ បានកើតឡើង នៅពេលដែលជនប្រដាប់អាវុធ មួយក្រុម មានគ្នា៣នាក់ បានជិះរថយន្តទំនើប ម៉ាកឡិចស៊ីស ៥៧០មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែងម៉ាកអាកា៤៧ គ្រប់ដៃ បានបាញ់ស្រោច លើមជ្ឈមណ្ឌលកម្សាន្តរ៉ក់ បណ្តាលឱ្យមាន ការអន្តរាយយ៉ាងដំណំ ដោយសារតែ ការតុបតែង ក្លិបរាត្រីដ៏ធំនេះ លម្អដោយកញ្ចក់ចម្រុះពណ៌ ។

ករណីបាញ់ប្រហារដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ការបាញ់រះនេះ សមត្ថកិច្ចរកឃើញ សម្បកគ្រាប់ចំនួន១១ ប៉ុន្តែសន្តិសុខទីនោះ និយាយថា ការបាញ់នេះ ប្រមាណជា១៧គ្រាប់ឯណោះ ។

ប្រភពព័ត៌មាននានាបានឱ្យដឹងថា ក្រុមជនប្រដាប់អាវុធ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលទាំង៣នាក់នេះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយគឺ ១-ឈ្មោះ ទូ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ក្រិម ភេទប្រុស អាយុ៣០ឆ្នាំ និង៣-ឈ្មោះ ឡាន់ អាយុ៣២ឆ្នាំ ដែលសុទ្ធតែជាឈ្មោះសម្រាប់ហៅក្រៅប៉ុណ្ណោះ ។ ពួកគេបានជិះរថយន្តឡិចសុីស៥៧០ ពណ៌ស មួយគ្រឿងចូលទៅបង្ករឿង រួចនាំគ្នា ឡើងជិះរថយន្ត គេចខ្លួនពីកន្លែងកើតហេតុ ដោយសុវត្ថិភាពបាត់ទៅ បន្ទាប់ពីពួកគេបានវាយបុរសម្នាក់ ដែលជាអតីតគូទំនាស់ ឈ្មោះ ទេព សុវណ្ណដារ៉ា ហៅចាប អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាល បម្រើការនៅការិយាល័យ អន្តរាគមន៍រាជធានីភ្នំពេញ ដោយវាយចំនួន ២ ស្នាប់កាំភ្លើងខ្លី បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះ និងគ្នីគ្នាមួយក្រុមមានប្រុស មានស្រី បាននាំគ្នាចូលទៅច្រៀងខារ៉ាអូខេក្នុងបន្ទប់លេខ២៥១ នៃមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ស្រាប់តែលេចមុខ ក្រុមជនបង្កទាំង៣នាក់ខាងលើ នាំគ្នាមកគោះទ្វារបន្ទប់ខារ៉ាអូខេនោះ ។ ពេលឮសំឡេងគោះទ្វារនោះ ឈ្មោះ ទេព សុវណ្ណដារ៉ា ក៏ចេញមកបើកទ្វារ ហើយត្រូវក្រុមជនទាំងនោះ ប្រាប់ឱ្យឈ្មោះ ឡុញ សំណាង ចេញមកក្រៅ ដើម្បីនិយាយគ្នាពីរឿងដែលជនម្នាក់នេះ បានទះកំផ្លៀងឈ្មោះ ក្រិម ជាបក្សពួករបស់គេ កាលពីយប់ថ្ងៃទី១១ មីនា កន្លងមក នៅក្នុងមណ្ឌលកម្សាន្តរ៉ក់នេះ ។

ពេលដែលគូភាគីទាំងពីរ កំពុងនិយាយគ្នា មិនបានប៉ុន្មានម៉ាត់ផង ឈ្មោះ ក្រិម បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក មួយដើមពីចង្កេះ វាយទៅលើក្បាលឈ្មោះ សុវណ្ណដារ៉ា ចំនួនពីរដង បណ្តាលឱ្យបែក និងហូរឈាមស្រោចខ្លួន ។

ក្រោយពេលជនបង្កធ្វើសកម្មភាព វាយក្បាលបែកហើយ ក្រុមជនរងគ្រោះក៏បាន ស្រែកឆោឡោឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ពេលមានការភ្ញាក់ផ្អើលហើយនោះ បុរសជាបក្ខពួកក្រុមជនបង្កម្នាក់ ឈ្មោះ ទូ បានរត់ចេញ មកក្រៅរួចខ្លួន ចំណែកបក្ខពួករបស់គេ ពីរនាក់ទៀត ត្រូវបានក្រុមសន្តិសុខបិទទ្វារ ជាប់នៅខាងក្នុង មិនអាចចេញរួចទេ ។

តាមប្រភពដដែល បានប្រាប់ទៀតថា ពេលដែលដឹងថា បក្ខពួករបស់គេទាំងពីរនាក់ទៀត ត្រូវក្រុមសន្តិសុខបិទទ្វារ ជាប់នៅខាងក្នុងនោះ ឈ្មោះ ទូ បានរត់សំដៅទៅរថយន្តរបស់ខ្លួន យកកាំភ្លើងអាកា ៤៧មួយដើម មកឈរជំទែងយ៉ាងស្ទាត់ជំនាញ បាញ់រះជាច្រើនគ្រាប់ ស្រោចទៅលើទ្វារកញ្ចក់ក្នុងចេតនារំដោះបក្ខពួក របស់ខ្លួនពីរនាក់ទៀត ដែលជាប់ក្នុងនោះ ។ ពេលបាញ់រះលាន់ កក្រើកមួយចំហៀងក្រុងនោះ អ្នកណាៗក៏រត់គេចរកកន្លែងពួនដែរ ជាឱកាសឱ្យបក្ខពួក ២នាក់ ដែលជាប់ក្នុងក្លិប អាចរត់ចេញមកក្រៅវិញ បានដោយសុវត្ថិភាព រួចនាំគ្នាឡើងជិះរថយន្ត គេចខ្លួនពីទីនោះទៅបាត់ ដោយបន្សល់ទុក តែបុរសជាគូបដិបក្ខរងគ្រោះ និងការភ្ញាក់ផ្អើល ។

លុះព្រឹកឡើង កម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវរកឃើញ រថយន្តឡិចស៊ីស៥៧០ អត់ស្លាកលេខ របស់ក្រុមជនទាំង៣នាក់ ដែលបើកយកទៅចតទុកចោលនៅក្នុងបុរីពិភពថ្មី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកកាំភ្លើងអាកា៤៧មួយដើម ដែលពួកគេប្រើ សម្រាប់បាញ់រះនោះ ត្រូវគេយកទៅលាក់ ក្នុងរោងម៉ាស៊ីនភ្លើងក្បែរនោះដែរ ។ ក្រោយពីកម្លាំងសមត្ថកិច្ច បានរកឃើញ រថយន្តនិងកាំភ្លើងអាកា៤៧នេះរួចមក សមត្ថកិច្ចកំពុង តែតាមស្រាវជ្រាវស្វែងរក ចាប់ខ្លួន ក្រុមជនបង្កទាំង៣នាក់ ដែលកំពុងតែ រត់គេចខ្លួននៅឡើយ ទំនងចាប់ខ្យល់ទៀតហើយ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម