បុរសអគតិ​ស្រវឹង​ស្រាវាយ ប្រពន្ធ រួច​ដុតផ្ទះខ្លួនឯង, ផ្ទះបងថ្លៃ និង ផ្ទះម៉ែក្មេក​ឆេះ​​ហ្មត់

 
 

ខេត្តកំពង់ស្ពឺ៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចស្រុកសំរោងទងចាប់ខ្លួន បន្ទាប់ពីបានចាប់ប្រពន្ធវាយ  ហើយដុតផ្ទះ ឆេះអស់៣ខ្នង បង្កឱ្យភ្ញាក់ កាលពីវេលាម៉ោង ០៣ និង៣០នាទី រសៀលថ្ងៃទី ២៩ មករា ២០១៥ ស្ថិតនៅភូមិតាំងស្នោរ ឃុំទ័ពមាន ស្រុកសំរោងទង ។

ប្រភពបានឱ្យដឹងថា ជនខាងលើឈ្មោះហុង ហុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ខាងលើ ។

ប្រភពបន្តថា បុរសនោះជាមនុស្សស្រវឹងខួបមិនគិតជួយរកស៊ីអ្វីទេ ឱ្យតែពេលស្រវឹងតែងតែប្រើអំពើហិង្សា វាយប្រពន្ធជាញឹកញាប់ ។ នៅមុន ពេលកើតហេតុ គឺជននោះបានផឹក ស្រាស្រវឹងជោកជាំ ហើយចាប់ប្រពន្ធ វាយដំទៀត ឃើញដូច្នោះអ្នកជិត ម្នាក់ឈ្មោះង៉ែត វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ បានចូលទៅ ឃាត់ តែត្រូវជននោះ វាយផងដែរ ។

ក្រោយពីវាយហើយ បានរត់ទៅដុតផ្ទះខ្លួនឯងឆេះខ្ទេច ហើយក៏បន្តដុតផ្ទះបងថ្លៃមួយខ្នងទៀត និងដោយ មិនអស់ចិត្ត ជននេះក៏ទៅ ដុតផ្ទះ ម្តាយក្មេកឆេះ អស់មួយខ្នងទៀត ដែលសរុប ទាំងអស់គឺ៣ខ្នង ។

ប្រភពបន្តទៀតថា ក្រោយពីធ្វើសកម្មភាពហើយ បុរសនេះបានកាន់កាំបិតឈរនៅមុខផ្ទះអ្នកជិតខាង ម្នាក់ ដោយគំរាមមិនឱ្យ អ្នកណាចូលទៅ ក្បែរគេនោះទេ ទាល់តែសមត្ថកិច្ចលួងលោមទើបប្រគល់ខ្លួនឱ្យចាប់ ៕



 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម