ទឹក​ចិត្ត​បង​ធម៌​ធំធេង​ពេក ពែកមី អួល​ដើមក

 
 

មិន​ត្រឹម​តែ​ទិញ​ឡាន​ទិញ​វិឡា  និង ​ប្រមូល​បង​ប្អូន នាយ ពែកមី ឲ្យ​មក​រស់​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ អ្នក​ស្រី ផាន សុភ័ក្ក អាណិក​ជន​​ខ្មែរ​រស់​នៅ​អូស្រ្តាលី​ និង​ ជា​ម្ចាស់​សម្អាងការ​​សុខគា​បួតា ថ្មី​ៗ​នេះ បាន​យក​ម្ដាយ​នាយ​ពែកមី ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ ទឹក​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ពែកមី និយាយ​​ទាំង​អួល​ដើមក។

“ម៉ែ​ខ្ញុំ​គាត់​ឈឺ​​​ច្រើន​មុខ​ណាស់ រលាក់​ក្រពះ​ផង ពោះ​វៀន​ផង មើល​ពេទ្យ​ស្រុក​ខ្មែរ​យើង​ខ្ញុំ​មើល​​អត់​ឃើញ​ជំងឺ​សោះ អត់​ដឹង​ថា​គាត់​ឈឺ​អី  ខ្ញុំ​អត់​បញ្ចេញ​ឈ្មោះ​ពេទ្យ​ណា​ទេ”។ មុន​ចូល​ឆ្នាំ​ខ្មែរ​បង​ស្រី​ខ្ញុំ​គាត់​នាំ​ម្ដាយ​ខ្ញុំ​ទៅ​ព្យាបាល​នៅ​ថៃ បច្ចុប្បន្ន​គាត់​ជា​ហើយ ខ្ញុំ​មិន​ដឹង​រក​ពាក្យ​អ្វី​និយាយ​ទេ គាត់​មាន​គុណ​លើ​ខ្ញុំ និង​ក្រុ​មគ្រួសារ​ខ្ញុំ​ខ្លាំង​ណាស់”។ នេះ​ជា​ការ​លើក​ឡើង របស់ នាយ​ពែកមី រៀបរាប់​ប្រាប់ Sabay កាលពី​ពេល​ថ្មីៗ​នេះ។

បន្ទាប់​ពី​ព្យាបាល​ជំងឺ​ម្ដាយ​​​មិន​ជាសះស្បើយ​ អ្នក​ស្រី ផាន សុភ័ក្ក ​ដែល​ជា​បង​ធម៌​នាយ​ពែកមី បាន​សម្រេច​យក​ម្ដាយ​របស់​ខ្លួន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​នៅ​ក្នុង​គម្រោង ពែកមី​​ប្រាប់​ថា ប្រសិន​បើ​​ព្យាបាល​នៅ​ប្រទេស​ថៃ​មិន​ជា​ទេ​នោះ ​បង​ធម៌​របស់​ខ្លួន នឹង​យក​ទៅ​ព្យាបាល​នៅ ប្រទេស​សាំងហ្គាពួរ។ ប៉ុន្តែ សំណាង​​ល្អ​បាន​ជាសះស្បើយ​​ហើយ បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល ​ពី​ក្រុមគ្រូពេទ្រ​នៅប្រទេស​ថៃ​​ ដែល​ប្រើរយៈពេល​តែ​៣ថ្ងៃ​ប៉ុណ្ណោះ។ នាយ​ពែក​មី បាន​សង្កត់​ធ្ងន់​ថា ម្ដាយ​របស់​នាយ​​ធូរច្រើន​ហើយ ហើយ​គ្រូពេទ្យ បាន​ផ្សំថ្នាំ​លេប មិន​ចាំ​បាច់​ទៅ ព្យាបាល​ច្រើន​ថ្ងៃ​ទៀត​នោះ​ឡើយ។

ពែកមី បាន​បន្ត​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បង​ធម៌​របស់​ខ្លួន បាន​នាំ​ម្ដាយ ​​នាយ ដើរ​លេង នៅ​​រមណីយដ្ឋាន​ជាច្រើន ក្នុង​ប្រទេស​ថៃ ធ្វើ​ឲ្យ​ម្ដាយ​របស់​នាយ​សប្បាយ​ចិត្ត ហើយ​បច្ចុប្បន្ន​ម្ដាយ​របស់​នាយ មាន​​សុខភាព​ធម្មតា​វិញ​ហើយ។ “ម៉ែ​ខ្ញុំ​អត់​ដែល​ជិះ​យន្តហោះ​ទេ បង​ខ្ញុំ ធ្វើ​ឲ្យ​ម៉ែ​ស្គាល់​យន្តហោះ ស្គាល់​ស្រុក​គេ ឥលូវ​សាច់​ឈាម​ម៉ែ​ខ្ញុំ​ស្រស់ថ្លា​ណាស់”។

ពែកមី បាន​​លើក​ឡើង​ថា ក្នុង​មួយ​ជីវិត​នេះ មិន​អាច​សងគុណ​បង​ធម៌​របស់​ខ្លួន​អស់​ឡើយ គឺ​មាន​គុណ​​ធំ​ធេង​ខ្លាំង​ណាស់ មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ដើម្បី​ជា​ការ​តប​ស្នង ពែកមី បាន​សន្យា​ថា ​ភាព​ស្មោះ​ត្រង់ ការ​គោរព នាយ​នឹង​បំពេញ​ឲ្យ​បាន​ល្អជានិច្ច ហើយ​ទៅ ថ្ងៃ​អនាគត ពេល​ដែល​បង​ធម៌​របស់​ខ្លួន ចាស់ជរា នាយ​ធានា​​មើល​ថែ ចិញ្ចឹម បីបាច់​ មិន​ឲ្យ​បងធម៌​ខ្លួន​​ទាស់​ចិត្ត​ឡើយ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម