ស្វែងយល់ពីប្រវត្តិ មាឃបូជា ក្នុងព្រះពុទ្ធ សាសនា
ភ្នំពេញ៖ ថ្ងៃ១៥ កើត ពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៥៨ ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ គឺជាថ្ងៃមាឃបូជា ដែលមានសារៈសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែល នឹងបុណ្យពុទ្ធសាសនា ដទៃទៀតដែរ រួមមាន៖ មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។
បុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាស បង្កើតព្រះពុទ្ធសាសនា ឡើង ក្នុងលោកនា ប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពី ការត្រាស់ដឹង របស់ព្រះអង្គចំនួន ៩ខែគត់ ។
ការបង្កើតព្រះពុទ្ធ សាសនាក្នុងឋានៈ ជាអង្គការសាសនា មួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុង អង្គមហាសន្និបាតមួយ ដែលបាននិមន្ត មកពីគ្រប់ស្រទាប់ វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាស នៅគោលការណ៍ មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាត ទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យក ទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ ពីពុទ្ធសាសនា។ គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា "ឱវាទបា ដិមោក្ខ"។ បាដិមោក្ខ ជាឈ្មោះបាលី ពុទ្ធប្បញ្ញត្តិដែល ជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃ រាល់កន្លះខែ ៖ ឧទាហរណ៍ រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខ ជាដើម ដែលពុទ្ធសាសនិក ជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត ។
ថ្ងៃមាឃបូជា នេះព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ នៃយើងទ្រង់ប្រទាន ឱវាទបាដិមោក្ខដល់ មហាសង្ឃសន្និបាត ក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូង បង្អស់ក្នុង ព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤យ៉ាង កើតឡើងគឺ ៖
១. ព្រះសង្ឃសមណៈទូត ១,២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់ តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយ គោលធម៌ បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។
២. ព្រះសង្ឃទាំងអស់ សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុ ឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។
៣. ព្រះសង្ឃទាំងអស់ សុទ្ធតែជាព្រះអរហន្ត បានអភិញ្ញា ៦គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹង ចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នា ក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
៤. ថ្ងៃដែលព្រះសង្ឃ ទាំងអស់ជួបប្រជុំគ្នា នោះត្រូវនឹងថ្ងៃ ពេញបូណ៌មី ខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួប ប្រជុំគ្នាខាងលើ នេះហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកប ដោយអង្គ ៤។
ចតុរង្គសន្និបាត នេះប្រារព្ធធ្វើនៅ ក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជ គ្រឹះនៃមគធរដ្ឋ របស់ព្រះបាទ ពិម្ពិសារក្រោយ ពីព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មា សម្ពោធិញាណ កន្លងហើយបាន ៩ខែ គឺមុន ព.ស. ៤៥ ឆ្នាំ។
មូលហេតុសំខាន់ ដែលព្រះសង្ឃសមណៈ ទូតទាំងនោះ មកជួបប្រជុំគ្នា ក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃ ពេញបូណ៌មី ខែមាឃនោះ ត្រូវនឹងថ្ងៃ សិវរាត្រី របស់សាសនា ព្រាហ្មណ៍ក្នុង ថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែងប្រារព្ធពិធី លាងជម្រះបាប បូជាព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះ ទើបធ្វើដំណើរ ទៅគាល់ព្រះបរម សាស្តាដែលទ្រង់ធ្វើពុទ្ធ ដំណើរចេញ ពីល្អាងសុករខាតា មកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើ ដំណើរទៅផ្សព្វផ្សាយ ពុទ្ធធម៌នោះ មិនមែនធ្វើ ដំណើរទៅ ព្រមគ្នាទាំង ១.២៥០ អង្គ នោះទេ ប៉ុន្តែធ្វើដំណើរ ទៅតែមួយអង្គឯង ប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅ ដាច់ដោយឡែកពីគ្នា ការដែល ព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅ វត្តវេឡុវ័នដោយ មិនបានណាត់ ទុកជាមុនដូច ជាណាត់តាមទូរស័ព្ទ ឬ អ៊ិនធើណេតជាដើម នោះទេដែលនេះ ទើបចាត់ជា ហេតុការណ៍អស្ចារ្យ ។
តើព្រះសង្ឃទាំង ១.២៥០អង្គ នោះចេញមក ពីប្រភពណាខ្លះ?
ប្រភពនៃព្រះសង្ឃទាំង ១.២៥០អង្គនោះ គឺ ៖
ក. សិស្សគណរបស់ ព្រះឧរុវេលកស្សបៈ ចំនួន ៥០០ អង្គ
ខ. សិស្សគណរបស់ ព្រះនទីកស្សបៈ ចំនួន ៣០០ អង្គ
គ. សិស្សគណរបស់ ព្រះគយាកស្សបៈ ចំនួន ២០០ អង្គ
ឃ. សិស្សគណរបស់ ព្រះសារីបុត្រនិង ព្រះមោគ្គល្លាន ចំនួន ២៥០ អង្គ។
សរុបព្រះសង្ឃ ទាំងអស់ ១.២៥០អង្គ ដោយមិនរាប់បញ្ចូល ព្រះឧរុវេលកស្សបៈ, ព្រះនទីកស្សបៈ, ព្រះគយាកស្សបៈ, ព្រះសារីបុត្រ និង ព្រះមោគ្គល្លាន នោះទេបើរាប់បញ្ចូល ៥អង្គនេះទៀតបានជា ១.២៥៥ អង្គ។
ព្រោះអច្ឆរិយហេតុ កើតឡើងដោយមិន នឹកស្មានដល់ បែបនេះព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ ទើបទ្រង់ឆ្លៀត ឱកាសនោះ សម្តែងឱវាទបាដិមោក្ខ ដល់ព្រះសង្ឃចំនួន ១.២៥០អង្គនោះ ដោយទ្រង់កំណត់ គោលនយោបាយ ក្នុងការផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ៥ ចំណុច គឺ ៖
ក. ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ ចាត់ជាការតស៊ូ យ៉ាងសិ្វតស្វាញ (អភ័យទាន ផ្នែកនយោបាយ)។
ខ. គោលបំណងបានដល់ ព្រះនិព្វានចាត់ជា គោលបំណង ខ្ពង់ខ្ពស់របស់ ព្រះពុទ្ធសាសនា (សាធារណៈ ប្រយោជន៍)។
គ. វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិ មនុស្សនិងសត្វ (សិទ្ធិមនុស្ស)។
ឃ. គោលការណ៍មាន ៣ចំណុចគឺ៖
- មិនធ្វើអំពើ អាក្រក់ទាំងពួង (សន្តិសុខ)
- ធ្វើអំពើល្អ ឲ្យដល់ព្រម (ប្រយោជន៍សង្គម)
- ធ្វើចិត្តរបស់ខ្លួន ឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។
ង. វិធីសាស្ត្រ មាន ៦ ចំណុច គឺ៖
- មិនបរិហារកេរ្តិ៍ បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
- មិនធ្វើទុក្ខបុកម្នេញ បុគ្គលណា (អហិង្សា ឬ សន្តិវិធី)
- គោរពក្រម សីលធម៌ (ចរិយាសាស្ត្រ)
- ស្គាល់ប្រមាណ ក្នុងអាហារ (សេដ្ឋកិច្ច)
- អង្គុយឬសិង្ហ ក្នុងទីស្ងាត់ (នគរូបនីយកម្ម)
- ប្រកបព្យាយាម ក្នុងអធិចិត្ត (សិក្សាធិការ)។
ទាំង៥ ចំណុចខាងលើ នេះចាត់ជាគោល នយោបាយរបស់ ព្រះពុទ្ធសាសនា។
ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជា ចាត់ជាថ្ងៃព្រះសង្ឃ។
តើប្រារព្ធពិធីមាឃបូជា បានប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃ ថ្ងៃមាឃបូជាគឺ៖
១. ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាង ត្រឹមត្រូវដល់សារៈសំខាន់ នៃថ្ងៃមាឃបូជានេះ។
២. យល់ដឹងគោលធម៌ និងគោលជំហរ របស់ព្រះពុទ្ធសាសនា។
៣. បណ្តុះសទ្ធាជ្រះថ្លា កាន់តែភិយ្យោភាព ឡើងក្នុងគោលធម៌របស់ ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤. បានបដិបត្តិតួនាទី របស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥. បានជួយជ្រោមជ្រែង ព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាល យូរអង្វែង។
ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាព នៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណា ជាពុទ្ធសាសនិកជន សកម្ម ឬអសកម្មនៅ ថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈ ជាពុទ្ធសាសនិកជន ហើយមិនត្រូវ វ្ហោះវ្ហើយកន្តើយ នឹងកាតព្វកិច្ច របស់ខ្លួននោះទេ ត្រូវព្យាយាម លើកស្ទួយឋានៈ ពុទ្ធសាសនិកជន របស់ខ្លួនឲ្យ សកម្មឡើងការ ធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធ សាសនាមិនមែន ជាការងារ ធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយ គុណភាពជីវិត ផ្នែកចិត្ត វិញ្ញាណ របស់ខ្លួនឲ្យ ប្រសើរឡើង តាមគោលការណ៍ ចំណុចទី២ ថា ធ្វើអំពើល្អ ឲ្យដល់ព្រម ពោលគឺ បណ្តុះ ចិត្តឲ្យស្ថិតក្នុង បុណ្យកុសល នោះឯង។
សង្ឃឺមថា យើងម្នាក់ៗអាចទាញ យកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជា នេះនឹងអញ្ជើញនាំគ្នា ធ្វើបុណ្យទាន រក្សាសីល និងសមាធិ សម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធ ដែល ព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា ជីវិតដល់ពួកយើង ទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!