បើ​នាង​ស្លាប់ ​អ្នក​វាយ ប្រហារ​ ទឹក​អា​ស៊ីត​ ត្រូវ​ជាប់ គុក​១​ជីវិត

 
 

រាជធានីភ្នំពេញ ៖ ជាការពិតណាស់ ទីណាមានទុក្ខលំបាកក៏ មានសម្តេចតេជោ ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេញមុខជួយ យកអាសារគ្មានរំលងនរណាម្នាក់ទេ និងការជួយសង្គ្រោះទៀត សោតគឺមិនមានការរើសអើង នោះទ្បើយ ។ បន្ទាប់ពីបាន ទទួលព័ត៌មានថា ស្ត្រីវ័យក្មេងម្នាក់ជាសន្តិសុខរោងចក្រ រងគ្រោះដោយទឹកអាស៊ីត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ទឹកប្រាក់ចំនួន ៣០០០ដុល្លារអាមេរិក ដល់ស្ត្រីរងគ្រោះតាមរយៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលនាងកំពុងស្ថិតនៅក្នុងការជួយព្យាបាលយ៉ាងយកចិត្តទុក ដាក់នៅក្នុងមន្ទីរពេទ្យ ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅព្រឹកថ្ងៃទី១១ មីនា បាននាំយកប្រាក់ឧបត្ថម្ភជូន ដល់នារីរងគ្រោះដោយ សារ ទឹកអាស៊ីត និងបាននាំទៅជាមួយនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរជាប់ ជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ក្នុងពេលជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានផ្តាំផ្ញើឱ្យ លោកអគ្គនាយកមន្ទីរពេទ្យជួយ យកចិត្តទុកដាក់ថែទាំព្យាបាល ស្ត្រីរងគ្រោះឱ្យបានល្អ ។ លោកសាស្ត្រាចារ្យ ឈាង រ៉ាថ្លែងថា លោកតែងតែយកចិត្តទុកដាក់ ថែទាំព្យាបាលគ្រប់អ្នកជំងឺ ក្នុងនាមជាគ្រូពេទ្យដែលមាន ក្រមសីលធម៌វិជ្ជាជីវៈម្នាក់ ហើយក៏គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ។

ម្តាយមីងនារីរងគ្រោះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានផ្តល់អំណោយ ជាទឹកប្រាក់ដ៏ច្រើនដែលគាត់ មិនធ្លាប់មាននេះ ដើម្បីជួយក្មួយស្រីរងគ្រោះ និងបានសម្តែងអំណរគុណ និងកោតសរសើរលោកសាស្ត្រាចារ្យ ឈាង រ៉ា ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះក្មួយ របស់អ្នកស្រីដោយក្តី អាណិតអាសូរ និងការសន្តោសប្រណី ។

ស្ត្រីរងគ្រោះដោយ ទឹកអាស៊ីតមានឈ្មោះ មាស វន្នី អាយុ២០ឆ្នាំ ជាសន្តិសុខរោងចក្រ ស៊ិន តាយ ឪពុកឈ្មោះ ស៊ិន ស៊ីនឿន អាយុ៥០ឆ្នាំ ជាកម្មករដាំដំទ្បូង ឱ្យក្រុមហ៊ុនចិន និងម្តាយឈ្មោះ មាស វណ្ណា អាយុ៥៧ឆ្នាំ មានជំងឺសរសៃប្រសាទ ។ ស្ត្រីរងគ្រោះមានស្រុក កំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានបងប្អូន៦នាក់ (ស្រី២នាក់ប្រុស៤នាក់) ហើយនាងជាកូនទី៥ នៅក្នុងគ្រួសារ ។

សូមបញ្ជាក់ថា មាស វន្នី ដែលជាសន្តិសុខរោងចក្រ ស៊ិនតាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ត្រូវបានស្ត្រីឈ្មោះ ស្រឿន ណាន់ អាយុ៣៨ឆ្នាំ យកទឹកអាស៊ីតមួយដបទឹកបរិសុទ្ធ ស្រោចទៅលើនាងនិង ជះដាក់ផ្ទៃមុខបណ្តាលឱ្យក្តៅ ក្រហល់ក្រហាយស្រែកយំយ៉ាងរន្ធត់ ខណៈនាងកំពុងធ្វើ ដំណើរចេញពីធ្វើការ ដោយយាមរោងចក្រ១យប់ កាលពីវេលាម៉ោង៦ និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ មីនា ស្ថិតនៅមុខផ្សារកាណាស៊ីធី ដោយសារតែការប្រចណ្ឌ នឹងប្តីរបស់ខ្លួន ។

ឃុំខ្លួនស្ត្រីវាយប្រហារដោយទឹកអាស៊ីតជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម 

កាលពីល្ងាចថ្ងៃទី៩ មីនា ក្រោយពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សាកសួរស្ត្រីជាប់ ចោទ វាយប្រហារដោយទឹកអាស៊ីតទៅលើនារីជាសន្តិសុខ រោងចក្រចប់សព្វគ្រប់ហើយ លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង បានធ្វើការចោទប្រកាន់ ជនត្រូវចោទឈ្មោះ ស្រឿន ណាន់ ពីបទប៉ុនប៉ងឃាតកម្ម ។ បទល្មើសនេះមានចែង តាមបញ្ញត្តិមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បី សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។

ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះ ខាងចៅក្រមបានផ្ញើជនជាប់ ចោទទៅសមត្ថកិច្ចវិញ ដោយតម្រូវឱ្យព្រឹកថ្ងៃទី១០ មីនា នាំខ្លួនមកសាកសួរបន្ត ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃទី១០ មីនា លោក ស្វាយ តុញ ចៅក្រមស៊ើបសួរបានចេញដីកា សម្រេចឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារ និងតម្រូវឱ្យសមត្ថកិច្ចនាំ ទៅឃុំខ្លួនតែម្តង ។

លោកព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះបាន បង្ហើបឱ្យដឹងថា បទល្មើសដូចការចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្មនេះ នៅមិនទាន់កំណត់បាននៅទ្បើយទេ គឺចង់និយាយថា បើជនរងគ្រោះមានការវិវត្តកាន់តែធ្ងន់ធ្ងរ ឬឈានដល់ស្លាប់នោះ តំណាងអយ្យការអមសាលាដំបូងនឹងកែប្រែការចោទ ប្រកាន់ជនជាប់ចោទទ្បើងវិញ ពោលគឺបទឃាតកម្មគិតទុកជាមុន ដែលបទល្មើសនេះតាម បញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌតម្រូវឱ្យ ផ្តន្ទាទោសដាក់ពន្ធនាគារអស់១ជីវិត។ ចំពោះស្ថានភាពស្ត្រីរងគ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត គឺស្ថិតក្នុងការសង្គ្រោះ បន្ទាន់នៅទ្បើយទេ មានន័យថា ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ និងគួរឱ្យសង្វេគណាស់៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម