ខ្មែរសោកស្ដាយ តែមោទនភាពចំពោះរឿង “The Missing Picture”
ក្រុមអ្នកនិពន្ធ និង មន្រ្តីក្រសួងវប្បធម៌បានសម្ដែងការសោកស្ដាយចំពោះខ្សែភាពយន្ដខ្មែររឿង “រូបភាពដែលបាត់បង់” ឬ “The Missing Picture” មិនបានទទួលពានរង្វាន់ Oscars ប៉ុន្ដែបានសម្ដែងមោទនភាពចំពោះរឿងនេះថា បានឆ្លងកាត់ដល់ដំណាក់កាលចុងក្រោយ ហើយបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរ។
លោក ជា សុភាព អ្នកវិភាគឯកសារ នៃមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់គេហទំព័រ Sabay នៅប៉ុន្មាននាទីមុននេះថា ថ្វីបើរឿង “The Missing Picture” មិនបានលើកពាន Oscars ក្ដី ប៉ុន្ដែ រឿងនេះ បានជាប់ក្នុងចំណោម ៥ រឿងចុងក្រោយ បានសេចក្ដីថា រឿងនេះជាប់ហើយគ្រាន់តែមិនបានលើកពានប៉ុណ្ណោះ។
ផ្ទុយពីអស់សង្ឃឹម លោក ជា សុភាព បាននិយាយថា អាចចាត់ទុកថា នេះជាមោទនភាពជាតិព្រោះវាបានឆ្លងកាត់ដល់ដំណាក់កាលចុងក្រោយ ក្នុងចំណោមប្រទេសជាង ៦០ គឺគេយកតែ ៥ ប៉ុណ្ណោះ ក្នុងនោះមានរឿង “The Missing Picture” របស់ខ្មែរ។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌បានសម្ដែងការសោកស្ដាយចំពោះរឿង “The Missing Picture” ដែលមិនបានលើកពាន ប៉ុន្ដែក៏បានសម្ដែងមោទនភាពចំពោះរឿងនេះ ដែលបានឆ្លងកាត់ដល់ដំណាក់កាលចុងក្រោយដែរ។
“ខ្ញុំបានដាក់ក្ដីសង្ឃឹមខ្លាំងលើរឿងនេះ ដល់ពេលរឿងនេះមិនបានពានសោកស្ដាយមែនទែន ប៉ុន្ដែយើងក៏មោទនភាពដែរ ដែលរឿងនេះបានឆ្លងដល់ដំណាក់កាលចុងក្រោយ”។
លោក ពៅ សុខ អ្នកនិពន្ធជំនាន់ក្រោយ បានបញ្ចេញទស្សនៈដែរថា “វាពិតជាមោទនភាពខ្លាំងណាស់សម្រាប់ខ្មែរយើង ព្រោះគ្រប់ភាពយន្តទាំងអស់ មុនពេលឈានទៅដល់វគ្គចុងក្រោយ គឺត្រូវឆ្លងកាត់លក្ខខណ្ឌជាច្រើន មិនមែនដូចយើងគិតធម្មតាទេ”។
លោក ពៅ សុខ បានលើកឡើងទៀតថា ក្នុងនាម ជាអ្នកសរសេរជំនាន់ក្រោយលោកយល់ថា រឿង “The Missing Picture” គឺជាគំនិតច្នៃប្រឌិត ដ៏អស្ចារ្យ របស់ផលិតករ ឬ សមិទ្ធិករ ខ្មែរ។
“ខ្ញុំមិនតូចចិត្តចំពោះការមិនទទួលបានពាននេះទេ ព្រោះ ភាពយន្តរបស់គេ ក៏ល្អដែរ។ ដូច្នេះ មិនមែនយើងខ្សោយទេ ប៉ុន្តែ គេខ្លាំងដែរ”។
ក្រឡេកទៅមើលលើបណ្ដាញសង្គម Facebook វិញ យុវវ័យជាច្រើនបញ្ចេញចំណាប់អារម្មណ៍ពីការសោកស្ដាយចំពោះខ្មែរមិនបានលើកពាន Oscars ក៏ប៉ុន្មែ ពួកគេម្នាក់ៗ សុទ្ធតែគាំទ្រថា ខ្មែរល្អហើយដែលបានឆ្លងកាត់ដល់ដំណាក់កាលចុងក្រោយ។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា រឿង “The Missing Picture” គឺជាផ្នែកមួយចូលរួមផ្សព្វផ្សាយឈ្មោះប្រទេសកម្ពុជា ក៏ដូចជា ការលើកមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ទន្ទឹមគ្នានេះ លោកបានអះអាងថា ប្រទេសកម្ពុជានៅតែមានក្ដីសង្ឃឹមនៅក្នុងការដណ្ដើមបានពានរង្វាន់ Oscars នាពេលខាងមុខ ខណៈកម្ពុជា មានសក្ដានុពលលើការផលិតខ្សែភាពយន្តខ្នាតខ្លី និង ឯកសារ ប៉ុន្តែប្រភេទរឿងភាគកម្ពុជានៅត្រូវការពេលវេលា។
ព្រឹកមិញនេះ លទ្ធផលពានរង្វាន់ OSCAR សម្រាប់ផ្នែកភាពយន្តភាសាបរទេស បានប្រកាសហើយ ដែលក្នុងនោះ ភាពយន្តភាសាបរទេសល្អបំផុត បានទៅលើ ខ្សែភាពយន្ត “The Great Beauty” របស់ប្រទេសអ៊ីតាលី មិនមែន “The Missing Picture” របស់កម្ពុជាទេ ប៉ុន្តែទោះយ៉ាងណាក៏កម្ពុជា នៅតែមានមោទនភាព៕
From: news.sabay.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!