ដល់​ពេល​​​​ត្រកូល​ស៊ីននាំ​បទ​ចម្រៀង​អធិរាជ​សំឡេង​មាស​ទៅ​​ ចុះ​កម្មសិទ្ធិ​បញ្ញា​ហើយ​!

 
 

បទ​​ចម្រៀង​អធិរាជ​សំឡេង​​មាស​ លោក​ ស៊ីន ស៊ី​សាមុត​​​ ចំនួន​ ១៨១​ បទ​​​​ត្រូវ​បាន​​នាំ​យក​​ទៅ​​ចុះ​កម្មសិទ្ធិ​បញ្ញា​​នៅ​​នាយកដ្ឋាន​​កម្មសិទ្ធិ​បញ្ញា​ នៃ​​​ក្រសួង​ពាណិជ្ជកម្ម​​​ ដោយ​សមាគម​ស៊ិន​ស៊ី​មុត​ កាល​ពី​ព្រឹក​មិញ​​​នេះ​​ ខណៈ​បទ​ចម្រៀង​របស់ លោក ​​ ស៊ិន ស៊ី​សាមុត ​​ជា​ច្រើន​បទ​ កំពុង​ត្រូវ​បាន​ផលិត​កម្ម​ ក្នុង​ស្រុក​​យក​ទៅ​​ប្រគំ និង​​ច្រៀង​ដោយអ្នក​​ចម្រៀង​​ថ្មី​​​។​

នៅ​ឯ​ទី​ស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម​​ ដែល​មាន​​វត្តមាន​ទាំង​លោក​ យាយ​​ភរិយា​លោក​ ស៊ីន​ ស៊ី​សាមុត​ ​ផង​នោះ​​គឺ​​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​ពី​សំណាក់ ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​​ លោក​ជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​ចិត្រ​សិល្បៈ​​។​

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​បាន បាន​សន្យា​​​​ធ្វើ​ការ​ពិនិត្យ​​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ ​ជាមួយ ​នឹង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​​សិល្បៈ​​​មុន​​នឹង​ធ្វើ​​ការ​ចុះ​​​​បញ្ជី​បទ​​ចម្រៀង​ទាំង​នោះ​ ក្នុង​​កម្មសិទ្ធិ​បញ្ញា​។

បើ​តាម​​ឯកឧត្ដម​ ​រដ្ឋមន្ត្រី​​ នេះ​គឺ​ជា​​​ការ​បោះ​ជំហាន​​មួយ​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​​ការ​រំលោភ​​កម្ម​សិទ្ធិ​ទៅ​បទ​ចម្រៀង​​​របស់​សិល្ប​ករ​​ពី​​ជំនាន់​មុន។ ​បច្ចុប្បន្ន​ កម្ពុជា​​មាន​ច្បាប់​ស្តី​ពី​​កម្មសិទ្ធិ​បញ្ញា​យ៉ាង​ណា​ក៏​ដោយ​​។​ ប៉ុន្តែ​​​គ្រប់​យ៉ាង​ត្រូវ​សិក្សា​​ឲ្យ​បាន​ម៉ត់​ចត់​ជា​មុន​។​​​

លោក​ជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​​សិល្បៈ ​បាន​បាន​ទទួល​​ស្គាល់​ថា​ សមាគម​ ស៊ីន​ ស៊ី​សាមុត​​បាន​ដាក់​សំណើ​នេះ​ម្ដង​ហើយ​មក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។ ប៉ុន្តែ​​អ្វី​ៗ​គឺ​ត្រូវ​​​ចំណាយ​ពេល​​ ដោយ​សារ​ឯកសារ​មួយ​ចំនួន​ធំ ​គឺ​ត្រូវ​បាន​បាត់​បង់​ ពេល​​កម្ពុជា​​ធ្លាក់​ ក្នុង​សម័យ​សង្គ្រាម​។

លោក​​ជំទាវ​រដ្ឋមន្ត្រី​បាន​បន្ថែម​​ថា ​មាន​រូប​ភាព​ជា​ច្រើន​ ដែល​​គ្រួសារ​​អធិរាជ​សំឡេង​មាស​ទទួល​បាន​​ ​​និង​មាន​ទំហំ​ធំ​ជាង​​ប្រាក់​កាស​​ ​ប្រសិន​បើ​បទ​ចម្រៀង ​របស់ លោក ស៊ីន​ ស៊ីសាមុត ​​ត្រូវ​បាន​ចុះ​ ក្នុង​បញ្ជី​កម្មសិទ្ធិ​បញ្ញា​ ​​ក្នុង​នោះ​មាន​ខាង​ផ្លូវ​​​ឧត្ដមគតិ​ និង​កេរ្តិ៍​ឈ្មោះ ក្នុង​​វិស័យ​សិល្បៈ​ ដល់​កូន​ចៅ​ជំនាន់​ក្រោយ​។​​ ​

លោក ស៊ីន​ ច័ន្ទ​ឆាយ៉ា​ ប្រធាន​សមាគម​ស៊ីន​ ស៊ី​សាមុត បាន​ថ្លែង​​អំណរ​គុណ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដែល​បាន​​គាំទ្រ​ និង​សន្យា​ជំរុញ​​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ ក្នុង​កម្មសិទ្ធិ​បញ្ញា​បាន​ឆាប់​។​ លោក​​ថា​​​ មិន​មែន​មាន​តែ​​ជិត​ ២០០ បទ​នេះ​ទេ​ ដែល​​ត្រូវ​ស្នើ​ឲ្យ​ចុះ​​ជា​កម្មសិទ្ធិ​បញ្ញា គឺ​នៅ​​មាន​​ច្រើន​បទ​ទៀត​។

លោក​បាន​បន្ថែម​ថា​ ការ​យក​ចម្រៀង ពី​ជំនាន់​មុន​​ ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជា​ការរំលោភសិទ្ធិ​ធ្ងន់​ធ្ងរ​បំផុត​។

ទោះ​យ៉ាង​ណា​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​បាន​​បាន​​បន្ថែម​ទៀត​ ​​​ក្នុង​នាម​អ្នក​ស្រលាញ់ ​ចូល​ចិត្ត​បទ​ចម្រៀង លោក ស៊ីន ស៊ី​សាមុត​​ ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​​បាន​ឯកភាព​​គ្នា​បង្កើត​​កម្មវិធី​ដន្ត្រី​សប្បុរសធម៌​មួយ​នៅ​ឆ្នាំ​​ក្រោយ​ ក្នុង​គោល​បំណង​រម្លឹក​ដល់​​គុណូបការៈ ​និង​ប្រមូល​ថវិកា​ជួយ​ដល់​​គ្រួសារ​ ​របស់​លោក ស៊ីន ស៊ី​សាមុត​ ដែល​កំពុង​ជួប​ការ​លំបាក​។

​​កម្មវិធី​​នេះ​អាច​​នឹង​ធ្វើ​​ចំ​ថ្ងៃ​បុណ្យ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​​ ឆ្នាំ​ក្រោយ។​ “នេះ​គឺ​​​ជា​ពេល​​វេលា​មួយ​​ ដែល​​យើង​​ត្រូវ​បរិច្ចាគ​ ដល់​លោក​ ស៊ីន​ ស៊ី​សាមុត​ ខណៈ​លោក​បាន​បំពេ​អារម្មណ៍​យើង​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​”។ ​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​  បន្ថែម​៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម