​ការ​ស្វែង​រក​ជើង​ហោះហើរ​ MH370 ​​​​បាន​​​បញ្ចប់​ ទោះ​ជា​មិន​បាន​តម្រុយ​អ្វី​ក៏​ដោយ

 
 

កង​ទ័ព​​អាកាស​​មក​ពី​ប្រទេស​ទាំង​អស់​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​​​ស្វែងរក​ជើង​ហោះហើរ​ MH370 ​​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​បាន​​ធ្វើ​ពិធី​បិទ​​ជា​ផ្លូវការ​​ក្នុង​​ទីក្រុង​ Perth ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​។

ការ​ថត​រូប​ជុំ​គ្នា​ជា​លើក​ចុងក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​​​​ភូមិន្ទ​ទ័ពអាកាស​​អូស្ត្រាលី​ Pearce ​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ Perth។ ​​​ពិធី​បិទ​នេះ​មាន​ន័យ​ថា ​ប្រតិបត្តិការ​រុករក​តាម​អាកាស​ស្ទើរ​ទាំង​ស្រុង​ត្រូវ​បាន​បញ្ចប់​ ខណៈ​សល់​​​ផ្នែក​ខ្លះ​នៅ​បន្ត​ធ្វើ​ការ​ប្រចាំការ​​​ជា​បន្ត។​ ​ការ​រុករក​តាម​អាកាស​រយៈពេល ៧ ​សប្ដាហ៍​កន្លង​មក​នេះ​ មិន​បាន​រក​ឃើញ​​បំណែក​យន្តហោះ​ ​ស្នាម​ប្រេង ​ឬ​តម្រុយ​ណាមួយ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ Boeing 777 ​ដែល​បាត់​​ខ្លួន​បន្តិច​ឡើយ។

ក្នុង​ពិធី​នោះ​ដែរ ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Tony Abbott ​បាន​បញ្ជាក់​ថា ​​​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ប្រសិន​បើ​មាន​វត្ថុ​ដែល​អណ្ដែត​នៅ​លើ​ទឹក​​បន្ទាប់​ពី​យន្តហោះ​ធ្លាក់​ ​​រយៈពេល​ប៉ុណ្ណោះ​អ្វី​ៗ​ប្រហែលជា​លិច​បាត់​អស់​ហើយ។

​ទោះ​ជា​ការ​រុករក​តាម​អាកាស​បាន​បញ្ចប់​ក្ដី​ ​តែ​ការ​រុករក​ក្នុង​ទឹក​នៅ​តែ​បន្ត​ធ្វើ​​ដោយ​មិន​កំណត់​ពេល​វេលា​ជាក់លាក់​ឡើយ។

ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​​​អន្តរជាតិ​មិន​ធ្លាប់​ការ​រុករក​ណា​ដែល​ត្រូវ​បាន​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​​បែប​នេះ​ទេ ​​ខណៈ​ប្រទេស​ធំ​ៗ​​ចំនួន ៨​ រួម​មាន​អូស្ត្រាលី ​​នូវែលហ្សេឡង់​ ចក្រភព​អង់គ្លេស​ ​អាមេរិក​ ចិន​ ម៉ាឡេស៊ី ​ជប៉ុន ​និង​កូរ៉េខាងត្បូង​​ចូលរួម​ស្វែង​រក​​​តែ​នៅ​​មិន​ឃើញ​​មាន​ដាន​អ្វី​ទាំង​អស់៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម