សំនួរ-ចម្លើយ​ក្តៅគគុក​​ជុំវិញ​​​​​​អាថ៌កំបាំង​បាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី

 
 

តើ​យន្តហោះ​​ប៊ូអ៊ីង​៧៧៧​ ហោះ​បក​ក្រោយ​ឬ យ៉ាងណា?
​ពិត​ជា​អាច ក៏ប៉ុន្តែ​មិន​ច្បាស់​១០០% នោះ​ឡើយ។ ប្រភព​មិន​ច្បាស់លាស់​មាន​កាន់តែ​ច្រើន​ឡើង​​ធ្វើ​ឲ្យ​មាន​ភាព​ខ្វែង​គំនិត​គ្នា​រវាង​​​រដ្ឋាភិបាល​ម៉ាឡេស៊ី និង មន្ត្រី​កងទ័ព​ជើង​អាកាស​របស់​ខ្លួន។ មន្ត្រី​កងទ័ព​​ជើង​អាកាស​បាន​​អះអាង​ថា រ៉ាដា​យោធា​ចាប់​បាន​ដាន​​យន្តហោះ​ចុងក្រោយ​នៅ​ជ្រោយ​Malacca​ នៅ​ភាគ​ខាងលិច​ប្រទេស រយៈ​ពេល​២​ម៉ោង​ក្រោយ​ពេល​​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន ខណៈ​រដ្ឋាភិបាល​​វិញ​បាន​បដិសេធន៍​ហើយ​អំពាវនាវ​ឲ្យ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​រុករក​។​

យន្តហោះ​ម៉ាឡេស៊ី​ប៊ូអ៊ីង ៧៧៧​ កំពុង​​បាត់​ខ្លួន

សូមចុចអាន៖ ផ្កាយរណប​ចិន​ចាប់​បាន​​​​​​បំណែក​​​​​៣​​សង្ស័យ​ថា​ ជា​កម្ទេច​​​យន្តហោះ​​ម៉ាឡេស៊ី​ ខណៈ​វៀតណាម​ប្រកាស​ផ្អាក​ការ​រុករក

តើ​អ្វី​ទៅ​ជា​ឧបករណ៍​​ទំនាក់ទំនង (Transponder ឬ Black Box)?​
វា​ជា​ឧបករណ៍​ទំនាក់ទំនង​​ជា​មួយ​​សញ្ញា​រ៉ាដា​នៅ​លើ​ដី ដើម្បី​ផ្ដល់​លេខ​កូដ​ទីតាំង​យន្តហោះ រយៈកម្ពស់​ហោះហើរ និង ​ការ​​ហៅ​​ទៅវិញ​ទៅមក​​។ ក្រុម​​អ្នក​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស​ប្រើប្រាស់​សញ្ញា​នេះ ដើម្បី​កំណត់​ល្បឿន​យន្តហោះ និង​ទិស​ដៅ​ហោះហើរ​របស់​វា។​​

ហេតុ​អ្វី​ឧបករណ៍​មិន​ដំណើរ​ការ?
ឧបករណ៍​នេះ ត្រូវ​បាន​បំពាក់​នៅ​ចន្លោះ​អ្នក​បើកបរ​យន្តហោះ និង​អាច​បាន​បិទ​បាន​ដោយ​អ្នក​បើក​យន្តហោះ។ ក៏ប៉ុន្តែ​សំនួរ​បាន​ចោទឡើង​នោះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​ឧបករណ៍​នេះ​ត្រូវ​បាន​បិទ មិន​ដំណើរ​ការ ឬ ជា​ចេតនា​របស់​អ្នក​បើក​យន្តហោះ? ឬ ក៏​​មាន​ក្រុម​ប្លន់​យន្ត​ហោះ​ចូល​ទៅ​បន្ទាប់​អ្នក​បើកបរ ឬ វា​មិន​ដំណើរ​ការ​ដោយ​សារ​បង្ក​ឡើង​ពី​​​ហានិភ័យ​ណា​មួយ​ភ្លាម? ​​នេះ​ហើយ​ជា​​​អ្វី​ដែល​បាន​បង្កើត​ចម្ងល់​​រាប់​មិន​អស់​យ៉ាង​អាថ៌កំបាំង​​រហូត​មកដល់​នៅ​ពេល​នេះ។

តើ​ការរុករក​ធ្វើ​ឡើង​ដោយ​របៀបណា?
ក្រុម​អ្នក​រុករក​​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ ដោយ​បែងចែក​​ដែន​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​​ជា​តំបន់​តូចៗ​នៅ​តំបន់​យន្តហោះ​បាត់​ខ្លួន​​ ដើម្បី​ធានា​ថា​ការ​រុករក​ត្រូវ​ធ្វើ​ឡើង​ដោយ​ល្អិតល្អន់។ បន្ទាប់​មក​យន្តហោះ​ដែល​មាន​រហូត​ដល់​៤២​គ្រឿង និង​នាវា​រួម​ទាំង​កប៉ាល់​៣៩​គ្រឿង​មក​ពី​១២​ប្រទេស​​នៅ​ពេល​នេះ​ត្រូវ​ចូល​រុករក​តាម​តំបន់​ដែល​បាន​ចែក​ទាំង​នោះ ដែល​ពួកគេ​កំពុង​ពង្រីក​ដែន​រុករក​កាន់តែ​ធំ​ឡើងៗ​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង និង​​ដល់​ជ្រោយ​Malacca ភាគ​ខាងលិច​ដែន​គោក​ម៉ាឡេស៊ី។

ការ​ពង្រីក​ដែន​រុករក​នៅ ទីតាំង​ដែល​យន្តហោះ បាត់​ខ្លួន (Last Known Location) និង​ជ្រោយ​Malacca

សូមចុចអាន៖ យន្តហោះ​ម៉ាឡេស៊ី​អាច​ប្ដូរ​ទិសដៅ​​ហោះ​បក​​​ក្រោយ​វិញ

តើ​ប្រភព​ផ្សេងៗ​គ្នា​កាន់តែ​ច្រើន​ឡើង​អាច​ផ្ដល់​តម្រុយ​ឈាន​​ដល់​ការ​រក​ឃើញ​យន្តហោះ​នេះ​ដែរ​ឬ​ទេ?
វា​ជា​ការ​ពិត ព្រោះ​ថា​ប្រភព​ទាំង​នេះ​នឹង​​ផ្ដល់​តម្រុយ​បន្ថែម​ទៀត​ជា​ជាង​រក​នៅ​កន្លែង​ចាស់​ដែល​មិន​បាន​ផ្ដល់​លទ្ធផល​អ្វី​​គួរឲ្យ​កត់សម្គាល់។ តួយ៉ាង​​ដូច​ជា​ផ្កាយរណប​ចិន រួម​ទាំង​ក្រុមហ៊ុន​ផ្កាយរណប​Colorado ជា​បច្ចេកវិទ្យា​ផ្កាយរណប​ទំនើប​ឈាន​មុខ​គេ​លើ​លោក និង​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ផ្ដិត​យក​រូបភាព​ផ្សេងៗ​ជុំវិញ​ករណី​នេះ​នៅ​លើ​ឈូង​សមុទ្រ​ថៃ សមុទ្រ​ចិន​ខាងត្បូង និង​ជ្រោយ​Malacca។

តើ​នេះ​ជា​ករណី​​បាត់​យន្តហោះ​យូរ​បំផុត​ក្នុង​លោក​ឬ យ៉ាងណា?
ចម្លើយ​គឺ​ទេ! ​កាល​ពី​ឆ្នាំ​១៩៨៨ យន្តហោះ Pan Am Flight 103 បាន​ផ្ទុះ​ឆេះ​នៅ​តំបន់​ Lockerbie ប្រទេស​ ស្កុតឡែន សម្លាប់​​មនុស្ស​២៤៣​នាក់។ ៣​ឆ្នាំ​ក្រោយ​ការ​ស៊ើបអង្កេត​​ទើប​គេ​រក​ឃើញ​ថា យន្តហោះ​នេះ ត្រូវ​បាន​​បំផ្ទុះ​ដោយ​គ្រាប់​បែក​របស់​ក្រុម​ភេរវជន។ ករណី​យន្តហោះ ​TWA 800 ក្នុង​ឆ្នាំ ១៩៩៦ ការ​ធ្លាក់​យន្តហោះ​អេហ្សីប​Air 990 ​​កាល​ពី​ឆ្នាំ​១៩៩៩​ និង​ចុងក្រោយ​គឺ​យន្តហោះ​Air France  447 នៅ​មហាសមុទ្រ​អាត្លង់ទិច​គឺ​សុទ្ធ​តែ​ជា​បញ្ហា​ស្មុគស្មាញ​​ក្នុង​ប្រវត្តិសាស្ត្រ​ធ្លាក់​​យន្តហោះ​​​ដែល​​បាន​​ប្រើ​ពេល​ស៊ើបអង្កេត និង​រុករក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

តើ​យន្តហោះ​​នេះ​​បាត់​ខ្លួន​ដោយ​របៀបណា?​​​​
នេះ​ពិតជា​​សំនួរ​មិន​ធម្មតា​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ឆ្លើយ​បាន​​រហូត​មក​ទល់​ថ្ងៃ​​នេះ។ វា​កំពុង​បង្កើត​ភាព​​អាថ៌កំបាំង​មិន​គួរឲ្យ​ជឿ​មួយ​ដល់​ពិភពលោក​ទាំងមូល ខណៈ​ដែល​​បច្ចេកវិទ្យា​ទំនើប​​បច្ចុប្បន្ន​​​​​មិន​ទាន់​រក​ឃើញ​ដាន​​​អ្វី​ឡើយ​​​ពី​យន្តហោះ​នេះ ពោល​គឺ​អ្វីៗ​ស្ថិត​នៅ​លើ​ការ​សន្និដ្ឋាន​តែប៉ុណ្ណោះ។

ទីតាំង​​ដែល​គេ​សង្ស័យ​ថា ជា​កន្លែង​យន្តហោះ​បាត់​ចេញ​ពី​រ៉ាដា

សូមចុចអាន៖ ការពិត​ដ៏សំខាន់​ទំាង​​៦​យ៉ាង ជុំវិញ​​ការ​បាត់​​យន្តហោះ​ម៉ាឡេស៊ី​

តើ​​អ្នក​បើក​យន្តហោះ​មាន​បទពិសោធន៍​​ដែរ​ឬ​ទេ?
ពិតជា​មាន ហើយ​ក៏​មិន​មែន​ចេះ​ស្ទើរៗ​នោះ​ដែរ ត្បិត​អី​លោក Zaharie Ahmad Shah ជា​អ្នក​បើក​យន្តហោះ​មាន​វ័យ​៥៣​ឆ្នាំ ​មាន​បទពិសោធន៍​កាន់​ចង្កូត​យន្តហោះ​អស់​រយៈ​ពេល​៣៥​ឆ្នាំ​ហើយ ដែល​គិត​សរុប​​ជើង​ហោះហើរ​មាន​​រហូត​ដល់​​ ១៨.៣៦៥​ជើង​ហោះ​ហើរ​ឯណោះ។

តើ​​ករណី​នេះ​​អាច​ចាត់​ទុក​ជា​អំពើ​ភេរវកម្ម ឬ ប្លន់​យន្ត​ហោះ?​​
សម្រាប់​ទីក្រុង​កូឡាឡាំពួរ ខ្លួន​មិន​សង្កត់​ធ្ងន់​លើ​ករណី​នេះ​នោះ​ឡើយ តែ​គេ​ក៏​មិន​ត្រូវ​មើល​រំលង​នោះ​ដែរ។ CIA និង FBI បាន​លើកឡើង​ពី​ចំណុច​នេះ ហើយ​ខ្លួន​កំពុង​សហការ​ជា​មួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ ដើម្បី​​ស៊ើបអង្កេត​លើ​​​ករណី​នេះ។ សម្រាប់​អ្នក​ជំនាញ​អាកាសចរណ៍​វិញ បាន​បញ្ជាក់​ថា វា​ជា​បញ្ហា​បច្ចេកទេស ជា​ជាង​អំពើ​ភេរវកម្ម ឬ ប្លន់​យន្តហោះ។

អាច​ទៅ​រួច​ដែរ​ឬ​ទេ​ដែលថា ​អ្នក​បើក​យន្តហោះ​នៅ​ពី​ក្រោយ​​ករណី​នេះ?
​នេះ​​ចំណុច​មួយ​ដែល​គេ​សង្ស័យ​ផង​ដែរ​លើ​យន្តហោះ​ប៊ូអ៊ីង​៧៧៧​​ខាងលើ ត្បិត​អី​នៅ​ពេល​កន្លង​មក​ក៏​មាន​អ្នក​បើក​យន្តហោះ​​មួយ​ចំនួន​បាន​ធ្វើ​អត្តឃាត​ផង​ដែរ ខណៈ​រហូត​មក​ដល់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គ្មាន​​ការ​អះអាង​ណាមួយ​​មួយ​បាន​លើកឡើង​ពី​ករណី​នេះ។

ប្រទេស​ដែល​ចូលរួម​​​​រុករក​យន្តហោះ ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន

សូមចុចអាន៖ បាត់​យន្ត​ហោះ​​​ម៉ាឡេស៊ីគឺ​ជា​រឿង​​អាថ៌កំបាំង​​​បំផុត​!

បើ​ភេរវកម្ម​ក៏​មិនមែន ប្លន់​យន្តហោះ​ក៏​មិនមែន ដូច្នេះ​មាន​តែ​បញ្ហា​បច្ចេកទេស?​
នេះ​ជា​​លទ្ធភាព​មួយ​ដែល​គេ​យល់ឃើញ​ថា ​មាន​លក្ខណៈ​សម​ហេតុ​ផល​ជាង​គេ​នៅ​ពីក្រោយ​ការ​បាត់​ខ្លួន​យន្តហោះ​នេះ។ អវត្តមាន​បំណែក​យន្តហោះ​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ បញ្ជាក់​ថា​អ្នក​បើក​យន្តហោះ​ចុះចត​ជា​បន្ទាន់​នៅ​លើទឹក ហើយ​ក្រោយ​មក​បាន​លិច​បាត់​​ទៅ​បាត​សមុទ្រ។ ប៉ុន្តែ​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​​នៅ​ឡើយ ស្រប​​ពេល​ដែល​​អ្នក​បើក​យន្តហោះ​ជើងចាស់​​អាមេរិក​លោក Kit Darby វិញ​បាន​លើកឡើង​​ពី​ទ្រឹស្ដី​អ្នក​បើក​យន្តហោះ​ត្រូវ​សម្រេចចិត្ត​បើក​ត្រលប់​ថយ​ក្រោយ​​វិញ​​ទៅ​កាន់​អាកាសយានដ្ឋាន​ដែល ​​ខ្លួន​​ចុះចត ជាជាង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ពេល​ដាច់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា។

​ការ​លើកឡើង​មួយ​ទៀត​បាន​​សន្និដ្ឋាន​ថា បង្អួច ឬ ទ្វា​យន្តហោះ​​អាច​របើក​ធ្វើ​ឲ្យ​​​​​​​ខ្យល់​ចូល​នៅ​ក្នុង​​បន្ទប់​យន្តហោះ​​ និង​ធ្វើ​ឲ្យ​​សីតុណ្ហភាព​​ចុះ​ត្រជាក់​​​ភ្លាម​ៗ​​បង្ក​ទៅ​ជា​​​អ័ព្ទ​ ផ្ដល់​លទ្ធភាព​​ឲ្យ​អ្នក​បើក​យន្តហោះ​ និង​អ្នកដំណើរ​មាន​ពេល​តិចតួច​តែប៉ុណ្ណោះ​ដើម្បី​​​ស្រូប​យក​ខ្យល់​អុកស៊ីហ្សែន​។​​​

ជា​បញ្ហា​អាកាសធាតុ?
គេ​អាច​កំណត់​បាន​ពី​​​​លក្ខណ​អាកាសធាតុ​នៅ​ពេល​​យន្តហោះ​នេះ​ចាកចេញ​ពី​អាកាសយានដ្ឋាន ក៏ប៉ុន្តែ​​គ្មាន​ទិន្នន័យ​ណា​មួយច្បាស់លាស់អាច​ទទួល​យក​បាន​​​​ពី​​អាកាសធាតុ​​​​នៅ​​អំឡុង​ពេល​​​យន្តហោះ​​នេះ​បាត់​ខ្លួន​នោះ​ឡើយ​។

សូមចុចអាន៖ ជនរងគ្រោះ​អូទ្រីស និង​អ៊ីតាលី ​មិន​នៅ​លើ​យន្តហោះ​​​ម៉ាឡេស៊ី​​ដែល​ធ្លាក់​​ទេ

ហេតុ​អ្វី​បាន​សាច់ញាតិ​ជនរងគ្រោះ​​នៅ​តែ​អាច​ហៅ​​ទូរស័ព្ទ​ចូល​បាន?
សាច់ញាតិ​ជន​រងគ្រោះ​​មួយ​ចំនួន​និយាយ​ថា ពួកគេ​នៅ​តែ​អាច​ហៅ​​ទូរស័ព្ទ​ចូល​បាន​ទៅ​សាច់ញាតិ​ដែល​បាត់​ខ្លួន​។  ជា​ការ​ពិត ទូរស័ព្ទ​ត្រូវ​បាន​បិទ​នៅ​ពេល​ហោះហើរ តែ​បន្ទាប់​ពី​យន្តហោះ​បាត់​ដំណឹង ​ឬ​ចេញ​ពី​គន្លង​រ៉ាដា​ ទូរស័ព្ទ​មួយ​ចំនួន​អាច​ប៉ះទង្គិច​និង​អាច​បើក​ឡើង​វិញ​បាន​ដោយ​ស្វ័យប្រវត្តិ។

យោង​តាម​អ្នកវិភាគ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​អាមេរិក​លោកJeff Kagan ​បាន​​ឲ្យ​ដឹង​ថា ការ​ហៅ​ទូរស័ព្ទ​ចេញ​ត្រូវ​ភ្ជាប់​ទៅ​បណ្ដាញ​ក្រុមហ៊ុន​ទូរស័ព្ទ​ជា​មុន​សិន មុន​នឹង​បញ្ជូន​បន្ត​ទៅ​អ្នក​ហៅ​ចូល។ នៅ​ក្នុង​អំឡុង​ពេល​នេះ​​អ្នក​​ហៅ​ចេញ​បាន​ឭ​សំឡេង​ហៅ​ចូល​ទៅ​សាច់ញាតិ​របស់​ពួកគេ តែ​ការ​ពិត​​សំឡេង​ហៅ​ចូល​នេះ​គឺ​គ្រាន់តែ​រយៈ ពេល​មួយ​ដែល​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​កំពុង​ស្វែង​រក​លេខ​ទំនាក់ទំនង​ផ្ទាល់​​ទៅ​ទូរស័ព្ទ​ដែល​ហៅ​ចូល​ប៉ុណ្ណោះ ហើយ​​និយាយ​ដោយ​ឡែក​នៅ​ពេល​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​​ទំនាក់ទំនង​ទៅ​កាន់​លេខ​ហៅ​ចូល​នោះ​ទេ ២​ឬ ៣​នាទី​ក្រោយ​មក​វា​នឹង​ដាច់​​ហើយ​​មិន​អាច​ទាក់ទង​បាន​បន្ត​ទៀត។

ចុះ​សម្រាប់​មិត្ត​អ្នក​អាន ក្នុង​នាម​ជា​អ្នក​តាមដាន​ព័ត៌មាន​នេះ​​វិញ ​តើ​មាន​សំណួរ​អ្វី​កំពុង​ងឿង​ឆ្ងល់​ជុំវិញ​បញ្ហា​បាត់​​ស្រមោល​សូន្យ​ឈឹង​​របស់​យន្តហោះ​ម៉ាឡេស៊ី​នេះ​ទេ?

by Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម