លឹម រដ្ឋា រំលឹក​រឿង​ឪពុក​ម្ដាយ​ទាំង​អួល​ដើមក

 
 

“មាន​ផ្ទះ​ឥត​មនុស្ស​នៅ មាន​ផ្លូវ​ឥត​មនុស្ស​ដើរ។ ពុក ម៉ែ​កូន​នឹក​អ្នក​ទាំង​ពីរ​ណាស់..!!! បើ​សិន​ជា​អាច​កូន​ចង់​ហៅ​អ្នក​ទាំង​ពីរ​មក​វិញ”។ នេះ​ជា​អារម្មណ៍​ពិត ​នៃ​កូន​កំព្រា​ម្នាក់ ដែល​មាន​ឱកាស​ក្លាយ​ជា​តារា​សម្ដែង និង ​បង្ហាញ​ម៉ូដ ​លោក លឹម រដ្ឋា ចំពោះ​អ្នក​មាន​គុណ​បន្ទាប់​ពី​បាន​ទៅ​លេង​ស្រុក​កំណើត​ ដើម្បី​ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​កុសល​ជួន​ឪពុក​ម្ដាយ​រៀងរាល់​ឆ្នាំ។

លឹម​ រដ្ឋា និង ​អ្នក​ជិត​ខាង​ពេល​ទៅ បង្សុកូលឧទ្ទិស​ជួន​ឪពុក​ម្ដាយ

នៅ​ក្បែរ​ផ្ទះ​ពីរ​ខ្នង​បិទ​ទ្វា​ជិត​ឈឹង​គ្មាន​មនុស្ស​រស់​នៅ​សូម្បី​ម្នាក់ តារា​សម្ដែង​រូប​នេះ ​បានរៀបរាប់​ទាំង​រអាក់រអួល​មក​កាន់ Sabay ថា មិនមែន​ជា​អារម្មណ៍​នៃ​ការ​សម្ដែង​នោះ​ទេ រាល់​ការ​ត្រឡប់​មក​ស្រុក​កំណើត​ម្ដងៗ គឺ​លោក​តែងតែ​មាន​​អារម្មណ៍​ស្រងេះស្រងោច​ទឹក​ភ្នែក​ស្រក់​មិន​ដឹង​ខ្លួន នឹក​ស្រណោះ​ដល់​អ្នក​មាន​គុណ ដែល​បាន​ទទួល​អនិច្ចកម្ម​បន្តបន្ទាប់​ចោល​រូប​លោក ក្រោយ​ពី​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។

“ជា​ពិសេស​ម៉ែ​ខ្ញុំ​គាត់​បាន​ត្រឹម​តែ​ឭ​ថា កូន​ចូល​សិល្បៈ​គាត់​សប្បាយ​ចិត្ត​ណាស់ ទោះ​មិន​សូវ​ឃើញ​មុខ​ក្ដី ក្រោយ​មក​ក៏​បាន​លាចាក​លោក​ទៅ”។ រហូត​មក​ដល់​ពេល​នេះ ម្ដាយ​របស់​លោក​បាន​លាចាក​លោក​នេះ ប្រមាណ​ជាង​ ១០ ​ឆ្នាំ​ ហើយ។ ក្រោយ​មក​ឪពុក​ក៏​បាន​ទទួល​មរណភាព​ទៀត​អំឡុង ​២ ​ឆ្នាំ​មុន​នេះ ធ្វើ​ឲ្យ​ផ្ទះ​នេះ​លែង​មាន​អ្នក​រស់​នៅ​បន្ត​ទៅ​ទៀត។ នេះ​ជា​ការរៀបរាប់​របស់​ លោក​ លឹម រដ្ឋា។​


លឹម រដ្ឋា និង​ ផ្ទះ​ដែល​ឪពុក​ម្ដាយ​ធ្លាប់​រស់​នៅ ពេល​នេះ​បិទ​ទ្វា​ចោល

តាម​ពិត​ទៅ រដ្ឋា បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ និង​ឪពុកម្ដាយ​តាំង​ពី​ក្មេង​ម្ល៉េះ ហើយ​ទៅ​រស់​នៅ​ជាមួយ​អ្នក​ដទៃ​ដែល​មាន​ចិត្ត​សប្បុរស​ម្នាក់ លើ​ទឹក​ដី​ខេត្ត​សៀមរាប និង​ មាន​ឱកាស​បាន​សិក្សា​នៅ​ទី​នោះ ហើយ​បាន​ជួប​ឪពុក​ម្ដាយ​ម្ដងម្កាល​ប៉ុណ្ណោះ រាល់​ពេល​មក​លេង​ស្រុក​ម្ដងៗ។ តាំង​ពី​ពេល​នោះ​មិន​ដែល​បាន​រស់​នៅ​ជួបជុំ​គ្នា​ម្ដង​​ណាឡើយ ខណៈ​ឈាន​ជើង​ចូល​សិល្បៈ​កាន់​តែ​ជ្រៅ។

“ទោះ​ទៅ​ដល់​ទីណា​ក៏​ដោយ នៅ​តែ​នឹក​ឃើញ​គុណ​ជា​និច្ច។ ពេល​នេះ ខ្ញុំ​រក​លុយ​បាន​ភ្លាម​ទៅ​ស្រុក​ភ្លែត ដើម្បី​ធ្វើ​បុណ្យ​ជួន​ពូក​​គាត់”។ តារា​រូប​នេះ​បាន​បន្ដ​ថា នេះ​ជា​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​កូន​ម្នាក់​ចំពោះ​ឪពុក​ម្ដាយ ដែល​មាន​គុណ​គ្មាន​អ្វី​ប្រៀប​បាន។ ម្យ៉ាង​ទៀតទង្វើ​បែប​នេះ រូប​លោក​ជឿ​ថា នឹង​មក​នូវ​សេចក្ដី​សុខ​សប្បាយ និង​ ជោគជ័យ​ក្នុង​ជីវិត៕

ប្រភព   Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម