ស្រីក្រមុំ ដែលស្លាប់ អណ្ដែត ទឹកស្រះ នៅសំរោងទង ជាករណី គ្រោះថ្នាក់ចរាចរណ៍

 
 

កំពង់ស្ពឺ ៖ ករណីស្រីក្រមុំ វ័យក្មេងដែល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សពអណ្ដែត ទឹកស្រះ នៅខាងលិចផ្លូវ ក្រាលកៅ ស៊ូលេខ៥៣ ភូមិតាំងតាឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ត្រូវបានសមត្ថកិច្ច អះអាងថា ផ្ដើមចេញពី គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង មិនមែនជា អំពើឃាតកម្មឬ គ្រោះថ្នាក់ ចរាចរណ៍ រថយន្ដបុកនោះឡើយ ។

ទាំងមន្ដ្រីអាវុធហត្ថ និងមន្ដ្រីនគរបាល បានអះអាង ដូចគ្នាថា តាមរយៈការស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ទៅ លើភស្ដុតាងសាក្សី និង ជាពិសេសស្លាកស្នាម របួសនៅលើជនរង គ្រោះនោះ ពិតជាបង្ហាញថា ជាករណីគ្រោះ ថ្នាក់ចរាចរណ៍ ដួលម៉ូតូខ្លួនឯង ព្រោះតែស្រវឹង ហើយធ្លាក់ពីលើ ផ្លូវចូលទឹកស្រះ បណ្ដាលឱ្យ ស្លាប់តែម្ដង ។

មេបញ្ជាការអាវុធហត្ថ ស្រុកសំរោងទង លោក វិន ឡេងហួង បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ថា បើទោះបីករណី នេះមន្ដ្រីសមត្ថកិច្ច របស់លោកមិនបានកាន់ សំណុំរឿងក្នុងដៃ ប៉ុន្ដែ តាមការសន្និដ្ឋាន របស់ នគរបាល គឺជាករណីគ្រោះថ្នាក់ ចរាចរណ៍ពិត ប្រាកដមែន ។

ដូចគ្នានេះដែរ ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលនគរបាល យុត្ដិធម៌ នៃស្នងការដ្ឋាន នគរបាលខេត្ដ កំពង់ស្ពឺ លោក សោម បូរ៉ា បានអះអាងថា ជនរង គ្រោះដួល ម៉ូតូដោយខ្លួនឯង បណ្ដាលឱ្យមាន ករណីបែបនេះ កើតឡើងតែម្ដង ។

លោក សោម បូរ៉ា បានបញ្ជាក់តាមទូរស័ព្ទ មកថា ជនរងគ្រោះ មានសភាពស្រវឹងខ្លាំង ហើយជិះម៉ូតូដួលខ្លួន ឯងបណ្ដាល ឱ្យធ្លាក់ចូលទៅ ក្នុងទឹកស្រះរហូត ស្លាប់តែម្ដង ។

ស្នងការរង នគរបាលរូបនេះ បានសង្កត់ ធ្ងន់ថា មិនមែនជាអំពើ ឃាតកម្មឬ គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកនោះឡើយ ។

សូមបញ្ជាក់ថា សពនារីរងគ្រោះដែល មានឈ្មោះ ម៉ៅ សុខា អាយុ១៨ឆ្នាំ មុខរបរ ជាកម្មការិនីកាត់ដេរ នៅរោងចក្រ ខ្សែកាស់ រួចរស់នៅភូមិ ត្រញំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាអ្នកឆ្លុះ កង្កែបនៅពេលយប់ បានឱ្យ ដឹងថា នៅចំណុចកើតហេតុ នោះមានម៉ូតូ មួយគ្រឿង បើកក្នុងល្បឿនលឿន ក្នុងទិស ដៅពីជើងទៅត្បូង ប៉ុន្ដែមិនដឹងថា ជាប់ពាក់ ព័ន្ធទៅនឹង អំពើឃាតកម្មខាង លើនេះឬមួយ យ៉ាងណាឡើយ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូប នៅខេត្ដ កំពង់ស្ពឺ បានបង្ហាញថា ក្រោយការពិនិត្យ កោសល្យវិច័យលើ សពនារីរងគ្រោះ សមត្ថកិច្ចប្រទះ ឃើញមានស្លាកស្នាម ត្រង់ខ្នង ចង្កេះ និងជាំឃ្លៀកម្ខាង ប៉ុន្ដែពេលធ្វើកោសល្យវិច័យ លើប្រដាប់ភេទ ពុំមានស្លាក ស្នាមឬទឹកកាម ដែលផ្ដើមចេញ ពីការចាប់ រំលោភនោះឡើយ។

មន្ដ្រីនគរបាលរូបនេះ បានដកស្រង់សំដី ក្រុមគ្រួសារ របស់នារីរងគ្រោះ ឱ្យដឹងថា កាលពីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះបាន ជិះម៉ូតូម្នាក់ឯង ចេញពីផ្ទះដោយ ប្រាប់ក្រុមគ្រួសារថា ទៅលេងបុណ្យ ដាលាននៅ ផ្ទះមិត្ដភក្ដិក្នុង ខេត្ដកំពង់ស្ពឺ ប៉ុន្ដែ រហូតមកដល់យប់ ថ្ងៃដដែលនោះ មិនឃើញ ជនរងគ្រោះ ត្រឡប់មកវិញ ក៏មិនបានតេសួរ នាំដោយគិតថា ទំនងដេកជាមួយ មិត្ដភក្ដិ នៅទីនោះ លុះដល់រសៀល ថ្ងៃទី០១ ខែកុម្ភៈ ក៏ទទួលបានព័ត៌មាន ពីការស្លាប់តែម្ដង ធ្វើឱ្យក្រុមគ្រួសារ ទាំងមូលមាន ក្ដីរន្ធត់និង តត់ស្លុត យ៉ាងខ្លាំង ។

ក្រោយបញ្ចប់ការធ្វើ កោសល្យវិច័យលើ សពនារីរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីទាំង ក្ដីអាលោះអាល័យ ជាទីបំផុត៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម