ស្ងាត់ៗ​ឥណ្ឌា​បង្ហាញ​សាច់ដុំ​មីស៊ីល​ម៉ា​អស់​ដៃ

 
 

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ឥណ្ឌា​បាន​ធ្វើ​តេស្ដ​បាញ់​សាកល្បង​មីស៊ីល​កម្ទេច​មីស៊ីល​ឆ្លង​ទ្វីប​របស់​សត្រូវ​ដោយ​ជោគជ័យ ដែល​នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ដែល​មាន​តែ​ក្នុង​បណ្ដា​ប្រទេស​មហាអំណាច​តែ​ប៉ុណ្ណោះ។

ឥណ្ឌា​ដែល​មាន​ព្រំដែន​រួម​ជាមួយ​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ប៉ាគីស្ថាន និង​យក្ស​ចិន (ទាំង​ពីរ​សុទ្ធ​តែ​មាន​អាវុធ​នុយក្លេអ៊ែរ) កំពុង​បង្កើត​ខែល​ការពារ​មីស៊ីល​សម្រាប់​ការពារ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ឆ្លង​ទ្វីប​របស់​សត្រូវ។

គ្រាប់​រ៉ុក្កែត និង​ប្រព័ន្ធ​បាញ់​មីស៊ីល​ក្នុង​ព្យុហយាត្រា​នៅ​ក្រុង New Delhi

យោង​តាម​អង្គការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​សាកល្បង​បាន​ធ្វើ​ឡើង​នៅ​កោះ Wheeler ឆ្នេរ​សមុទ្រ Orissa។ មីស៊ីល​នេះ​មាន​សមត្ថភាព​បាញ់​ស្ទាក់​​កម្ទេច​មីស៊ីល​សត្រូវ​នៅ​ខាង​ក្រៅ​ស្រទាប់​បរិយាកាស​ផែនដី។

នេះ​បង្ហាញ​ថា ឥណ្ឌា​មាន​សមត្ថភាព​កម្ទេច​មីស៊ីល​សត្រូវ​ក្នុង​រយៈ​កម្ពស់​ទាប និង​ខ្ពស់។

កាលពី​ខែ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ឥណ្ឌា​ធ្លាប់​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​សមត្ថភាព​នុយក្លេអ៊ែរ Agni-III ដែល​អាច​បាញ់​បាន​​​រយៈ​ចម្ងាយ ៣០០០ គីឡូម៉ែត្រ។ Agni-III មាន​ប្រវែង ១៧ ម៉ែត្រ ទម្ងន់​ប្រហែល ៥០ តោន មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ១,៥ តោន។

Agni-III

បច្ចុប្បន្ន មាន​ប្រទេស​តិច​តួច​ប៉ុណ្ណោះ ក្នុង​នោះ​អាមេរិក និង​រុស្ស៊ី ដែល​មាន​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ឆ្លង​ទ្វីប។

ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក​ទី​២​បន្ទាប់​ពី​ចិន កំពុង​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មហាអំណាច​នៅ​អាស៊ី ខណៈ​ដែល​ប្រទេស​បំពាក់​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​ធ្លាប់​ធ្វើ​សង្គ្រាម​ជាមួយ​ប៉ាគីស្ថាន​៣​លើក និង​ចិន មួយ​លើក ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម