គ្រូវិទ្យាល័យ១០មករា ធ្វើកូដកម្ម បណ្តេញ គ្រូម្នាក់ចេញពីសាលា

 
 

សៀមរាប៖ គ្រូវិទ្យាល័យ «១០ មករា ១៩៧៩» កណ្តាលក្រុងសៀមរាប ជាង១០០នាក់ បាននាំគ្នា ធ្វើកូដកម្ម មិនចូលបង្រៀន ដើម្បី ទាមទារឲ្យ មន្ទីរអប់រំខេត្ត បណ្តេញលោកគ្រូបង្រៀនម្នាក់ចេញពីសាលា ដោយពួកគាត់ បានអះអាងថា លោកគ្រូបង្រៀនភាសាខ្មែររូបនេះ បានបង្កបញ្ហា ជាច្រើននៅក្នុងសាលា និងធ្លាប់ផ្ទុះអំពើហិង្សា វាយតប់គ្នាជាមួយគ្រូៗដទៃទៀតថែមផង។

គ្រូបង្រៀនម្នាក់ ក្នុងចំណោមគ្រូបង្រៀនជាង ១០០នាក់ផ្សេងទៀត ដែលបានចូលរួមធ្វើកូដកម្ម មិនចូលបង្រៀន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ បានប្រាប់ឲ្យ ដឹងថា ការធ្វើកូដកម្ម បានធ្វើឡើងបន្ទាប់ពីសំណើរបស់ ក្រុមគ្រូបង្រៀនឲ្យដកលោក ជាន ស៊ន គ្រូបង្រៀន ភាសាខ្មែរ នៅក្នុង វិទ្យាល័យ «១០ មករា ១៩៧៩» មិនត្រូវ បានមន្ទីរ ក៏ដូចជានាយកសាលាចាត់ការនោះទេ។

លោក ខន ខុន គ្រូបង្រៀនភូមិវិទ្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា លោកគ្រូ ជាន ស៊ន  ដែលត្រូវបានគ្រូនាំគ្នាតវ៉ា និងធ្វើ លិខិតសូមឲ្យដកចេញពីសាលានេះ ដើម្បីជាគ្រូបង្រៀន នៅខេត្តប៉ៃលិន ហើយ  ត្រូវបានគេផ្លាស់ប្តូរមកវិទ្យាល័យ ១០ មករា ចំនួន ៤-៥ឆ្នាំ មកហើយ។ ការផ្លាស់ប្តូរពីសាលា នៅខេត្តប៉ៃលិន មក  វិទ្យាល័យ ១០ មករា ដែលជាវិទ្យាល័យធំជាងគេ និង ល្បីល្បាញ ក្នុងក្រុងសៀមរាប ក៏ដោយសារ តែការនៅមិន ចុះសម្រុងជាមួយគ្រូដទៃ ហើយតែងមាន ជម្លោះជារឿយនោះ។

លោកគ្រូ ខន ខុន បានបន្តថា បន្ទាប់ពីផ្លាស់មកនៅក្នុងវិទ្យាល័យ ១០ មករា លោកគ្រូ ជាន ស៊ន តែងតែមានទំនាស់ពាក្យសម្តីជាមួយ គ្រូៗបង្រៀនដូចគ្នា ហើយក៏ធ្លាប់មានជម្លោះ ជាមួយនាយកសាលា ថែមទៀតផង។ បើតាម  លោកគ្រូ ថន ថុន លោកគ្រូ ជាន ស៊ន មិនដែលត្រូវ ជាមួយគ្រូៗ ក្នុងវិទ្យាល័យនេះឡើយ គាត់តែងក្រអើតក្រទម  និងតាំងខ្លួនជាអ្នកចេះជាងគេជានិច្ច។

លោកគ្រូ ខន ខុន បានបញ្ជាក់ថា «លោកគ្រូហ្នឹងពេលឈ្លោះប្រកែកជាមួយគេ តែងយក ទាហ៊ានមក សំឡុត  គំរាមគ្រូដទៃទៀត ហើយថែមទាំង យកឈ្មោះ លោក ហ៊ុន ម៉ានី និងលិខិតសរសើរ របស់នាយករដ្ឋមន្រ្តីអួតក្អេងក្អាង។ គាត់ (ជាន ស៊ន) ធ្លាប់បោះសម្តីទៀតថា ប្រសិនបើ គ្រូណា ចង់បានធំ ត្រូវតែដើរតាមគេ»។

ក្រៅពីជម្លោះពាក្យសម្តី លោកគ្រូ ជាន ស៊ន ក៏បានបង្កការវាយតប់ជាមួយគ្រូដទៃ ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ កិត្តិយសវិទ្យាល័យ ១០ មករា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ល្បីល្បាញនៅក្នុងខេត្តនោះ។ នេះបើតាមការបញ្ជាក់  របស់លោក ខន ខុន។

ឆ្លើយតបការចោទប្រកាន់នេះ លោកគ្រូ ជាន ស៊ន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា អ្វីដែលលោក ខន ខុន លើក ឡើង គឺជារឿងមិនពិតទាំងស្រុង ហើយជាការបង្ខូច កិត្តិយសទាំងស្រុង។

លោកគ្រូ ជាន ស៊ន បញ្ជាក់ថា «លោក ខន ខុន និយាយយ៉ាងនេះ បង្ខូចកិត្តិយសខ្ញុំខ្លាំងពេកហើយ ខ្ញុំមិនធ្វើដូចអ្វី ដែលគាត់ និយាយ នោះទេ ហើយខ្ញុំក៏មិនដែលអាង ឯកឧត្តម ហ៊ុន ម៉ានី នោះដែរ នេះគឺជាការនិយាយ ដើម្បីឲ្យឯកឧត្តមស្អប់ខ្ញុំប៉ុណ្ណោះ»។

លោកគ្រូ ជាន ស៊ន ដែលមានវ័យទើប ៣៤ឆ្នាំ បានអះអាងថា លោកនឹងមិនចាកចេញ  ពីសាលានោះ ឡើយ ព្រោះលោកមិន បានធ្វើខុស នឹង ច្បាប់រដ្ឋ បាលការងារ ដូចជាការមិន គោរពម៉ោងបង្រៀន ប្រើពាក្យសម្តីមិនល្អណាមួយទៅលើសិស្សនោះឡើយ។ តែលោកក៏ទុកឲ្យ មន្ទីរអប់រំ និងគណៈ អភិបាលខេត្ត ជាអ្នកសម្រេចទៅលើរឿងនេះ ត្បិតរូបលោក ក៏មានលោកគ្រូ អ្នកគ្រូចេញមុខ គាំទ្រផងដែរ។

លោក ជាន ស៊ន បានបង្ហើបផងដែរថា ការធ្វើកូដកម្មនេះ គឺផ្តើមចេញពីក្រុមគ្រូបង្រៀន ដែលដឹកនាំដោយលោក  គ្រូ ប៉ោ គា ដេញភាស៊ីផ្ញើកង់-ម៉ូតូ មិនឈ្នះរូបលោក។ លោកគ្រូ ជាន ស៊ន ក៏គ្រោងនឹងប្តឹងបកទៅលោកគ្រូ ប៉ោ គា ដែរ ដែលធ្វើឲ្យប៉ះពាល់ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ លោកគ្រូផងដែរ។

លោកគ្រូ ខន ខុន បានអះអាងថា ក្រុមគ្រូបង្រៀនទាំងអស់ នឹងបន្តធ្វើកូដកម្ម មិនចូលបង្រៀន រហូតមានការដក  លោកគ្រូ ជាន ស៊ន ចេញ ពីវិទ្យាល័យ ១០ មករា។

ប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក អ៊ុង សេរីឌី បានឲ្យដឹងថា សំណើរបស់គ្រូបង្រៀន និងបញ្ហាទាំងអស់ ត្រូវ  បានលោកធ្វើ របាយការណ៍ជូនទៅគណៈអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង រួចរាល់ហើយ តែមិនទាន់  ទទួលបានលទ្ធផល នៅឡើយនោះ ទេ។ លោកបានបញ្ជាក់ថា ដំណោះស្រាយនឹងមានក្នុងពេលឆាប់ៗនេះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម