យប់ផ្សំ​ដំណេក​កូនក្រមុំ​អស់កម្លាំង ​សុំ​ចាំ​ថ្ងៃស្អែក​ ក​ម្លោះ​កូន​២ ផ្តាច់និស្ស័យ​ស្នេ​ហ៍ ទារ​សំណង​៣.៥០០​ដុល្លារ

 
 

ខេត្តកំពង់ឆ្នាំង៖ រាត្រីទឹកឃ្មុំរវាងគូស្រករថ្មោងថ្មីនៃពីធីអាពាហ៍ពិពាហ៍ដែល ត្រូវបានបញ្ចប់ដោយពិធី« ព្រះថោងតោងស្បៃនាងនាគ» គឺកូនក្រមុំដឹកដៃ កូនកម្លោះចូលបន្ទប់ គ្រប់គ្នាសង្ឃឹមថា នឹងមានសេចក្តីសុខ សុភមង្គលយ៉ាង ពិតប្រាកដ ព្រោះតែមង្គលការ តាមប្រពៃណី ពី បុរាណរបស់ខ្មែរ ដែលមិនអាចខ្វះបាន ក្រោមកិច្ច ម្តាយទុកឪពុកដាក់ ពិតជាគ្មានអ្វីមកជា ឧបសគ្គឡើយ ។

ផ្ទុយទៅវិញគូស្រករមួយគូដែលនឹងលើកយកមកអធិប្បាយនេះ គឺពិតជាធ្វើឱ្យកូនក្រមុំ និងកូនកម្លោះ   ពោះម៉ាយកូន២ សក់ល្បាយអាចម៏ ខ្លា ខកចិត្តត្បិតរាត្រី ទឹកឃ្មុំក្លាយជាទឹកខ្មេះ ទាល់តម្រិះខាងប្រុស ប្តឹងទាមទារបណ្ណាការ ៣ពាន់៥រយដុល្លារ ពីខាង ស្រីវិញ ដែលបញ្ហានេះ ធ្វើឱ្យភាគីទាំងសងខាង ដែលមុននេះមិន បានប៉ុន្មានផងធ្លាប់ តែល្អូកល្អិនដាក់គ្នា ប្រែក្លាយជាមើលមុខ គ្នាមិនចំទៅវិញ ។

នៅលើគ្រែឬស្សីក្រោមផ្ទះពីអំពីឈើប្រក់ស័ង្កសីតូចល្មម នាងជាកូនក្រមុំដែលខកចិត្តក្នុងមង្គលការមិន ដូចបំណងបានព្យាយាម បង្ហាញ រូបថត រៀបការ និងបានប្រាប់ថា នាងមានឈ្មោះ សឹម ម៉ារី អាយុ១៨ឆ្នាំ ជាកូនពៅគេក្នុង ចំណោមបងប្អូន ៥នាក់ (ប្រុស២ស្រី៣) ម្តាយ នាងជាស្ត្រីមេម៉ាយ មានឈ្មោះ ម៉ាត់ នូណាត អាយុ៦០ឆ្នាំ គ្រួសារនាងមាន ទីលំនៅភូមិចារ្យថ្មី ឃុំអណ្ទូងស្នាយ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។

រូបនាងបានរៀបការនៅថ្ងៃទី១៥ មករា ២០១៥ ជាមួយបុរសពោះម៉ាយកូន២ម្នាក់ មានឈ្មោះណុប គឹម សូ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ ធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នាងបានស្គាល់គ្នា និងព្រមភ្ជាប់និស្ស័យស្នេហ៍ ជាមួយបុរសខាងលើនេះ តាមរយៈ បងថ្លៃរបស់ បងស្រីនាង មុនពេលរៀបមង្គលការ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ  ។ ក្រោយពីបាន ព្រមព្រៀងជាមួយម្តាយ នាងហើយកូនកម្លោះ ជាគូដណ្តឹងនាង បានប្រគល់ប្រាក់ សម្រាប់រៀបមង្គលការ ឱ្យទៅម្តាយនាងចំនួន ៣ពាន់ ដុល្លារ និងបានបំពាក់ ចិញ្ចៀនពេជ្រ១វង់ ម៉ូតូស៊េរី ០១៤មួយគ្រឿង ខ្សែ.ក មាស១ខ្សែ និងស្លាកដៃមាស១ខ្សែ ឱ្យនាងមុនពេល រៀបការទៀតផង ។

នាង សឹម ម៉ារី ជាកូនក្រមុំបានបន្តថា នៅថ្ងៃរៀបមង្គលការ ក្រោយពីពិធីទទួលភ្ញៀវបានបញ្ចប់ជា  បណ្តើរៗ មានភ្ញៀវដែលជា សាច់ញាតិ បាន ហៅនាងឱ្យចូលរួម តុផឹកជាមួយ ស្រាប់តែពេល នោះកូនកម្លោះ មានចិត្តប្រចណ្ឌមកលើនាង ហើយបានផឹកស្រា រហូតយប់ជ្រៅ ខណៈដែល នាងអស់កម្លាំង ព្រោះហត់នឿយ ចាត់ចែងក្នុងពីធីមង្គលការ ក៏បានចូលទៅ ដេកនៅបន្ទប់មុន ។ នៅវេលារំលងអាធ្រាត ស្ងាត់ ភ្ញៀវបងប្អូនបាន ទៅផ្ទះអស់ បុរសកូនកម្លោះបានចូលមកដេក ជាមួយនាង តែនាងប្រាប់ថា «ខ្ញុំអស់កម្លាំងណាស់ ចាំថ្ងៃស្អែកទៅ» ស្រាប់ តែ ពេលនោះ បុរសជាប្តីនាង បានច្រឡោតខឹង និងបានឡូឡា ព្រមជាមួយគ្នានោះ បានយករូបថតកូនក្រមុំ កម្លោះដែលគេសម្រាប់ដាក់ តាំងមុខរោងការ មកបោកចោល រួចរត់ទៅដេក នៅក្រោមផ្ទះ បើទោះនាងខំចុះ មកអង្វរឱ្យ ទៅដេកលើផ្ទះ និងបានព្យាយាមពន្យល់ថា «វាមិនល្អ មើលទេបង ថ្ងៃផ្សំដំណេកបង មកដេកក្រោមផ្ទះអ៊ីចឹង ពេលនេះឱ្យតែបងឡើង សម្រានលើផ្ទះខ្ញុំព្រម តាមបងទាំងអស់» តែបុរស ជាប្តីមិនស្តាប់ឡើយ ។

នាង សឹម ម៉ារី បានបន្តថា ស្អែកឡើងប្តីនាងមិនបាននិយាយអ្វីទេ គិតតែខឹង និងចោទនាងគ្រប់បែប  យ៉ាង ហើយបានផឹកស្រា និងដេក ក្រោម ផ្ទះទៀត ។ លុះព្រឹកឡើងថ្ងៃទី ១៧ មករា ២០១៥ គាត់បាននិយាយថា «យើងគ្មាននិស្ស័យនឹងគ្នាទេ» គាត់ក៏បានធ្វើ លិខិតលែងលះ មួយសន្លឹក (នាងជាប្រពន្ឋបានយក ក្រដាស់ពាក្យលិខិតលែង លះ១ស្លឹកមកបង្ហាញ )  ដោយក្នុងខ្លឹមសារដាក់ថា យើងទាំង២បាន ព្រម ព្រៀងលែង លះគ្នា ដោយមិនប្តឹងផ្តល់ និងទាមទារសំណង អ្វីនឹងគ្នាឡើយ ហើយក៏បានផ្តិត មេដៃទាំងអស់គ្នា និងមានសាក្សីសង ខាងដឹង ឮផងដែរ ។

ក៏ប៉ុន្តែពេលគាត់ត្រឡប់ទៅផ្ទះនៅរាជធានីភ្នំពេញវិញស្រាប់តែ ថ្ងៃទី១៨ មករា ប្តីនាងបាននាំក្រុមគ្រួសារ គាត់មករករឿងឈ្លោះ ដោយបាន សម្លុតថា ត្រូវសងប្រាក់ចំនួន៣.៥០០ដុល្លារទៅខាងប្តីវិញ បើមិនដូច្នោះទេ នឹងប្តឹងចាប់ដាក់គុក ដាក់ច្រវាក់ជាពុំខាន ។ នាងបាននិយាយថា ប្រាក់៣ពាន់ដុល្លារ បានចាត់ចែងថ្លៃ មង្គលការអស់ហើយ ចំណែកចិញ្ចៀនពេជ្រ ១វង់ ប្តីគាត់ជាអ្នកបញ្ជា ឱ្យគាត់លក់ដើម្បី សងថ្លៃ បណ្ណាការ ដែលខាត បានប្រាក់ ចំនួន ១.៧០០ដុលា្លរ ហើយប្រាក់ទាំងនោះ បានចាត់ចែងសងគេ ហើយ ចំណែកខ្សែ.ក ខ្សែដៃ នាងបាន ដោះឱ្យទៅប្តីវិញ អស់ហើយដែរ ។

នាងបានខំអង្វរភាគីខាងប្តីថា ខ្ញុំសុខចិត្តសងទៅប្តីចំនួន២ពាន់ដុល្លារចុះ តែក្រុមគ្រួសារខាងប្តីនៅតែមិន ព្រម ហើយបានចោទ គ្រួសារនាង ជាអ្នករៀបចំ គំនិតបោកប្រាស់ បើគ្មានប្រាក់ ចំនួន៣.៥០០ដុល្លារ ទេខាងប្តី នឹងប្តឹងដាក់គុក ជាពុំខាន។

នាងបានបញ្ជាក់ថា នាង និងគ្រួសារគ្មានគំនិតបោកប្រាស់ឡើយ បើមានគំនិតបោកប្រាស់មែន ខ្សែ.ក ខ្សែដៃដែលនៅនឹងខ្លួន នាងមិនឱ្យ ទៅប្តីវិញទេ។ លោក សុខ យ៉ាន មេឃុំអណ្តូងស្នាយ បានមានប្រសាសន៍ថា គ្រួសារនេះពេល មកសុំច្បាប់ ការលោក មិនបាន អនុញ្ញាត្ត ច្បាប់ឱ្យទេ ព្រោះខាងស្រីមិនទាន់ គ្រប់អាយុ នៅខ្វះខែ នេះបើតាមច្បាប់ចាស់ ឯច្បាប់ថ្មីនៅមិន ទាន់អនុម័តនៅឡើយ ។ តែទោះបីឃុំ មិន អនុញ្ញាត្តក៏គេ បានរៀបចំការ ហើយដែរ តែពេលរៀបការហើយ ស្រាប់តែមានរឿង សុំលែងលះគ្នាទៅវិញ តែគេគ្រាន់តែមក ជម្រាបឱ្យ ដឹងទេ មិនទាន់ឃើញមាន ពាក្យបណ្តឹងនៅ ឡើយទេ ។ 

ទោះយ៉ាងណារឿងរ៉ាវខាងលើនេះ គឺជាការបកស្រាយរបស់ភាគីនាងជាប្រពន្ធតែប៉ុណ្ណោះ ចំណែកភាគី បុរសជាប្តីមិនអាច សុំការបំភ្លឺបានទេ ដែលសង្ឃឹមថា បន្ទាប់ពីមានការចុះផ្សាយ នេះទៅភាគីខាងប្រុស នឹងមានប្រតិកម្ម តវ៉ាជាពុំខាន ដែលសារព័ត៌មាន យើងនឹងរង់ចាំ ទទួល ការ ស្រាយបំភ្លឺដោយរីករាយ ៕










                                                                                                        

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម