ស៊ុន ណា​រី​ម៉ូ​នី​កា ​នៅ​ស្រុក ​ខ្មែរ​ជា​អ្នកសិល្បៈ ​ល្បីឈ្មោះទៅ​ នៅស្រុក​បារាំង​ ប្រកប​របរ​ ចិញ្ចឹម​មាន់

 
 

រាជធានីភ្នំពេញ ៖ អ្នកនាងស៊ុន ណារីម៉ូនីកា បានមកលេង ស្រុកកំណើតជាថ្មី ហើយលើកនេះទំនងជាចង់ចេញ មុខសម្តែងឱ្យបានច្រើន ។  កាលពីពេល ថ្មីៗនេះអ្នកនាងស៊ុន ណារីម៉ូនីកា រៀបរាប់ប្រវត្តិអតីតឱ្យដឹងថា នាងធ្លាប់ពុះពារជាមួយ អាជីពសិល្បៈច្រើនដូចជាចេញទៅច្រៀង កាត់សក់ជាមួយនាយកុយ នាយ សានម៉ៅជាដើម ។ ដំណាក់កាលនោះចង់ច្រៀង ភ្លេងការគឺចំបែបភ្លេងការ សម័យចំបែបសម័យ នាងចេះទាំងអស់ ។ អ្នកនាងម៉ូនីកា មានឈ្មោះបោះសំឡេង អំឡុងពេលនោះ ខណៈទូរទស្សន៍មិនសម្បូរទេ ។ មានពេលមួយនាងម៉ូនីកាចេញទៅស្រុកថៃ ហើយចង់បួស ព្រោះនឹកឃើញថា ជីវិតអភ័ព្វពេក តែគេមិនឱ្យបួសទេដោយថាបួសបែបនេះប្រាកដជាបាប ។

ដោយមានគេស្គាល់នាង ជាអ្នកសិល្បៈនៅស្រុកខ្មែរ គេថាកុំទៅបួសអីទៅបញ្ចូលសំឡេងឱ្យគេវិញទៅ ។ ពេលនោះនាងអត់ហ៊ានទទួល ព្រោះចេះតែច្រៀងសម័យ ល្ខោនបាសាក់ យីកេ ថតកុនប៉ុណ្ណោះបើបញ្ចូល សំឡេងមិនចេះទេ ។ ទោះជាយ៉ាងណាក្តីនាងបានទៅសាក ល្បងភ្លាមនិយាយជាតួឯក ហើយអាចធ្វើបាន ។ មិនថាសំឡេងក្មេងស្រី ក្មេងប្រុស មនុស្សចាស់ អ្នកនាងម៉ូនីកាអាចពត់សំឡេងបាន។ លើសពីនេះនាងធ្លាប់ប្រឡងជាប់ ផ្នែកបញ្ចូលសំឡេងនៅហុងកុង ខាងសំឡេងតួឯកទៀត ។ អ្នកនាងម៉ូនីកាមានមោទនភាពចំពោះខ្លួនឯង ព្រោះឱ្យតែសិល្បៈអាចធ្វើបាន ព្រោះមាននិស្ស័យ ។

អ្នកនាងស៊ុន ណារីម៉ូនីកា ពេលនៅស្រុកថៃនោះនឹកស្រុក កំណើតពេកក៏ត្រឡប់មកស្រុកវិញ ហើយនាយហើម នាយកុយ និងនាយសាន ម៉ៅ  ហៅឱ្យចូលរួមកាត់សក់ពិធីមង្គលការ ។

សព្វថ្ងៃអ្នកនាងម៉ូនីកា នៅប្រទេសបារាំងអត់ចោល អាជីពសិល្បៈទេ ព្រោះមានមហាជននៅ ស្រឡាញ់គាំទ្រ ។ លើសពីនេះនាងចិញ្ចឹមមាន់ តែមិនមែនចិញ្ចឹមយកទៅលក់ ឬយកទៅបញ្ជល់ទេ គឺមាន់នោះចិញ្ចឹមទុកទៅ យកទៅប្រកួតបង្ហាញរាង ។  មាន់ដែលអ្នកនាងម៉ូនីកាចិញ្ចឹមចូលរួមក្នុងកម្មវិធីប្រឡង បង្អួតរាងមាន់នៅប្រទេស ប៊ែលហ្ស៊ិក ជាប់លេខ១ ។ តាំងពីពេលនោះមក ទាំងជនជាតិបារាំង និងជនជាតិផ្សេងទៀតនិយមទិញមាន់ របស់នាងព្រោះដឹងថា មាន់ដែលនាងចិញ្ចឹមល្បី ។

ចំពោះសិល្បៈភាពយន្តវិញ អ្នកដឹកនាំរឿងបានទាក់ទងអ្នក នាងម៉ូនីកាឱ្យសម្តែងដោយសារតែឃើញ ទម្រង់មុខនាងដូចអតីតតារា សម្តែងសុខ ស្រីមុំ គឺសម្តែងជាតួកូនភ្លោះ ក្នុងរឿង«ព្យ៉ាណូរបេះខ្ទង់» ។

អ្នកនាងម៉ូនីកា ចាប់ផ្តើមល្បីមុនគេនៅក្នុងកម្មវិធី «ពិភពតន្ត្រី» នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ព្រមទាំងកម្មវិធីកំប្លែង «យុទ្ធនាការមហាសប្បាយ» ជាមួួនាយក្រឹម និងនាយកុយ ។

ពេលទៅនៅប្រទេស បារាំងអ្នកនាងស៊ុន ណារីម៉ូនីកាកម្សត់ខ្លួនណាស់ ព្រោះធ្លាប់តែនៅស្រុកកំណើត ទៅណាមកណាគេស្គាល់ ។ នាងនឹករឭកម្តាយឪពុក បងប្អូន និងនឹកអ្នកសិល្បៈដែល ធ្លាប់សម្តែងជាមួយគ្នា ។ មួយថ្ងៃៗអង្គុយតែយំ តែចេះតែស៊ូទ្រាំព្រោះ នឹកឃើញថាបើបានទទួលប័ណ្ណ រស់នៅពេញសិទ្ធិ គឺចេញចូលស្រុកកំណើតបាន ។ សព្វថ្ងៃនេះនាងអាច ទៅមកស្រុកខ្មែរ ស្រុកបារាំង គឺឱ្យតែនឹកស្រុកខ្មែរមកភ្លាមក្នុង មួយឆ្នាំមក៤ដង ។

នៅស្រុកបារាំងអ្នកនាងម៉ូនីកា ធ្លាប់ចោរឆក់កាបូបដោយ ច្រាននាងខ្ទាតដល់កណ្តាល ថ្នល់វិះរថយន្តបុក ។ ហេតុការណ៍នោះ ធ្វើឱ្យនាងបាក់ដៃ ។ បងប្អូនខ្មែរនៅស្រុកបារាំង ដោយស្រឡាញ់រាប់អាននាងបាន យក ម្ហូបអាហារឱ្យ ព្រោះនាងត្រូវសម្រាកព្យាបាលបីខែ ហើយមានតែម្នាក់ឯង គ្មានសាច់ញាតិ ។ បែបនេះហើយទើបនាងមិនភ្លេច គុណបងប្អូនខ្មែរនៅ ប្រទេសបារាំងទេ ។

ក្នុងនាមជាអ្នកសិល្បៈជើងចាស់ អ្នកនាងស៊ុន ណារីម៉ូនីកា ចង់ឱ្យអ្នកសិល្បៈជំនាន់ក្រោយខំប្រឹងប្រែង ដើម្បីកុំឱ្យចាញ់អ្នកសិល្បៈ ប្រទសជិតខាង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម