កម្លាំង​ចម្រុះ​ស្រុក​លើក​ដែក ដេញ​ទូក​នេសាទ ​វៀតណាម ២៤គ្រឿង​ចេញពី​តំបន់​អភិរក្ស

 
 

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី៣ មីនា កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក លើកដែក មាននគរបាល ប៉េអឹម យោធា ជលផល និងសហគមន៍សរុប ២១នាក់ ដឹកនាំដោយលោក សោម ផល្លា អភិបាលរងស្រុក បានចុះរុះរើនិងបណ្តេញ ទូកនេសាទ ជនជាតិវៀតណាម ២៤ទូក ដែលចូលមករស់ នៅលើផ្ទៃបឹងតំបន់អភិរក្ស ការពារពូជត្រីត្រពាំងធំ នៃសហគមន៍ នេសាទលេខ១១ ស្ថិតក្នុង ឃុំសណ្តារ ស្រុកលើកដែក ។

លោក មាស សាន់ នាយសង្កាត់រដ្ឋបាលជលផលស្រុកលើកដែក បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ដោយមានការចង្អុល បង្ហាញពី លោកអភិបាលខេត្តកណ្តាល និងការដឹកនាំបញ្ជា អនុវត្តរបស់លោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាល ជលផលកណ្តាល បានឱ្យតាម បណ្តាស្រុកដែល មានកន្លែងអភិរក្សជលផល ត្រូវយកចិត្តទុកដាក់ ការពារបង្ក្រាប រាល់បទល្មើសនេសាទគ្រប់ប្រភេទ ដូចជាការ ប្រើប្រាស់ ឧបករណ៍ឆក់ ស្បៃមុង បាចថ្នាំ ដាក់សម្រាស់ ។ល។ ជាពិសេសការសាងសង់ លំនៅឋានរស់នៅ អនាធិបតេយ្យលើ តំបន់ការពារអភិរក្ស ពូជត្រី ត្រូវតែបង្ក្រាបបណ្តេញ ចេញជាដាច់ខាតដើម្បី កុំឱ្យរំខានដល់ពូជត្រី ។

ហេតុដូច្នេះហើយទើបកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាព ស្រុកដឹកនាំដោយលោក សោម ផល្លា អភិបាលរងស្រុក តំណាងឱ្យ លោក អភិបាលស្រុក តែងតែចុះអនុវត្តជា បន្តបន្ទាប់ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមការណែនាំ របស់គណៈបញ្ជាការ ឯកភាពខេត្ត ។

លោក មាស សាន់ បានបន្តទៀតថា ការបណ្តេញទូកនេសាទជនជាតិវៀតណាមទាំង២៤ទូកដែលមក រស់នៅលើផ្ទៃបឹង តំបន់អភិរក្ស ការពារ ពូជត្រីត្រពាំងធំ នៃសហគមន៍នេសាទ លេខ១១នេះ គឺដើម្បីទប់ស្កាត់ ការលួចនេសាទត្រី ក្នុងតំបន់អភិរក្ស និងបញ្ចៀសការ បំពុល បរិស្ថានតំបន់អភិរក្ស ។

លោកបញ្ជាក់បន្ថែមថា តំបន់អភិរក្សសហគមន៍នេសាទលេខ១១នេះ តែងតែមានជនជាតិវៀតណាម  ចូលមកអុកឡុក នេសាទត្រី ស្ទើរតែ រៀងរាល់ឆ្នាំ ហើយពួកគេមិន ខ្លាចសមត្ថកិច្ចទេ ថែមទាំងហ៊ានតតាំង ដេញព័ទ្ធសមត្ថកិច្ច វិញក៏មានដែរ ។ ជាក់ស្តែង ដូចជាករណី ប៉ុន្មានខែ មុននេះ ទូកជនជាតិវៀតណាម ប្រហែល៣០០ទៅ៤០០ទូក សរុបជាមនុស្ស ប្រហែល៧០០នាក់ បាននាំគ្នាសម្រុក ចូលនេសាទក្នុង តំបន់ អភិរក្សពូជត្រី សហគមន៍នេសាទ លេខ១១ ថែមទាំងលើកគ្នា មកព័ទ្ធរោងសហគមន៍ ធ្វើឱ្យកងកម្លាំងភ័យ រត់ឡើងគោក បាតជើងសព្រាត ទាំងព្រលឹង ចុងសក់ទៀតផង។ ទោះបីយ៉ាងណា អនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការ ឯកភាពខេត្ត និងស្រុក កម្លាំងបានទិញ បន្លា លួស រាប់តោនរាយជុំវិញ តំបន់អភិរក្សដើម្បី ការពារពូជត្រី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម