ពិតជាព្រហ្មលិខិតមែន! ម្តាយបែក កូន ដោយសារ កូនត្រូវគេលួច... ១៧ឆ្នាំក្រោយ រកគ្នាឃើញវិញ!

 
 

អាហ្វ្រិកខាងត្បូង៖ ទារកម្នាក់ ត្រូវបានគេលួច ពីក្នុងដៃម្តាយ របស់នាង ខណៈនាង និងម្តាយ កំពុងដេកលក់ ប៉ុន្តែជាព្រហ្មលិខិត រយៈពេល ១៧ឆ្នាំក្រោយ ពួកគេនៅតែអាច រកគ្នាឃើញ វិញដដែល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកម្នាក់ មានឈ្មោះថា Zephany Nurse (ឈ្មោះម្តាយដាក់ឲ្យ មុនពេលនាង មិនទាន់ត្រូវ គេលួច) ដែលបានបែកគ្នា ជាមួយនឹងម្តាយ អស់រយៈពេល ១៧ឆ្នាំ បានជួបជុំ ជាមួយនឹង ក្រុមគ្រួសារវិញ បន្ទាប់ពីនាង បានរៀនសាលា ជាមួយនឹង ប្អូនស្រីបង្កើត របស់នាង។

នាង Zephany Nurse ត្រូវបានរកឃើញ បន្ទាប់ពីនាង បានចូលរៀន នៅអនុវិទ្យាល័យ ក្នុងទីក្រុង Cape Town នៃប្រទេស អាហ្វ្រិកខាងត្បូង ជាមួយនឹង ប្អូនស្រីបង្កើត របស់នាង វ័យ១៤ឆ្នាំ ដែលមានឈ្មោះថា Cassidy Nurse ខណៈកូនសិស្ស ជាច្រើន បានកត់សម្គាល់ ឃើញថា ពួកនាងទាំង២នាក់ មានភាពស្រដៀងគ្នា។

ជាមួយគ្នានេះដែរ នាង Cassidy Nurse ក៏បានប្រាប់ ទៅឪពុកម្តាយ របស់នាង គឺលោក Morn និងអ្នកស្រី Celeste អំពី សិស្សស្រី (នាង Zephany) នោះ។ បន្ទាប់មកពួកគេ ក៏បានអញ្ជើញនាង (Zephany) ទៅលេងផ្ទះ របស់ពួកគេ បន្ទាប់ពីនាង ចេញពីសាលា។


អ្នកស្រី Celeste និងនាង Zephany

នៅថ្ងៃដែលពួកគេ បានជួបគ្នា លោក Morn និងអ្នកស្រី Celeste ក៏បានធ្វើតេស្ត DNA ទៅលើ នាង Zephany ហើយក៏បានដឹងថា នាង Zephany ពិតជាកូនស្រីបង្កើត របស់ពួកគេ ដែលបានបែកគ្នា អស់រយៈពេល ១៧ឆ្នាំ ពិតមែន។ ក្រោយមកពួកគេ ក៏បានទាក់ទង ទៅប៉ូលីស តែម្តង។

យ៉ាងណាមិញ ស្រ្តីវ័យ៥០ឆ្នាំម្នាក់ ដែលត្រូវបានគេ ជឿជាក់ថា បានផ្លាស់ប្តូរឈ្មោះ របស់នាង Zephany ក្រោយលួចយកនាង ទៅចិញ្ចឹម ធ្វើជា កូនស្រីបង្កើត របស់ខ្លួនឯងនោះ ត្រូវបានប៉ូលីស ឃាត់ខ្លួន និងចោទប្រកាន់ ពីបទចាប់ជំរិត និងលួចបន្លំ។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា ស្រ្តីជាប់ចោទ បានរៀបការ រួចមកហើយ ប៉ុន្តែគ្មានកូន ហើយរស់នៅ ក្បែរផ្ទះរបស់ លោក Morn និងអ្នកស្រី Celeste ទៀតផង បានលួចយក នាង Zephany ពីក្នុងដៃម្តាយ ខណៈនាងកំពុងដេក ជាមួយម្តាយ។


លោក Morn (ពាក់វែនតាខ្មៅ) និងអ្នកស្រី Celeste (ពាក់វែនតាខ្មៅ)

គួរបញ្ជាក់ផងដែរថា នាង Zephany បានបាត់ខ្លួន នៅក្នុងខែមេសា ឆ្នាំ១៩៩៧ និងត្រូវបានប្រកាស ស្វែងរក តាមប្រព័ន្ធផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស។ ជាងនេះទៅទៀត ឪពុកម្តាយ នាង Zephany បានខិតខំស្វែងរក អស់រយៈពេល ជាច្រើនឆ្នាំ ប៉ុន្តែគ្មាន នរណាម្នាក់ បានស្គាល់ និងដឹងថា នាងនៅកន្លែងណា ឡើយ។

លោក Morn និងអ្នកស្រី Celeste មានកូនស្រី ចំនួន២នាក់ និងកូនប្រុស ម្នាក់ទៀត ប៉ុន្តែពួកគេ មិនដែលបំភ្លេច នូវកូនដំបូង (នាង Zephany) របស់ពួកគេឡើយ ហើយតែងតែ ប្រារព្ធពិធី ខួបកំណើត របស់នាង ជារៀងរាល់ឆ្នាំ ដោយមាននំ និងទៀន ទៀតផង។ រីឯប្អូនៗ របស់នាង Zephany ត្រូវបាន លោក Morn និងអ្នកស្រី Celeste ប្រាប់ពីដំណើររឿង នៃការលួចយក នាង Zephany ទៅ។

យ៉ាងណាមិញ ពួកគេ នឹងប្រារព្ធធ្វើ ពិធីខួបកំណើត ឲ្យនាង Zephany នៅក្នុងខែមេសា ខាងមុខនេះ ជាមួយនាង លើកដំបូង៕

ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម