ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទ ឃាតកម្ម គិតទុកជាមុន

 
 

បាត់ដំបង ៖ កម្លាំងនគរបាល ក្រុងបាត់ដំបង បានស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៤និង៤៥ នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន បន្ទាប់ជនសង្ស័យបាន ប្រព្រឹត្តដោយច្របាច់ក ជនរងគ្រោះ សម្លាប់ចោល កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ រួចយកម៉ូតូជិះគេចខ្លួនបាត់ ។

លោកវរសេនីយ៍ទោ យឹម ចិត្រ អធិការនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន បានមាន ឈ្មោះ អ៊ាង ច័ន្ទមុន្នី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត បច្ចុប្បន្នមកស្នាក់ នៅបណ្តោះអាសន្ន នៅក្នុងវត្តប៉ាឆា ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ចំណែកស្រ្តីរងគ្រោះ មាន ឈ្មោះ សឿន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅ ក្រុមទី៩ ភូមិកំពង់ឆ្នាំង ឃុំ-ស្រុកបវេល (ទាំង២នាក់នេះ ជាគូរ សង្សានឹងគ្នា និងធ្លាប់ស្រឡាញ់ គ្នា២ឆ្នាំមកហើយ)។

លោកវរសេនីយ៍ទោ យឹម ចិត្រ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានរៀបចំ គម្រោងទុក ជាមុន ដោយ បានទិញគ្រឿងកំប៉ុង ម៉ាកស្ទីង និងទឹកគូលែន ២កំប៉ុង និងថ្នាំងងុយដេក៥គ្រាប់ រួចជា ស្រេច រួចទូរស័ព្ទណាត់ជនរងគ្រោះឲ្យ ជិះម៉ូតូពីផ្ទះមកដើរលេងជាមួយគ្នា នៅបាត់ដំបង ជាច្រើន កន្លែង លុះដល់ម៉ោង ១៩និង៤៥នាទីល្ងាច ថ្ងៃទី ២៦ ខែមករា ពួកគេមកដល់ចំណុចកើតហេតុ នៅមាត់ ស្រះទឹក ស្ថិតក្នុងក្រុមទី៦ ភូមិ-សង្កាត់វត្តគរ ក្រុងបាត់ដំបង ជនរងគ្រោះបានយកថ្នាំងងុយដេក ដែលបាន កិនរួច លាយជាមួយគ្រឿងកំប៉ុង ឲ្យជន រងគ្រោះផឹកអស់ កន្លះកំប៉ុង ក្រោយមកក៏បានច្របាច់ក.ជនរងគ្រោះ បណ្តាលឲ្យសន្លប់បាត់ស្មារតី ដោយជនសង្ស័យស្មានថា ជនរងគ្រោះ ស្លាប់បាត់ ហើយក៏ យកម៉ូតូ និងសម្ភារៈរបស់នាងមានខ្សែក ប្លាទីន១ខ្សែ តម្លៃ៥.០០០បាត ទូរស័ព្ទ២គ្រឿង កាបូបស្ពាយ១ មាន លុយខ្មែរ ៤ម៉ឺនរៀល រួចជិះម៉ូតូទៅ ដេកផ្ទះសំណាក់យីហោ «ឯកភ្នំ» ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោង ក្រុងបាត់ដំបងចំនួន១យប់។ លុះស្អែកឡើង សមត្ថកិច្ចបាន ស្រាវជ្រាវចាប់ខ្លួនបាន នៅមុខផ្ទះ សំណាក់ នាំយក មកអធិការក្រុងដើម្បីសាកសួរ ។ ចំណែកជនរងគ្រោះ ត្រូវបានគេប្រទះ ឃើញនៅកន្លែង កើតហេតុ រួចប្តឹងសមត្ថកិច្ច ជួយដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ ឯកជន វិសាលសុខ (នៅរស់ មិនទាន់ ស្លាប់ទេ)។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបគម្រោងសម្លាប់គូរសង្សារខ្លួន ដើម្បីប្លន់យក ទ្រព្យសម្បត្តិ ពិតប្រាកដមែន ។

លោកវរសេនីយ៍ទោ យឹម ចិត្រ បានបញ្ជាក់ថា បន្ទាប់ពីបានចម្លើយសារភាព ពីជនសង្ស័យ និងយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ រួចមក លោកបានបញ្ជាឲ្យមន្រ្តីជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ នគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ដើម្បីចាត់ការបន្ត តាមច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម