ពិត​ជា​នឹក​មិន​ដល់​មែន ស្រី​ស្អាត​អង្គរ​សង្ក្រាន្ត ជា​អ្នក​គាំទ្រ​បាល់​ទាត់​ងប់ងុល​ម្នាក់!

 
 

នៅ​ប្រទេស​រីកចម្រើន​លើ​កីឡា​បាល់​ទាត់ មិន​ចម្លែក​ទេ​ដែល​មាន​ស្រី​ស្អាត​ជា​អ្នក​គាំទ្រ ប៉ុន្តែ​នៅ​ប្រទេស​យើង មិន​មែន​ជា​រឿង​សាមញ្ញ​ពេក​ឡើយ ខណៈ​តារា​សម្ដែង​ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​កម្មវិធី “អង្គរ​សង្ក្រាន្ត២០១៤ ” កញ្ញា ចន្ធី វល័ក្ខ ប្រាប់​ថា​នាង គឺ​ជា​អ្នក​គាំទ្រ​បាល់​ទាត់​ងប់ងុល​ម្នាក់។ តើ​តារា​ស្រី​វ័យ ១៩​ឆ្នាំ​នេះ ជា​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​មួយ​ណា?

កញ្ញា ចន្ធី វល័ក្ខ បើក​កកាយ​រឿង​នេះ​ជាមួយ Sabay។ កញ្ញា ថ្លែង​ឲ្យ​ដឹង​ថា សម្រាប់​ក្រុម​បាល់​ទាត់​ក្នុង​ស្រុក គឺ​កញ្ញា​ស្រឡាញ់​គាំទ្រ​ក្រុម​កីឡា​បាល់​ទាត់​ចម្ការ​កៅស៊ូ​បឹង​កេត និង​ក្រុម​ភ្នំពេញ​ក្រោន។ ដូច្នេះ​ហើយ​ពេល​ក្រុម​ទាំង​ពីរ​នេះ​ប្រកួត​ម្តង​ៗ កញ្ញា តែង​តែ​ឆ្លៀត​ពេល​ពី​ការងារ​សិល្បៈ និង​ការ​សិក្សា​ទៅ​ស្តាត​ទស្សនា​ការ​ប្រកួត​របស់​ពួក​គេ​ជា​និច្ច។

ដោយ​ឡែក​នៅ​លីក​កំពូល​ប្រទេស​អង់គ្លេស​វិញ ក្រុម​មេនឆេស្ទ័រ​យូណាយ​ធីត ដែល​មាន​រហ័ស​នាម​បិសាច​ក្រហម គឺ​ជា​ក្រុម​សំណព្វ​ចិត្ត​របស់​កញ្ញា។ កញ្ញា វល័ក្ខ លើក​ឡើង​ថា “ខ្ញុំ​ចាប់​ផ្តើម​ស្រឡាញ់​គាំទ្រ​បិសាច​ក្រហម តាំង​ពី​ខ្ញុំ​មាន​អាយុ ១៥​ឆ្នាំ​បង ឥឡូវ​១៩​ឆ្នាំ​ហើយ​បង…!”។

វិល​មក​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​កញ្ញា​គាំទ្រ​ក្រុម​បិសាច​ក្រហម? តារា​សម្ដែង​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​រូប​នេះ ប្រាប់​ថា មក​ពី​បិសាច​ក្រហម គឺ​ជា​ក្រុម​ខ្លាំង ហើយ​បន្ថែម​ពី​លើ​នេះ កញ្ញា​ក៏​មាន​កីឡាករ​សំណព្វ​របស់​កញ្ញា ស្ថិត​ក្នុង​ក្រុម​នេះ​ដែរ គឺ​ខ្សែ​ប្រយុទ្ធ​កូន​ពីរ Wayne Rooney។

មែន​ហើយ​បិសាច​ក្រហម​ជា​អតីត​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង​មួយ​របស់​ពិភព​លោក​ពេល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក អាឡិច ហ្វើគូសុន ដោយ​ធ្លាប់​ឈ្នះ​ជើង​ឯក​រាប់​មិន​អស់​ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ ហើយ​រដូវ​កាល​ខ្លះ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​ដល់​ទៅ​៣​ថែម​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ក្រុម​នេះ បាន​ធ្លាក់​ចុះ​ដុន​ដាប​ក្នុង​រជ្ជកាល​របស់​លោក David Moyes។

បិសាច​ក្រហម បាន​បាត់​ឱកាស​ទៅ​លេង​ក្នុង​កម្មវិធី​យូហ្វា​ឆេមពាន​លីក​លើក​ដំបូង​នៅ​រដូវ​កាល​ក្រោយ ក្នុង​រយៈ​ពេល​១៩​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ ១៩៩៥​មក។ កញ្ញា ចន្ធី វល័ក្ខ ថ្លែង​ថា “ពី​មុន​លឺ​តែ​ឈ្មោះ ខ្មោច​ក៏​ខ្លាច​ដែរ​បង​អើយ តែ​ឥឡូវ​សូម្បី​តែ​ឆ្មារ​មិន​ខ្លាច​ផង!…វា​ពិបាក​សម្រាប់​យើង​ជា​អ្នក​គាំទ្រ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គាំទ្រ​ពួក​គេ និង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ”។

គិត​ត្រឹម​សាមញ្ញ​ជន ចន្ធី វល័ក្ខ គឺ​ជា​នារី​គាំទ្រ​ដ៏​កម្រ​ក្នុង​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ហើយ​បើ​គិត​ក្នុង​វិស័យ​សិល្បៈ​ទៀត កញ្ញា អាច​ថា ជា​សិល្បការិនី​ដំបូង​គេ​ទៀត ដែល​ស្រឡាញ់​កីឡា​បាល់​ទាត់​ងប់ងុល​បែប​នេះ។

កញ្ញា ថ្លែង​ថា កញ្ញា​បាន​ត្រឹម​តែ​ស្រឡាញ់ ប៉ុន្តែ​មិន​ចេះ​លេង​កីឡា​នេះ​ទេ ហើយ​ថា ទំនោរ​ចិត្ត​ស្រឡាញ់​កីឡា​មួយ​នេះ កញ្ញា ធ្លាប់​ត្រូវ​ម៉ាក់​ប៉ា​ស្តី​បន្ទោស​ដែរ ប៉ុន្តែ​ឥឡូវ​លែង​អី​ហើយ។  “លែង​មាន​អី​ថា​ឲ្យ​ទៀត​ហើយ​បង…ចរិត​រាង​ប្រុសៗ​តាំង​ពី​ក្មេង!(សើច)”៕

គ្នា​យើង​គិត​អីចឹង​អត់? ហើយ​អ្នក​ណា​ស្គាល់​ស្រី​ស្អាត វល័ក្ខ ខ្លះ?

កញ្ញា ចន្ទី វល័ក្ខ ថត​រូប​ជាមួយ​លោក កឹម វណ្ណា អ្នក​ថត​រូប​អាជីព​ នៅ​ស្តាត​អូឡាំពិក(រូប​ទី​១)

សកម្មភាព​កញ្ញា ចន្ធី វល័ក្ខ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​២០១៤ (រូប​ទី​១ និង​ទី​២ FB កញ្ញា វល័ក្ខ)

ប្រភព   Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម