អាជ្ញាធរ ​អប្សរា ​រក​ឃើញ​ ក្រុមហ៊ុន ​ចិន​ថត រូប​ស្រាត ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់ ​កិត្តិយស​ ប្រាង្គ​ប្រាសាទ​ របស់​កម្ពុជា

 
 

រាជធានីភ្នំពេញ ៖ ការបង្ហោះរូបថត ស្ត្រីអាក្រាតល្វែងលើ ក្នុងប្រាង្គប្រាសាទខ្មែរ ដែលមាន រំលេចអក្សរ WANIMAL ពិតជាបាន ធ្វើឱ្យឆោ ឡោ ដល់គ្រប់មជ្ឈដ្ឋាននានា និងបង្កឱ្យមាន ប្រតិកម្មដ៏ខ្លាំងក្លាមួយ ។ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័ន ទទួលខុសត្រូវ សម្រាប់តំបន់ឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២៥ មករា បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីលទ្ធផលស្រាវជ្រាវដំបូង អំពីរូបភាព នារីអាក្រាតពាក់កណ្តាល ខ្លួន ឈរនៅមុខប្រាសាទ ផ្សព្វផ្សាយតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ជាលទ្ធផល ការស្រាវជ្រាវដំបូងរបស់ អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្រុមដែលផ្សព្វផ្សាយ រូបនារីអាសអាភាស នៅមុខប្រាសាទនោះ មានឈ្មោះថា WANIMAL ដែលមានមូលដ្ឋាន និងប្រភពនៅប្រទេសចិន ។ ក្រុម WANIMAL នេះតែងតែផលិត រូបភាពបែបអាសអាភាស តាមការថតយក រូបភាពផ្ទាល់នៅតាមទីតាំង ជាក់ស្តែងល្បីៗនានា ជាច្រើនក្នុងពិភពលោក ឬតាមរបៀបកាត់ត ក្នុងស្ទូឌីយោ ។

ដើម្បីឆ្លើយតបនឹងទង្វើ អសីលធម៌របស់ក្រុម WANIMAL ក្នុងការផលិត និងផ្សព្វផ្សាយរូបភាព ដែលមានខ្លឹមសារ ផ្ទុយស្រឡះគ្នាទាំងស្រុង ពីលក្ខណៈដ៏ពិសិដ្ឋ នៃទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ រមណីយដ្ឋានអង្គរ ជាពិសេសធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ភាពថ្លៃថ្នូរនៃនារីភេទ និងអារ្យធម៌ខ្មែរ ដ៏ថ្កើងថ្កាន អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ក្រុមនេះ នៅពេលណាដែលយើង មានព័ត៌មានបន្ថែមគ្រប់គ្រាន់ ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា រាល់ភ្ញៀវទេសចរដែល ទិញប័ណ្ណចូលទស្សនាអង្គរ អាចថតរូបភាព ផ្ទាល់ខ្លួនជាអនុស្សាវរីយ៍បាន ។ រីឯការ ថត ខ្សែភាពយន្ត ការថតវីដេអូឯកសារ ឬរូបភាពឯកសារ ផ្សព្វផ្សាយនានា ចាំបាច់ត្រូវមានការ អនុញ្ញាតពីអាជ្ញាធរជាតិ អប្សរាហើយក្នុងករណី នោះភ្នាក់ងារអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យតាមដានការថត ចៀសវាងការថតមិនសមរម្យ ។ ដោយឡែក ចំពោះការថតរូបភាពរបស់ក្រុម WANIMAL នេះ គឺធ្វើដោយលួចលាក់ពុំមាន ការអនុញ្ញាតពីអាជ្ញាធរជាតិ អប្សរាឡើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម