វៀតណាម​សរសើរ​រថយន្ត​ស្នាដៃ​កូន​ខ្មែរ ដោយ​បង្អាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ស្រុក​

 
 

រថយន្ត​អង្គរ​របស់​កូនខ្មែរ កំពុង​មាន​ភាព​ល្បី​រន្ទឺ​ពេញ​ឆាក​អន្តរជាតិ ដោយ​ថ្មី​ៗ​នេះ​សូម្បី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​កម្ពុជា ក៏​សរសើរ​និង​ក៏​ភ្ញាក់​ផ្អើល​ណាស់​ដែរ ដែល​ដឹង​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​ដោយ​ខ្លួន​ឯង។

តាម​រយៈ​សារព័ត៌មាន​វៀតណាម​ម thanhniennews ដែល​បាន​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់​នៅ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​វៀតណាម​មាន​ធនធាន​មនុស្ស​ជំនាញៗ​​ជា​​ច្រើន​ និង​មាន​ឧស្សាហកម្ម​រថយន្ត​ដើរ​មុន​ប្រទេស​កម្ពុជា ប៉ុន្តែ​វៀតណាម​អាច​និយាយ​បាន​ថា នៅ​ដើរ​ពីក្រោយ​ប្រទេស​កម្ពុជា សម្រាប់​សមត្ថភាព​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​។ ជាក់ស្តែង ​រថយន្ត​អង្គរ​ EV 2014 ដែល​ជា​សមិទ្ធផល​របស់កូន​ខ្មែរ ​និង​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ​​​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប អាច​ឆ្លុះ​បង្ហាញ​​ឲ្យ​ឃើញ​ពី​ភាព​​អាម៉ាស់​មួយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​​ប្រទេស​វៀតណាម ដែល​គ្មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​ដូច​នេះ​បាន។

ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ និង​សឹង​មិន​គួរ​ឲ្យ​ជឿ​ពី​ព័ត៌មាន​ដែល​កូន​ខ្មែរ​មាន​សមត្ថភាព​អាច​​ផលិត​រថយន្ត​ដ៏​ទំនើប​ដោយ​ខ្លួន​ឯង បើ​ទោះ​បី​ប្រឈម​កត្តា​ធនធាន​មនុស្ស​និង​ហិរញ្ញវត្ថុ​ ​ដែល​នេះ​ធ្វើ​ឲ្យ​​ពិបាក​ជឿថា​សមិទ្ធផល​​ដ៏​អស្ចារ្យ​​នេះ​អាច​ចេញ​រួច។

Angkor EV 2014 ដែល​ជា​រថយន្ត​ជំនាន់​ទី ៥ ស្នាដៃ​របស់​កូន​ខ្មែរ​គឺ​លោក ញាន ផល្លឹក​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយសារ​តែ​រថយន្ត​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​ដ៏​ទំនើប​គឺ​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​អាច​បញ្ជា​តាម​រយៈ​ទូរសព្ទ​មិន​ចាញ់​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ។

យ៉ាង​ណា​តាម​រយៈ​សារព័ត៌មាន​ដដែល​នោះ ក៏​មាន​ការ​សង្ស័យ​ពី​រថយន្ត​របស់​កូន​ខ្មែរ​នេះ ថា​កើត​ចេញ​ពី​ការ​សហការ​រវាង​ផលិតករ​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស ដោយ​ពួកគេ​មើល​ឃើញ​លទ្ធភាព​និង​សមត្ថភាព​របស់​កម្ពុជា​ នៅ​មិន​ទាន់​អាច​ផលិត​រថយន្ត​ដ៏​ទំនើប​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។

តាម​ការ​បញ្ជាក់​របស់​លោក ញាន ផល្លឹក​បាន​ឲ្យ​ដឹង​ថា រថយន្ត​អង្គរ​ជា​ស្នាដៃ​ផ្ទាល់​របស់​លោក​ទាំង​ការ​រចនា​រូបរាង​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នានា។ យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា​គ្រឿង​បន្លាស់​មួយ​ចំនួន​ក្នុង​ការ​ផលិត​រថយន្ត​នេះ​ លោក​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស និង​មួយ​ចំនួន​កែច្នៃ​ពី​ផលិតផល​ក្នុង​ស្រុក ដើម្បី​សម្រេច​បាន​រថយន្ត​ដ៏​ប្រណីត​នេះ។

By Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម