ស្ទាក់​ចាប់​បាន​រថយន្ត​អង្គការ​អភិរក្ស ​ព្រៃឈើ​ដែល​ជំរិត​ទារ​ប្រាក់ ​ហើយ​ប្លន់​យក​ឈើ​ម្ចាស់​សិប្បកម្ម ​មួយ​កន្លែង​នៅ​ស្រុក​សំឡូត

 
 

ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថា ស្ថានប័នខ្លួន និងមន្ត្រីបរិស្ថានបានស្ទាក់ចាប់   រថយន្តម៉ាកកូរ៉ូឡា១គ្រឿងរបស់ អង្គការអភិរក្សព្រៃឈើ ដែលសំបូរទៅ ដោយរឿង អាស្រូវមួយប្រចាំខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៥ លើ កំណាត់ ផ្លូវមួយកន្លែងក្នុងភូមិអូរតាទាក ឃុំតាតោក ស្រុកសំឡូត បន្ទាប់ពីម្ចាស់ សិប្បកម្មឈើមួយកន្លែង បានប្ដឹងចោទប្រកាន់ថា មន្ត្រី អង្គការនោះ បានជំរិតទារប្រាក់ពីខ្លួន យកអស់ជិត៩០ម៉ឺនរៀល ហើយប្លន់យកពក ឈើបេងដែលមាន តំលៃមួយដុំធំទៀត ។

មន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់ថា រថយន្តម៉ាកកូរ៉ូឡានោះពណ៌ឈាមជ្រូក ពាក់ស្លាលេខ ភ្នំពេញ 2H- 9421 បើកបរដោយ ឈ្មោះស្រស់ វីរៈ ជាអនុប្រធាន ស្នាក់ការអង្គការ «ការពារ និងអភិរក្សសត្វព្រៃ ឈើ ជលផលកម្ពុជា» សាខាប្រចាំ ខេត្តបាត់ដំបង និងអ្នករួមដំណើរ ម្នាក់ ឈ្មោះនេត្រ សំអុល ហៅកូយ ជាមន្ត្រីយោធាភូមិភាគ៥ ។ មន្ត្រីដដែលនិយាយថា ក្រុមអង្គការនេះ ត្រូវម្ចាស់សិប្បកម្ម ម្នាក់ឈ្មោះយ៉ុង ផុន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ប្ដឹងចោទថា បានទៅជំរិតទារ ប្រាក់ពីខ្លួនចំនួន ៩០ម៉ឺនរៀល ហើយប្លន់យក ពកឈើបេង១ ដុំធំរបស់គាត់ទៀត ។

មន្ត្រីព្រៃឈើដដែលបញ្ជាក់ថា ក្រោយពីទទូលបានព័ត៌មាននេះ កម្លាំងរដ្ធបាលព្រៃឈើសំឡូតសហការ ជាមួយកម្លាំងបរិស្ថាន ចេញ អន្តរាគមន៏ ស្ទាក់ចាប់បានតែម្ដង ប៉ុន្តែឈ្មោះស្រស់ វីរៈ និងឈ្មោះនេត្រ សំអុល ដែលរួមដំណើរ បានបើកទ្វារត់ ចេញពីឡានភ្លាមៗដែរ ពេលបើកមកដល់ គោលដៅដែល កម្លាំងចាំស្ទាក់ចាប់ ។

ដើមបណ្ដឹងឈ្មោះយ៉ុង ផុន ជាម្ចាស់សិប្បកម្មត្រូវគេស្រង់សំដីថា ឈ្មោះស្រស់ វីរៈ និងគួរកនម្នាក់ទៀត ឈ្មោះកូយ ដែលអះអាងថា ខ្លួនជា មន្ត្រីអង្គការការពារ ព្រៃឈើស្អីគេនោះ… បានបើកឡាន ចូលមកកន្លែង សិប្បកម្មរបស់ខ្លួន រួចសួរនាំរកច្បាប់ទម្លាប់ ។ លុះគាត់យកមក បង្ហាញ ស្រាប់តែកោស រូសរកលុយកាក់ ពីគាត់ទៀត ។ បុរសនេះនិយាយថា ឈ្មោះវីរៈ បាននិយាយ គំរាមគាត់គ្រប់បែបយ៉ាង ដើម្បី ទាមទារ លុយពីគាត់ ដែលបង្ខំឲ្យគាត់បង់ ប្រាក់ចំនួន៩០ម៉ឺនរៀល ជាថ្នូរឈប់មករំខាន មុខរបគាត់ទៀត ។ គាត់និយាយថា ដោយសារជ្រក់ ជ្រិញ ពេកគាត់ ក៏បង្ខំចិត្តប្រគល់លុយ ៩០ម៉ឺននោះឲ្យ តែពេលបានលុយដល់ដៃ ស្រាប់តែជនទាំង ២នាក់នោះចាប់លើក ពកឈើបេង ដ៏មានតំលៃ របស់គាត់១ ដុំទម្ងន់ជាង៦០គីឡូក្រាម ដាក់ចូលក្នុងគូថឡាន ហើយបើកចេញ យ៉ាងលឿន ទៅបាត់ បើទោះជាគាត់រត់ តាមទារ យកមកវិញ ក៏ពួកគេមិន ងាកមើលដែរ ទើបគាត់រាយការណ៍ ទៅមន្ត្រីព្រៃឈើឲ្យ ជួយស្ទាក់ចាប់តែម្ដងទៅ ។

តាមប្រពភព័ត៌មានពីស្រុកសំឡូតបានឲ្យដឹងថា ឈ្មោះស្រស់ វីរៈ និងគូកនដែលអះអាងថា ពួកខ្លួនជា មន្ត្រីអង្គការការពារ ព្រៃឈើខាងលើ នេះ គេតែងឃើញស្នាក់ ជាប្រចាំនៅផ្ទះ មេភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ ក្រុមនេះតែងចេញ ស្ទាក់ចាប់ឡាន ដឹកឈើ ដឹកអុស ដឹកធ្យូង ជំរិតទារប្រាក់ មិនថាយប់ឬថ្ងៃទេ ពាសពេញ តំបន់ស្រុកសំឡូត ។ ប្រភពដដែលបញ្ជាក់ថា ក្រោយពីជិះឡាន ល្បាតស្ទាក់ជំរិត ទារប្រាក់ពី អ្នកដឹកបទល្មើស ព្រៃឈើខាងលើ ក្រុមនេះក៏តែងជិះឡាន ដើរជម្រិញជំរិតទារប្រាក់ ពីតាមរោងសិប្បកម្ម កែច្នៃឈើនានា ក្នុងស្រុកសំឡូតរាល់ថ្ងៃដែរ មិនថាសិប្បកម្ម មានច្បាប់ ឬគ្មានច្បាប់នោះទេ ។ ប៉ុន្តែបើតាមប្រភព ដែលស្និទ្ធនឹង ឈ្មោះស្រស់ វីរៈ នេះបាន ប្រាប់ «កោះសន្តិភាព» ថា កាតសម្គាល់ខ្លួន ក្នុងអង្គភាពអង្គការការពារ ព្រៃឈើនោះអស់ សុពលភាព ច្រើនខែហើយ ។

ទោះជាបែបណា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំឡូតបានបញ្ជាក់ថា ពួកគេបានរៀបចំសំណុំរឿងបញ្ជូន ទាំងរថយន្ត និងវត្ថុតាង ដែលបានរឹប អូស ទៅកាន់ខណ្ឌរដ្ឋបាល ព្រៃឈើបាត់ដំបងហើយ ដើម្បីបញ្ជូនបន្ត ទៅតុលាការចាត់ការ តាមនិតិវិធីច្បាប់ហើយ បើទោះជាជនសង្ស័យ ទាំង២នាក់កំពុងរត់ចោលស្រុកក្ដី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម