សិស្ស​វិទ្យា​ល័យ​ហ៊ុន​ សែន​ បល្ល័ង្ក​២នាក់​លង់​ទឹក​ស្លាប់​ ខណៈ​​នាំ​គ្នា​ជិះ​ទូក​លេង​ទឹក​ស្ទឹង​សែន​

 
 

ខេត្តកំពង់ធំ ៖ សិស្សវិទ្យាល័យហ៊ុន សែន បល្ល័ង្ក២នាក់ ក្នុងចំណោម ៤នាក់ បានលង់ទឹកស្លាប់ ខណៈពេលពួកគេ ជិះទូកលេង។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី០៨ កុម្ភៈ ២០១៥ នៅចំណុច ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

យុវសិស្សដែលស្លាប់ ឈ្មោះ ឈ ថៃលៀង ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០B រស់នៅ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា និងម្នាក់ទៀត ឈ្មោះ ឯក ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០F រស់នៅភូមិពោធិ៍ តាអ៊ុន សង្កាត់ស្រយ៉ូវ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមសិស្ស វិទ្យាល័យហ៊ុន សែន បល្ល័ង្គ ជិត១០នាក់ រួមជាមួយ លោកគ្រូ២នាក់ ម្នាក់ឈ្មោះ កែន សេរីរ័ត្ន ចាន់មន្នី និងម្នាក់ទៀត ឈ្មោះ ហៀង វណ្ណថាន បាននាំគ្នា ទៅទិញពោតដុតហូប នៅចំណុច ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំណែកសិស្ស ៤នាក់ទៀត ជាសិស្សរៀនថ្នាក់ផ្សេង តែនៅក្នុងវិទ្យាល័យ ជាមួយគ្នា បានទៅលេង នឹងគេដែរ ។ លុះថ្ងៃបន្តិច ក៏នាំគ្នាជិះទូក និងងូតទឹកលេង មានទូកចំនួន៣ ដោយទូក ពួកគេ ជិះគ្នា៤នាក់ ខណៈពេល កំពុងជិះទូកលេង ពួកគេបាន យកទូរស័ព្ទ ថតរូបលេង ចៃដន្យទូកក៏លិច។

ពេលនោះ ជនរងគ្រោះ បានស្រែកហៅ ឲ្យគេជួយ ឃើញដូច្នោះ លោកគ្រូទាំង២នាក់ និងអ្នកចេះហែលខ្លះ នាំគ្នាទៅជួយ ស្រង់បាន២នាក់ រីឯ២នាក់ទៀត លិចទៅក្នុងទឹក បាត់ទំរាំតែ ទូកអ្នកភូមិ នៅជិតនោះមកជួយ ស្រង់បាន អ្នកទាំង២នាក់ ស្លាប់បាត់ទៅហើយ។

នៅល្ងាចថ្ងៃកើតហេតុនោះដែរ គេបានឃើញ វត្តមានរបស់ លោក ហុក រិន អភិបាលក្រុងស្ទឹងសែន រួមជាមួយមន្ត្រី រាជការ បាននាំយកនូវ ថវិកាទៅជួយឧបត្ថម្ភ ដល់គ្រួសារ នៃសព របស់យុវសិស្ស ទាំង២នាក់ ក្នុងម្នាក់ៗ ចំនួន២៨០.០០០រៀល និងអង្ករ៥០គីឡូក្រាម៕






 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម