ចាប់មន្ដ្រី នគរបាលម្នាក់ ពាក់ព័ន្ធពី បទប្លន់
ភ្នំពេញ ៖ មន្ដ្រីនគរបាលម្នាក់ ដែលសមត្ថកិច្ច លួចបង្ហើបថា បម្រើការងារ នៅអង្គភាព ភស្ដុភា ក្រសួងមហាផ្ទៃ និងមាន ឪពុកជាមន្ដ្រី នគរបាលច្រក ត្រញំងថ្លឹង ខេត្ដកំពង់ចាម នោះត្រូវបានចាប់ខ្លួន និងដកហូតម៉ូតូគ្មាន ស្លាកលេខមួយគ្រឿង ដែលជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាព ប្លន់កាលពីពេល កន្លងទៅ ។
ជនសង្ស័យរូបនេះ ត្រូវបាននគរបាល ខណ្ឌចំការមន ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៥ ប៉ុន្ដែដោយសារ សំណុំរឿង ពាក់ព័ន្ធទៅនឹង បទល្មើសនៅ ខណ្ឌ៧មករា នោះទើបនគរបាល ខណ្ឌ៧មករា បានមក យកពីខណ្ឌចំការមន ដើម្បីធ្វើការ សួរនាំបន្ដ និងចាត់វិធានការ តាមផ្លូវច្បាប់ ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូបនៅ ខណ្ឌ៧មករា បានបញ្ជាក់ថា ជនសង្ស័យរូប ឈ្មោះ ប៉ាល់ សីហា ហៅតុលា អាយុ២៥ឆ្នាំ មុខរបរបច្ចុប្បន្ន ជាមន្ដ្រីនគរបាល នៅក្រសួង មហាផ្ទៃ ដែលប្រភពព័ត៌មាន ខ្លះអះអាងថា បម្រើការងារ នៅនាយកដ្ឋានភស្ដុភា ។
តាមមន្ដ្រីនគរបាល រូបនេះ ដំបូងឡើយ សមត្ថកិច្ចខណ្ឌចំការមន កាលពីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានដាក់ គោលដៅឆែក អាវុធជាតិផ្ទុះ នៅតាមដងផ្លូវ សាធារណៈ ស្រាប់តែប្រទះឃើញ ជនសង្ស័យរូបនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកញ្ចក់ ក៏សម្រេចធ្វើ ការដកហូត ម៉ូតូទុកជា បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ចំការមន ។
តាមមន្ដ្រីនគរបាល ដដែលនេះ ក្រោយពី សមត្ថកិច្ចបានដកហូត ម៉ូតូរបស់ខ្លួន យកទៅ រក្សាទុកជា បណ្ដោះអាសន្ននោះ ជនសង្ស័យ កាលពីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ បានចូលខ្លួនទៅ ដោយស្រាយនិង ចង់យកម៉ូតូត្រឡប់ មកវិញ ប៉ុន្ដែពេល សមត្ថកិច្ចសួរឈ្មោះ ដឹងហើយក៏ ឃាត់ខ្លួនជា បណ្ដោះអាសន្ន ពីព្រោះឈ្មោះ ជនសង្ស័យស្ថិត នៅក្នុង សំណុំរឿងប្លន់នៅដៃ សមត្ថកិច្ចខណ្ឌ៧មករា ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ៧មករា បានបន្ដទៀតថា ក្រោយពីខាងនគរបាល ខណ្ឌចំការមន ផ្ដល់ព័ត៌មានពីមុខ សញ្ញានេះ រួចមក នគរបាលខណ្ឌ៧មករា បានទៅយក ជនសង្ស័យបន្ដ ធ្វើការសួរនាំ និងដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
តាមការបញ្ជាក់ ពីសមត្ថកិច្ច ជនសង្ស័យ រូបនេះ ធ្លាប់បានចូលរួម ប្លន់នាពេលកន្លងទៅ ជាមួយសាច់ញាតិ របស់ខ្លួន ដែលខ្លះប្រភព ខ្លះអះអាងថា ជាប្អូនប្រុសបង្កើត ហើយប្អូន ប្រុសរបស់គេ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននិង ត្រូវបានតុលាការ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ រួចហើយ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ចុងក្រោយនេះ ដើម្បីពង្រឹងបញ្ហា សន្ដិសុខនិងសណ្ដាប់ធ្នាប់ សាធារណៈ ក៏ដូចជា ចូលរួមកាត់បន្ថយ បទល្មើស អាជ្ញាធរនិង សមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ បានដាក់គោលដៅ ត្រួតពិនិត្យ នៅតាមផ្លូវសាធារណៈ ដោយធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ ហើយលទ្ធផលមុខសញ្ញា ផ្សេងៗនិង វត្ថុតាងជាច្រើន ត្រូវបានឃាត់ខ្លួន និងដកហូតទាំង បទល្មើសគ្រឿង ញៀននិង ប្លន់ប្រដាប់ អាវុធជាដើម ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!