ជម្លោះ​​គ្រាន់តែ​ប្រើ​ពាក្យ «អា ហ្ហែង» ធ្វើ​អោយ​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​ ២នាក់ណាត់គ្នា​រក​កន្លែង​ប្រយុទ្ធ​

 
 

រាជធានីភ្នំពេញ៖ បុរសជាអ្នកប្រកបរបររត់ម៉ូតូរ៉ឺម៉កកង់បី ពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេ   បាសាក់ នាំខ្លួនអោយមកធ្វើកិច្ចសន្យា ដើម្បីបញ្ចប់ជម្លោះ របស់ពួកគេ ក្រោយពីមានការ ប្រតាយប្រតប់គ្នា ពីរឿងការប្រើ ពាក្យសម្តី «អា ហ្ហែង» ដាក់គ្នាទៅវិញទៅមក នាពេល កន្លងមក ។ ករណីនេះបានបង្ក អោយមានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ នៅខាងមុខ ផ្សារទំនើប អ៊ីអនម៉ល ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
 
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បាន ប្រាប់ឱ្យដឹងថា បុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ដែលត្រូវបាននាំ ខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាល នគរបាល ទន្លេបាសាក់ ដើម្បីធ្វើកិច្ចសន្យាបញ្ចប់ការឈ្លោះប្រកែកគ្នានេះ មានឈ្មោះគោយ ធារ៉ា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ និងឈ្មោះ ស៊ា ធារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចង្រែលើ ខណ្ឌមានជ័យ ក្រោយពីមានការប្រតាយ ប្រតប់គ្នា មួយប្រាវរួចមក ។

តាមប្រភព ដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ទាំងពីរនាក់ បានមានទំនាស់គ្នា ពីរឿងប្រើពាក្យ អា ហ្ហែង ដាក់គ្នា ទៅវិញទៅមកនេះ នៅកន្លែងឈរជើង របស់ពួកគេ នៅម្តុំខាងក្រោយ ព្រះបរមរាជវាំង កាលពី ២ថ្ងៃមុន មកម្លេះ ។ លុះ ដល់ព្រឹកថ្ងៃ កើតហេតុនេះ ពួកគេទាំងពីរនាក់ ក៏បានធ្វើការណាត់ជួបគ្នា ដើម្បីរកទីតាំង ដើម្បីប្រយុទ្ធគ្នា ជម្រះមន្ទិល អោយដឹង ស ខ្មៅ ម្តងថា អ្នកណាមានអាយុ ច្រើនជាងអ្នកណា ។ គ្រាន់តែចាប់ផ្តើម ប្រតាយប្រតប់គ្នា បានតែបន្តិច ក៏ត្រូវកម្លាំងល្បាត នគរបាលប៉ុស្តិ៍ ធ្វើការ បញ្ឈប់ការប្រយុទ្ធ និងឃាត់ខ្លួនពួកគេ ទាំងពីរនាក់តែម្តង ដើម្បីជៀសវាង ការបង្កអោយខូច សណ្តាប់ធ្នាប់សាធារណៈ និងធ្វើកិច្ចសន្យា ដើម្បីបញ្ចប់រឿង ។
 
ក្រោយពីបញ្ជូនខ្លួន បុរសអ្នករត់ម៉ូតូកង់បី ដែលមានជម្លោះមកដល់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់រួចហើយ ដោយពុំមានភាគីណាមួយ ទទួលរង របួស និងដាក់ពាក្យ បណ្តឹងនោះ មន្ត្រីនគរបាលប៉ុស្តិ៍ ក៏បានតម្រូវ អោយគូរភាគីទាំងពីរ ធ្វើកិច្ចសន្យា ដើម្បីបញ្ចប់ជម្លោះគ្នា តទៅទៀត ផងដែរ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម