រឿងបាត់លីអូនិងអាវទ្រនាប់ប្រពន្ធ ប៉េអឹមម្នាក់និងយោធាម្នាក់ ដេញវាយអ្នកភូមិ
ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ និងមន្ត្រីយោធាម្នាក់ បានរងការចោទប្រកាន់ថា បានប្រើដំបង វាយដំប្រជាពលរដ្ឋ នៅក្នុងភូមិ ទាំងកំរោល គ្មានរើសមុខ បណ្ដាលឲ្យ ស្ត្រីមានផ្ទៃពោះម្នាក់ រងរបួសធ្ងន់ និងមនុស្ស ក្មេងចាស់ ប្រុសស្រី ជាង១០នាក់ទៀត រងរបួសគ្រប់គ្នា កាលពីរសៀល ថ្ងៃទី១៤ កុម្ភៈ នៅក្នុងស្ថានីយរថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយចោទ អ្នកភូមិថា បានលួចយក ខោលីអូ និងអាវទ្រនាប់ ប្រពន្ធរបស់ខ្លួន ដែលហាល ក្បែររបងផ្ទះ ។
ជនដៃដល់ ដែលវាយដំអ្នកភូមិ គ្មានញញើតដៃនោះ ត្រូវអ្នកភូមិ ប្រាប់ថា ឈ្មោះ ម៉ឹង សាម៉ុន ហៅប្រុស ជាមន្ត្រី កងរាជអាវុធហត្ថខេត្ត និងម្នាក់ទៀត ឈ្មោះរ៉ាត់ ជាមន្ត្រីយោធា ដែលមានផ្ទះ នៅខាងក្រោយ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ។ ប្រភពដដែលថា ជនដៃដល់ ទាំង២នាក់នេះ ស្ថិតក្នុងស្ថានភាពស្រវឹង ប្រដាប់ដោយ ដំបងឫស្សី ម្នាក់មួយកំណាត់ ក្នុងដៃ បានជិះម៉ូតូ ឌុបគ្នា ចូលទៅក្នុង ស្ថានីយរថភ្លើង រួចចុះទៅដេញវាយ សំពងអ្នកភូមិ ដោយមិនរើសមុខ គ្រាដែលឃើញ ក្រុមអ្នកភូមិ មួយក្រុម កំពុងអង្គុយជុំគ្នា មានចាស់ មានក្មេង ។
ឈ្មោះ ផល សាវ័ន្ត អាយុ១៩ឆ្នាំ ដែលរងរបួស ដែរនោះ និយាយថា ប៉េអឹម និងទាហាន ប្រមឹកទាំង២នាក់ បានជិះម៉ូតូ ឌុបគ្នា មកវាយអ្នកភូមិ ដោយគ្មានមូលហេតុ គ្រាដែលខ្លួន និងអ្នកភូមិ ជាច្រើននាក់ទៀត កំពុងអង្គុយជុំគ្នា និយាយពីនេះពី នោះ ។ សាវ័ន្ត និយាយទៀតថា ជនដៃដល់ បានវាយសំពង អ្នកភូមិបណ្ដើរ ស្រែកចោទប្រកាន់ អ្នកភូមិបណ្ដើរ ថា «ពួកអ្ហែង សុទ្ធតែជាចោរ លួចខោលីអូ និងអាវទ្រនាប់ ប្រពន្ធអញ គ្មានសល់ ច្រើនលើកមកហើយ» ។ ប៉ុន្តែគ្មានអ្នកណា បានដឹងពីរឿង ប្រពន្ធ លោកប៉េអឹមនោះ បាត់លីអូ ឬអាវទ្រនាប់ នោះទេ ។ ជនរងគ្រោះ បញ្ជាក់ថា ខ្លួនត្រូវលោក ប៉េអឹមវាយ ឲ្យរបួស ចុងភ្នែកខាងឆ្វេង រីឯប្រពន្ធខ្លួន ឈ្មោះផល ស្រីអឿន អាយុ១៧ឆ្នាំ ដែលមានផ្ទៃពោះ ជាង៣ខែ ត្រូវលោកប៉េអឹម ឈ្មោះប្រុស និងលោកទាហាន ឈ្មោះរ៉ាត់ វាយផ្ដួល ទៅលើដី រហូតសន្លប់ ខណៈក្មេងចាស់ ប្រុសស្រី ជាង១០នាក់ទៀត បានរងបួស គ្រប់ៗគ្នា ដោយគ្មានអ្នកណា ហ៊ានតបតវិញឡើយ ព្រោះពេល២នាក់នេះ មកដល់ ដេញសំពង ពួកគេតែម្ដង ។
រីឯបុរស ឈ្មោះ ប្លែក ឌី អាយុ៣០ឆ្នាំ បានរៀបរាប់ដែរថា ពេលខ្លួនកំពុងដេក ក្នុងអង្រឹងក្បែរនោះ ក៏ត្រូវលោក ប៉េអឹមឈ្មោះប្រុស និងទាហាន ឈ្មោះរ៉ាត់ ប្រើដំបងវាយ សំពងទាំងកំរោល របួសស្ទើរ សុសសាច់ដែរ ពេលខ្លួន បម្រុងស្ទុះងើប ។ ដៃទាំងសងខាង របស់ខ្លួន បានរងនូវទម្ងន់ ដំបងឫស្សី ស្ទើរបាក់ ទម្រាំស្ទុះរត់ចេញ ពីក្នុងអង្រឹងរួច ។ បុរសនេះបន្តថា ខ្លួនមិនបាន ដឹងអ្វីសោះ ស្រាប់តែឈ្មោះ ប្រុស មកវាយខ្លួន ដល់ក្នុងអង្រឹង ។ គ្រានោះខ្លួន បានឃើញអ្នកភូមិ ចាស់ក្មេង ប្រុស ស្រី រត់ចូលក្នុងផ្ទះ តែត្រូវលោកប៉េអឹម និងបក្សពួក ដេញវាយសំពង ដល់ក្នុងផ្ទះទៀត ។ សូម្បីតែទារក អាយុជាង១ខួប ក៏ត្រូវរបួសដែរ ក្នុងចំណោម អ្នករបួសជាង១០នាក់ ។
ដោយឡែក ស្ត្រីរងគ្រោះ ឈ្មោះផល ស្រីអឿន អាយុ១៧ឆ្នាំ ដែលរងរបួស រហូតដល់សន្លប់ ក្រោយពេលដឹងខ្លួនវិញ បានប្រាប់កោះសន្តិភាព នៅឯគ្លីនិកថា ពេលនាងឃើញ មន្ត្រីប៉េអឹម ឈ្មោះម៉ុន ហៅប្រុស និងទាហានម្នាក់ ឈ្មោះរ៉ាត់ ព្រួតគ្នា វាយប្ដីរបស់នាង និងអ្នកភូមិ ជាច្រើននាក់ទៀត នាងបានស្ទុះទៅជួយ តែត្រូវឈ្មោះប្រុស វាយត្រូវក្បាល មួយដំបង ហើយឈ្មោះរ៉ាត់ បានស្ទុះ មកធាក់នាងផ្ដួល និងវាយនាង ថែមទៀត ។
ស្រី អឿន បានបញ្ជាក់ថា គ្រានោះ នាងជ្រុះប្រាក់ ចំនួន១៥.០០០រៀល ពីហោប៉ៅ ។ ពេលនាង ព្យាយាមងើប ទៅរើសប្រាក់នោះ ក៏ត្រូវឈ្មោះរ៉ាត់ និងឈ្មោះប្រុស ធាក់នាងផ្ដួលវិញ ហើយឈ្មោះរ៉ាត់ បានរើស យកប្រាក់នាង បាត់ទៅ ។ នាងនិយាយថា ពេលនោះ នាងបានចាប់ផ្ដើម ចុកក្នុងទ្រូង និយាយលែងរួច រហូតសន្លប់ បាត់ស្មារតី លុះពេលដឹងខ្លួនវិញ ស្រាប់តែនាង នៅក្នុងគ្លីនិក ឯកជនមួយ ដែលច្រមុះ នាងភ្ជាប់ ទុយោអុកស៊ីហ្សែន ។ ផល ស្រីអឿន បានបន្ថែមថា នាងមិនទាន់ ដឹងអំពីអនាគត កូន នៅក្នុងផ្ទៃរបស់នាង នៅឡើយទេ ព្រោះគ្រូពេទ្យ នៅមិនទាន់ ផ្ដល់ដំណឹង ។
ជុំវិញករណីនេះ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលមិនហ៊ាន បញ្ចេញឈ្មោះ បានប្រាប់ កោះសន្តិភាព តាមទូរស័ព្ទ នៅព្រឹក ថ្ងៃទី១៥កុម្ភៈ ថា ពិតជាមាន រឿងបែបនេះមែន ហើយមន្ត្រីប៉េអឹម ដៃដល់នោះ ត្រូវលោកមេបញ្ជាការ បញ្ជាឲ្យនាំខ្លួន ចូលទៅកាន់ បញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថខេត្ត តាំងពីពេលបង្ក ហេតុភ្លាមៗ ដើម្បីសួរនាំ ។ មន្ត្រីដដែលបន្តថា កន្លងមក ធ្លាប់មានជនខិលខូច ចូលទៅលួច យកសម្លៀកបំពាក់ របស់មន្ត្រី ប៉េអឹមឈ្មោះប្រុស នោះពីស្នូ ហាលខោអាវមែន ហើយសង្ស័យថា អ្នកភូមិ ដែលនៅក្បែរនោះ ជាអ្នកប្រព្រឹត្ត ។ ប៉ុន្តែមន្ត្រីប៉េអឹម ឈ្មោះប្រុស នេះមិនគួរនាំគ្នា ទៅវាយដំប្រជាពលរដ្ឋ ដោយគ្មានរើសមុខ អ៊ីចឹងទេ ព្រោះការចោទប្រកាន់នេះ គ្មានភស្ដុតាងឡើយ ។ នេះជាកំហុស របស់មន្ត្រីប៉េអឹម ឈ្មោះម៉ឹង សាម៉ុន និងគូកន ដែលស្រវឹង ធ្លាក់ភ្នែក ទៅបង្កហិង្សា លើអ្នកភូមិ មិនរើសមុខ រហូតមានរបួសស្នាម បែបនេះ ។ ទង្វើនេះ បានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សេចក្ដី ថ្លៃថ្នូររបស់ ថ្នាក់ដឹកនាំ និងអង្គភាព ។
នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ នៃទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឡាច ប្រុស បានប្រាប់ កោះសន្តិភាព ដែរថា លោកមេបញ្ជាការខេត្ត បានបញ្ជាឲ្យនាំខ្លួន ឈ្មោះម៉ឹង សាម៉ុន ហៅប្រុស និងបក្សពួក ដៃដល់ មកកាន់ទីបញ្ជាការ ភ្លាមៗដែរ ដើម្បីសួរនាំ អំពីដំណើររឿងនេះ ខណៈជនរងគ្រោះ មួយចំនួន បានចូលដាក់ពាក្យបណ្ដឹង និងមួយចំនួនទៀត មិនទាន់សម្រេចចិត្ត ។ លោកឡាច ប្រុស បញ្ជាក់ថា លោកមេបញ្ជាការ បានដាក់បទបញ្ជា មិនអនុញ្ញាតឲ្យ ឈ្មោះម៉ឹង សាម៉ុន ហៅប្រុស ចាកចេញ ពីទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តទេ ។
ទោះជាយ៉ាងណា បើតាមការពិនិត្យ ជាក់ស្ដែង នៅកន្លែងកើតហេតុភ្លាមៗ គឺមានប្រជា ពលរដ្ឋ ចាស់ក្មេងប្រុសស្រី យ៉ាងតិច ជាង១០នាក់ បានរងរបួស ដោយសារ ស្នាដៃ លោកប៉េអឹម និងលោកទាហាន ប្រមឹកខាងលើនេះ ដែលអ្នករបួស ទាំងនោះ មានអាយុ ចាប់ពីជាង១ខួប ឡើងទៅ ។ ប៉ុន្តែពួកគេ មិនមានរបួស បែកឈាមទេ គ្រាន់តែមាន ស្នាមជាំដៃជើង ដងខ្លួន ប៉ោងភ្នែក និងក្បាល លើកលែង តែស្ត្រីឈ្មោះផល ស្រីអឿន មានផ្ទៃពោះ ជាង៣ខែ ម្នាក់ប៉ុណ្ណោះ ដែលរងរបួស រហូតដល់សន្លប់ ហើយត្រូវជនដៃដល់ ដណ្ដើមយក លុយអស់១៥.០០០ រៀល ទៀតផង។ ពេលនេះ ពួកគេកំពុង ស្វះស្វែងរកជំនួយ អន្តរាគមន៍ផ្នែក ច្បាប់ពីអង្គការ ការពារសិទ្ធិមនុស្ស នានាក្នុងខេត្ត ដើម្បីជួយរក យុត្តិធម៌ដល់ពួកគេ ជាពលរដ្ឋ ទន់ខ្សោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!