ស្រឡាញ់​ កូនស្រី​ មិន​បាន​ បាញ់​រះ​ចូល​ផ្ទះ ជន​ដៃដល់​ ដេក​ព្រៃ​ជាង​ ៤ខែ​ហើយ

 
 

ខេត្តមណ្ឌលគិរី ៖ អស់រយៈពេល ជាង៤ខែមកហើយ ដែលជនដៃដល់បាន លួចបាញ់រះលើគ្រួសារ មួយបណ្តាលឱ្យ របួសធ្ងន់ពីរនាក់ប្តីប្រពន្ធជាម្ចាស់ផ្ទះ ។ ប៉ុន្តែទោះបីជាមានការ បាញ់រះមកលើលំនៅឋាន បង្កឱ្យមានការរងគ្រោះបែបនេះក្តី ក៏មកដល់ពេលនេះ ជនដៃដល់នៅតែមិនទាន់ ចាប់ខ្លួនបាននៅឡើយ ខណៈក្រុមសមត្ថកិច្ចបានប្រាប់ថា ទោះជារឿងក្តីនោះមានអាយុកាល ជាង៤ខែមកហើយក្តី ក៏សមត្ថកិច្ចនៅតែដុតដៃដុតជើង តាមស្វែងរកទាំងយប់ទាំងថ្ងៃ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើងនោះដែរ ។

ការបាញ់រះកាលពីជាង៤ខែមុននេះ ត្រូវបានគេដឹងថា ដោយសារតែខ្មាន់កាំភ្លើងតាម ស្រឡាញ់កូន ក្រមុំម្ចាស់ផ្ទះនោះ មិនបានទើបក្លាយជាកំហឹងដ៏ ពិសពុលបែបនេះ ។

លោក ខៃ វណ្ណៈ អធិការរងនគរបាល ស្រុកអូររាំង បានឱ្យដឹងថា តាំងពីថ្ងៃកើតហេតុរហូត មកដល់ពេលនេះ កម្លាំងអធិការដ្ឋានស្រុកនៅតែបន្តតាមរកជនដៃដល់ ដែលកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ ។ លោកបន្តថា «កម្លាំងនគរបាលរបស់យើង មានការលំបាកណាស់ ព្រោះជនល្មើសបានគេចពីកន្លែង មួយទៅកន្លែងមួយក្នុងព្រៃជ្រៅ» មិនខុសពីលេង បិទពួននោះទេ ។

លោក ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ត បានឱ្យកោះសន្តិភាពដឹងថា «បើទោះបីជាសមត្ថកិច្ចជួបការ លំបាកក្នុងការតាមចាប់ ជនល្មើសយ៉ាងណាក្ដី ក៏កម្លាំងក្រោមឱវាទរបស់ លោកនៅតែបន្តបង្កើនសកម្មភាព រុករកជនល្មើសដែលបានរត់គេច ខ្លួនទៅក្នុងព្រៃ អស់ជាច្រើនខែ មកនោះដដែល ។ លោកជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខ សមត្ថកិច្ចនឹងអាចចាប់ខ្លួនជនល្មើសបាន ព្រោះកម្លាំងសមត្ថកិច្ច បានកំណត់ ទីកន្លែងលាក់ខ្លួន របស់ខ្មាន់កាំភ្លើងនោះរួចហើយ ក៏ប៉ុន្តែបញ្ហាប្រឈមមួយ របស់សមត្ថកិច្ចដែលកំពុងជួបប្រទះ គឺជនដៃដល់មានកាំភ្លើងជាប់នឹងខ្លួន ។ ជាក់ស្តែងកាលពីពេលកន្លងមក សមត្ថកិច្ចបានឡោមព័ទ្ធ ជនល្មើសខាងលើបានម្តង តែត្រូវជននោះបាញ់រះអស់ជាច្រើនគ្រាប់មិន ឱ្យចូលចាប់ ។

សូមរំឭកថា ប្តីប្រពន្ធ២នាក់បានរងរបួសជាទម្ងន់ ក្នុងអំពើបាញ់ប្រហារមួយយ៉ាងសាហាវ កាលពីវេលាម៉ោង១១និង១៨នាទីយប់ថ្ងៃទី១៥ វិច្ឆិកា ២០១៤ នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង និងបានបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

សមត្ថកិច្ចស្រុកបាននិយាយថា នៅវេលាកើតហេតុនោះគេ បានឮសំឡេងផ្ទុះអាវុធជាប់ៗគ្នា ប្រមាណជាង១០គ្រាប់ដែល ជនល្មើសបានបាញ់រះមិនប្រណីដៃ ទៅលើលំនៅឋានជនរងគ្រោះ។ ប្រភពបានបន្តថា បន្ទាប់ពីបាញ់រះអស់ចិត្តហើយ ខ្មាន់កាំភ្លើងបានគេចខ្លួនចូលក្នុងព្រៃបាត់។ ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នោះ គឺកំពុងសម្រាកលង់លក់ក្នុង ដំណេកដែលមានចំនួនប្រាំនាក់ រាប់ទាំងអ្នកត្រូវរបួសពីរនាក់ផង ។

អ្នករងរបួសក្នុង ហេតុការណ៍ខាងលើ មានឈ្មោះអ៊ិត ថុល ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្តី រងរបួសពីរកន្លែងត្រង់ភ្លៅខាងស្តាំ និងម្នាក់ទៀតឈ្មោះ ធឿន គា ភេទស្រី អាយុ៥៣ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំដែរ។ ចំពោះជនដៃដល់ត្រូវ បានគេស្គាល់ថា ឈ្មោះ ចិ សុក អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុង តាមប្រមាញ់ដើម្បីចាប់ខ្លួន ។ 

គេឆ្ងល់ថា តើជននោះបានអ្វីស៊ីទៅបើបន្តលាក់ ខ្លួនរាប់ខែក្នុងព្រៃបែបនេះ ឬមួយក៏ធ្វើជាមនុស្សព្រៃ ?



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម