[Update] ព័ត៌មានបន្ថែម ទាក់ទងនឹង យន្តហោះបុកស្ពាន ធ្លាក់ចូលទឹក ទន្លេ នៅតៃវ៉ាន់ (មានវីដេអូ)

 
 

តៃវ៉ាន់៖ យោងតាមប្រភពព័ត៌មាន CNN បានឲ្យដឹងថា រហូតមកដល់ រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៏ យន្តហោះបុកស្ពាន ធ្លាក់ចូលទឹកទន្លេ នៅតៃវ៉ាន់ បានកើនឡើង រហូតដល់ ១២នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការ យ៉ាងញាប់ដៃ ដើម្បីជួយជនរងគ្រោះ ដែលនៅរស់រាន មានជីវិត។

គួររំលឹកផងដែរថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ TransAsia ស្ថិតក្នុងជើងហោះហើរ GE235 ផ្ទុកអ្នកដំណើរ ចំនួន៥៣នាក់ និងក្រុមការងារ នៅលើយន្តហោះ ៥នាក់ ដែលបានចេញដំណើរ ពីអាកាសយានដ្ឋាន សុងសាន (Songshan) ឆ្ពោះទៅកោះ Kinmen បានធ្លាក់ ចូលទៅក្នុង ទឹកទន្លេ Keelung បន្ទាប់ពីហោះបុក ស្ពាន Nanhu ក្នុងទីក្រុងតៃប៉ិ កាលពីវេលា ម៉ោង ១០ និង ៥៤នាទី ព្រឹកមិញនេះ។

បើតាមសម្តី របស់អ្នកនាំពាក្យ រដ្ឋាភិបាល នៃទីក្រុងតៃប៉ិ បាននិយាយថា យន្តហោះម៉ាស៊ីនភ្លោះ ប្រភេទ ATR 72 បានហោះបុក ស្ពាន Nanhu មុនពេលធ្លាក់ចូល ទៅក្នុងទឹកទន្លេ Keelung មុនម៉ោង ១១ព្រឹកមិញនេះ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់តៃវ៉ាន់ CNA បានរាយការណ៏ថា អ្នកបើកបរយន្តហោះ បានព្យាយាម គ្រប់គ្រង ទៅលើយន្តហោះ ដែលបាន សំយ៉ុងក្បាល ចុះមកក្រោម នោះដែរ ប៉ុន្តែស្លាបយន្តហោះ បានប៉ះជាមួយ នឹងស្ពាន និងរថយន្ត តាក់ស៊ីមួយគ្រឿង បណ្តាលឲ្យ យន្តហោះ ធ្លាក់ចូលទៅក្នុង ទឹកទន្លេ តែម្តង។ ជាមួយគ្នានេះដែរ អ្នកបើកបរតាក់ស៊ីម្នាក់ បានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ បន្ទាប់ពីបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរជាច្រើននាក់ទៀត កំពុងតែបាត់ខ្លួន ខណៈទីភ្នាក់ងារ ព័ត៌មាន CNA បានរាយការណ៏ថា ក្រុមអ្នកសង្គ្រោះ កំពុងជិះទូក ទៅជួយសង្គ្រោះ អ្នកដំណើរដែលនៅរស់ ចេញពីទឹកទន្លេ និងបំណែក នៃសាកសពយន្តហោះ ដែលបានធ្លាក់ នោះ។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរលើយន្តហោះ ទាំងអស់មានចំនួន ៥៣នាក់ ក្នុងនោះមាន មនុស្សពេញវ័យ ៥១នាក់ និងក្មេង២នាក់ (មានជនជាតិចិន ចំនួន៣១នាក់ មកពីទីក្រុង Xiamen ប្រទេសចិន)។

រដ្ឋបាលអាកាសចរណ៍ស៊ីវិល របស់តៃវ៉ាន់ ដែលហៅកាត់ថា CAA បានឲ្យដឹងថា យន្តហោះប្រភេទ ATR 72 ដែលបានធ្លាក់នេះ មានអាយុកាល មិនដល់មួយឆ្នាំផង ហើយទើបតែ ឆ្លងកាត់ ការត្រួតពិនិត្យ ចប់សព្វគ្រប់ ចុងក្រោយបង្អស់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ។

យ៉ាងណាមិញ មូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់មានទីភ្នាក់ងារ ឬប្រភពណាមួយ ផ្តល់ជាព័ត៌មាន ឲ្យបានដឹង នៅឡើយទេ។

គួររំលឹកទៀតថា កាលពីឆ្នាំមុន យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ TransAir ប្រភេទ ATR 72 ដូចគ្នានេះ បានធ្លាក់ បន្ទាប់ពីព្យាយាម ចុះចត នៅលើកោះ Penghu (តៃវ៉ាន់) បណ្តាលឲ្យ មនុស្សចំនួន ៤៩នាក់ បានស្លាប់ បាត់បង់ជីវិត៕

សូមទស្សនាវីដេអូខាងក្រោម៖







ប្រភព ៖ CNN | ChannelNewsAsia

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម