លោកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ត្រូវគេលបវាយប្រហារ កាប់ឲ្យរបួស (មានវីដេអូ)

 
 

កូរ៉េខាងត្បូង៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបុរសម្នាក់កាប់ឲ្យរងរបួស ខណៈពេលដែលគាត់កំពុងជួបជុំ ទទួលទានអាហារពេលព្រឹក ស្ថិតក្នុងទីក្រុងសេអ៊ូល។

 
លោក Mark Lippert ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង

យោងតាមប្រភពព័ត៌មាន របស់កូរ៉េ បានឲ្យដឹងថា មុនកើតហេតុ គេបានលឺសំលេងបុរសម្នាក់ ស្រែកខ្លាំងៗថា «កូរ៉េខាងជើង និងកូរ៉េខាងត្បូងគួរតែបង្រួបបង្រួមគ្នា មិនត្រូវការ ការសមយុទ្ធយោធានោះទេ!» ស្រាប់តែក្រោយមក គេក៏ឃើញលោក ឯកអគ្គរដ្ឋទូតអាមេរិក Mark Lippert ខ្លួនប្រលាក់ដោយឈាម ចាកចេញពីមជ្ឈមណ្ឌល Sejong នៅប្រហែលម៉ោង ៧ និង៤០ នាទីព្រឹក ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយត្រូវបានជនដៃដល់ កាប់នឹងកាំបិត ត្រូវចំ ថ្ពាល់ និង ក.ដៃ។

ក្រសួងការបរទេស បានជូនដំណឹងថា លោក Lippert មិនមានរង ផលប៉ះពាល់ដល់អាយុជីវិតនោះទេ និងមានស្ថានភាពប្រក្រតី ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមសេចក្តី រាយការណ៍ចុងក្រោយ លោក Lippert ត្រូវបានធ្វើការវះកាត់នៅម៉ោង ៨ និង១៥នាទីល្ងាច។ ជនដៃដល់ដែល កាប់ទៅលើលោក Lippert មានឈ្មោះថា Kim ត្រូវបានចាប់ខ្លូនភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ប៉ូលិសបានឲ្យដឹងថា បុរសវ័យ៥៥ ឆ្នាំ រូបនោះ ជាសមាជិកក្រុម បង្រួបបង្រួមប្រទេសកូរ៉េ ដែលរៀបចំ អាហារពេលព្រឹក ក្នុងកិច្ចប្រជុំនោះ។

នៅមុនពេលដែល លោកឯកអគ្គរដ្ឋទូត រៀបចំថ្លែងសុន្ទរកថា បុរសឈ្មោះ Kim នោះក៏បានរត់ទៅរុញ លោក Lippert ពីក្រោយឲ្យដួលនៅលើតុ មុនពេល ធ្វើសកម្មភាពកាប់ លើរូបគាត់តែម្តង នេះបើតាមការបញ្ជាក់ពីប៉ូលិស។ ប៉ូលិសបន្តថា Kim បានសំដែងការប្រឆាំង ចំពោះការធ្វើសមយុទ្ធ យោធារួមគ្នា ប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ។ ការវាយប្រហារលើ ឯកអគ្គរដ្ឋទូតអាមេរិក កើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែល កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចូលទៅក្នុង សមុទ្រជប៉ុន ដើម្បីឆ្លើយតបទៅនឹង សមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Kim បានរងរបួសជើង ដែលអាចនឹងត្រូវព្យាបាល នៅមន្ទីរពេទ្យ មុនពេលដែល ត្រូវសួរចំលើយ។


បុរសឈ្មោះ Kim ដែលត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗក្រោយបង្កហេតុ

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែល Kim ធ្វើការវាយប្រហារទៅលើ មន្ត្រីបរទេស ដោយកាលពីឆ្នាំ ២០១០ រូបគេធ្លាប់ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ដោយសារការ គប់ ដុំស៊ីម៉ង់ត៍ទៅលើឯកអគ្គរាជទូតរបស់ជប៉ុន។ ក្នុងការវាយប្រហារលើ ឯកអគ្គរដ្ឋទូតអាមេរិកនេះដែរ ត្រូវបានគេចោទជាសំនួរថា តើ Kim ធ្វើវាដោយខ្លួនឯង ឬក៏មានការផ្សំគំនិតជាមួយអ្នកផ្សេង ដែលអាចមានប្រទេសកូរ៉េខាងជើងនៅពីក្រោយខ្នង ឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា នៅក្នុងការវាយប្រហារលើ ឯកអគ្គរដ្ឋទូតអាមេរិកនេះ លោកប្រធានាធិបតីអាមេរិក Obama ក៏បានទូរស័ព្ទមកលោក Mark Lippert ដោយផ្ទាល់ ដោយបានប្រាប់ថា រូបគាត់ (Obama) តែងតែគិត និងបួងសួងដល់លោក Lippert និងភរិយាជានិច្ច ហើយគាត់សូមជូនពរ ឲ្យលោក Lippert ជាសះស្បើយពី របួស ឲ្យបានឆាប់ៗ៕


លោកឯកអគ្គរដ្ឋទូតអាមេរិក ត្រូវគេកាប់ពេលកំពុងជួបជុំ ទទួលទានអាហារពេលព្រឹក ក្នុងក្រុងសេអ៊ូល


បុរសវ័យ៥៥ ឆ្នាំ រូបនោះ ជាសមាជិកក្រុម បង្រួបបង្រួមប្រទេសកូរ៉េ


Kim ប្រឆាំង ចំពោះការធ្វើសមយុទ្ធ យោធារួមគ្នា ប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក


កាលពីឆ្នាំ២០១០ Kim ធ្លាប់ជាប់គុកចំនួន ២ឆ្នាំ ដោយសារការគប់ ដុំស៊ីម៉ង់ត៍លើឯកអគ្គរាជទូតជប៉ុន


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម