តារា​ល្បីៗ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​ លោក ​យាយ ខ្លី

 
 

អ្នក​ស្រី នេត ផល្លី ហៅ​ លោក​យាយ ខ្លី បាន​ទទួល​អនិច្ចកម្ម​ កាល​ពី​រំលង​អាធ្រាត្រ​យប់មិញ​នេះ ​ដោយ​រោគាពាធ បើ​ទោះ​បី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ព្យាបាល​ ពី​ខាង​មន្ទីរ​ពេទ្យ​យ៉ាង​ណា​ក្ដី។ បន្ទាប់ពី​​ទទួល​បាន​​ព័ត៌មាន​នេះ អ្នក​សិល្បៈ​ជា​ច្រើន​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​សិល្បៈ​រូប​នេះ។

“គួរ​ឲ្យ​សោកស្ដាយ​គាត់ ព្រោះ​តែង​ផ្ដល់​ដំបូន្មាន និង​ គំរូ​ល្អ​ដល់​ក្មួយៗ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ច្រើន​ណាស់”។ នេះ​ជា​លើក​ឡើង​របស់​ លោក ខេមរៈ សិរីមន្ត ខណៈ​បាន​រួម​សម្ដែង​ជាមួយ​គ្នា​កន្លង​មក។

ដោយ​​ចិត្ត​អាណិត​អាសូរ រូប​គេ​បាន​ផ្ដល់​ជំនួយ​ដល់​យាយ​ជា​ហូរហែ​ទាំង​សម្ភារៈ និង ​ថវិកា​មិន​ដែល​ខាន​ឡើយ​បន្ទាប់​ពី​ធ្លាក់ លោក​យាយខ្លី ធ្លាក់​​ខ្លួន​ឈឺ។ ” ប្រសិន​បើ​ខ្វះ​ខាត​លុយ​កាក់​ពេល​ណា​នោះ ខ្ញុំ​ឲ្យ​គាត់​ប្រាប់​ភ្លាម ជួយ​បាន​តិច​ច្រើន​តាម​លទ្ធភាព”។ សិរីមន្ដ ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​សិល្បករ​ទាំង​អស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​លោក​យាយ​កន្លង​មក។

លោក​យាយ ខ្លី ជា​អតីត​គ្រូ​បង្ហាត់​អាយ៉ៃ​នៅ​សាកលវិទ្យាល័យខេមរភូមិន្ទវិចិត្រសិល្បៈ ដែល​បាន​ចែក​រំលែក​ចំណេះ​ដឹង​លើ​ជំនាញ​នេះ​ ដល់​សិស្ស​ជា​ច្រើន​នាក់​ផង​ដែរ មុន​ពេល​ចូលរួម​សម្ដែង​កំប្លែង។ ជីវភាព​របស់​យាយ​ចាប់​ផ្ដើម​ដុនដាប​បណ្ដើរៗ ក្រោយ​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​អំឡុង​ ៣​ ឆ្នាំ​មុន តែ​យាយ​មិន​ដែល​បោះបង់​អាជីព​កំប្លែង​ចោល​នោះ​ទេ ព្រោះ​ជា​ប្រភព​ចំណូល​តែ​មួយ​គត់។

លោក ជូង ជី ហៅ​ នាយ កុយ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​វត្ត​ញាណ​រង្សី ជា​ទី​តម្កល់​សព​នៅ​ឡើយ​ឲ្យ​ដឹង​ថា ធម្មតា​គ្រួសារ​មួយ​រមែង​ចង់​ឲ្យ​មាន​អ្នក​ចូល មិន​ចង់​ឲ្យ​មាន​អ្នក​ចេញ​ទៅ​នោះ​ទេ។ ជាក់​ស្ដែង​ក្រុម​កំប្លែង​របស់​លោក​ជា​ដើម ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់​ចំពោះ​ការ​បាត់បង់​លោក​យាយ ដែល​ធ្លាប់​បាន​រួម​សម្ដែង​ជាមួយ​គ្នា​យូរ​មក​ហើយ។

“គ្មាន​អ្វី​ក្រៅ​ពី​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​ លោក ​យាយ ខ្លី បាន​ទៅ​កាន់​សេចក្ដី​សុខ និង​តែ​ជា​និមិត្តរូប​សម្រាប់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ”។

យាយ​ខ្លី​ពេល​សម្រាក​ព្យាបាយ​នៅ​មន្ទីពេទ្យ​កាល់ម៉ែត្រ រូបថត៖ Facebook Sun Visa

ដោយ​ឡែក​ នាយ ពែកមី បាន​ឲ្យ​ដឹង​ដែរ​ថា នាយ​ក៏​ធ្លាប់​លួច​រៀន​សូត្រ​ពី​លោក​យាយ ខ្លី ដូច​គ្នា​ដែរ ក្នុង​នាម​ជា​តារា​កំប្លែង​ជំនាន់​ក្រោយ​ម្នាក់។ “សមាជិក​ស្រីៗ​ក្នុង​ក្រុម​របស់​ខ្ញុំ ក៏​តែង​រៀន​សូត្រ​តាម​គាត់​ដែរ ក្នុង​នាម​គាត់​ជា​រៀម​ច្បង​សិល្បករ​ម្នាក់ ដែល​មាន​ចំណេះ​ដឹង​សិល្បៈ​ច្រើន”។ ជា​ពិសេស​ទឹក​ដម​សំឡេង​ផ្នែក​ចម្រៀង​អាយ៉ៃ​របស់​លោក​យាយ។

ដោយ​សារ​តែ​បេសកកម្ម​សម្ដែង​នៅ​តាម​ខេត្ត​នាយ​បាន​ឲ្យ​ភរិយា​របស់​ខ្លួន ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​យាយ ខ្លី ជំនួស​នាយ និង​ ស្នើ​ឲ្យ​អ្នក​សិល្បៈ​ទាំង​អស់​ទៅ​ចូលរួម។

សប្បុរសជន និង ​អ្នក​រួម​អាជីព​សិល្បៈ​ដែល​មាន​បំណង​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​ លោក​យាយ នេត ផល្លី ហៅ​យាយ ខ្លី សូម​អញ្ជើញ​ទៅ​កាន់​វត្ត​ញាណ​រង្សី​ច្រក​ចូល​ក្បែរ​អង់តែន​ទួលគោក ជា​ទី​តម្កល់​សព​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជួន​លោក​យាយ និង​ ក្បែរ​បន្ទប់​ជួល​របស់​កូន​ចៅ​ផង៕


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម