បុរសបាញ់ គំរាមនគរបាល ៣៣គ្រាប់ ជឹង ស៊ីណាត ចូលទទួលទោស

 
 

ភ្នំពេញ៖ ទីបំផុតបន្ទាប់ពី ការតាមស្រាវជ្រាវ និងប្រើគ្រប់យុទ្ធសាស្រ្ត ពីកម្លាំងនគរបាល ជំនាញរាជធានីភ្នំពេញ អស់រយៈពេល ប្រមាណជា ១០ថ្ងៃ នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ បុរសបាញ់ គំរាមនគរបាល ៣៣គ្រាប់ ព្រោះរឿងផាក ពិន័យរថយន្ត បើកលើសល្បឿន កំណត់ លោក ជឹង ស៊ីណាត បានចូលខ្លួនបំភ្លឺ និងទទួលទោស កំហុសរបស់ខ្លួនហើយ នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជនបាញ់គំរាម នគរបាលចរាចរណ៍ កក្រើកខេត្តកំពង់ស្ពឺ លោក ជឹង ស៊ីណាត បានចូលខ្លួនមកបំភ្លឺ និងទទួលទោស របស់ខ្លួនហើយ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ស្នងការនគរបាល រាជធានីភ្នំពេញ រូបនេះ បានឲ្យដឹងផងដែរ ការចូលបង្ហាញខ្លួន របស់លោក ជឹង ស៊ីណាត បន្ទាប់ពីសមត្ថកិច្ច បានប្រើនូវ យុទ្ធសាស្រ្តជាច្រើន ដើម្បីអន្ទងលួង លោមចិត្តរបស់គេ។ បើតាមលោក ជួន សុវណ្ណ មន្រ្តីនគរបាលបាន ប្រើយុទ្ធសាស្រ្ត តាមរយៈមិត្តភក្តិ របស់លោក ជឹង ស៊ីណាត ដោយប្រើយុទ្ធសាស្រ្ត អប់រំចិត្តសាស្រ្ត ហើយពន្យល់ តាមច្បាប់ថា ទោសទណ្ឌនៃ ការបាញ់នេះ បើចូលខ្លួន ទទួលស្គាល់នូវ ទោសកំហុស នឹងអាចធូរស្រាល ជាងការគេចវេស ។

បន្ទាប់ពីមានការពន្យល់ ទាំងចិត្តសាស្រ្ត និងផ្លូវច្បាប់ ទើបលោក ជឹង ស៊ីណាត ចូលបំភ្លឺនា ព្រឹកនេះតែម្តង ហើយ កម្លាំងនគរបាល រាជធានីភ្នំពេញ កំពុងទាក់ទងទៅ កម្លាំងនគរបាលខេត្ត កំពង់ស្ពឺ ទីកន្លែងកើតហេតុ មកទទួលជន បង្កការបាញ់បោះ អនាធិបតេយ្យរូបនេះ ទៅកសាងសំណុំរឿង និងចាត់ការ តាមនីតិវិធី។ នេះបើតាមការបញ្ជាក់ របស់លោកស្នងការ នគរបាលរាជធានី ភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ នៅបានបញ្ជាក់ផងដែរថា ចាប់តាំងពី ថ្ងៃជនបង្កនេះ បានបាញ់អនាធិបតេយ្យ កម្លាំងនគរបាល រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ណេត សាវឿន អគ្គស្នងការ នគរបាលជាតិ កម្លាំងនគរបាលមិន បានព្រងើយកន្តើយ នោះទេ ពោលបានសស្រាក់សស្រាំ តាមស៊ើបអង្កេត ជាជំហានរហូត ស្វែងរកឃើញអត្តសញ្ញាណ និងប្រើចិត្តសាស្រ្ត លួងលោមជាច្រើនទៀត ដើម្បីជនបង្កឈប់លាក់ខ្លួន និងចូលខ្លួន មកទទួលកំហុស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ លោក ជឹង ស៊ីណាត ដែលជិះរថយន្ត មែកសឺដេស ទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 បានបាញ់ចំនួន ៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើស ល្បឿនកំណត់ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

នាយផ្នែកនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោកលី ចាន់ថន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាល ចរាចរណ៍ខេត្ដ កំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យ ការធ្វើចរាចរណ៍ នៅកន្លែងកើតហេតុ។ លុះដល់វេលា ម៉ោងជាង១០ ស្រាប់តែមាន រថយន្ដស៊េរីទំនើប ម៉ាកមែកសឺដេស ពណ៌ខ្មៅរបស់ ជឹង ស៊ីណាត បើកបរពីខេត្ដ ព្រះសីហនុ ឆ្ពោះមក រាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ដោយឃើញការបើកបរ លើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម ៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ មន្ដ្រីនគរបាល ចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និង ផាកពិន័យ ចំនួន ១២.០០០រៀល។

ដោយការខឹងសម្បានឹង ការផាកពិន័យនេះ បន្ទាប់ពីបើករថយន្ត ចេញបានប្រមាណ ២ម៉ែត្រ មនុស្សនៅក្នុងរថយន្ត ដែលកាលនោះគេមិន ទាន់ស្គាល់អត្តសញ្ញាណ ថាជានរណានៅ ឡើយនោះ បានទាញកាំភ្លើង ស៊េរីទំនើបមកបាញ់ រហូតអស់ពីបង់គឺ ចំនួន៣៣គ្រាប់ ធ្វើឲ្យមានការ ភ្ញាក់ផ្អើលជាខ្លាំង៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម