ទេព រិន​ដារ៉ូ ព្រឺ​សម្បុរខ្ញាកៗ ​ពេល​និយាយ​ពី​​ប្រផ្នូល​មុន​អ្នក​ស្រី ឌឿ ដារ៉ាស៊ី ​មរណភាព

 
 

អតីត​តារា​សម្ដែង​ជា​តួ​ម្ដាយ​កាច​ឆ្នាសឆ្នើម​អ្នក​ស្រី ឌឿ ដារ៉ាស៊ី បាន​ទទួល​មរណភាព​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​សបា្តហ៍​មុន ដោយ​សារ​ជំងឺ​គាំង​បេះដូង។ រឿង​ដែល​នឹក​ស្មាន​មិន​ដល់ លោក ទេព រិនដារ៉ូ បាន​ជួប​ប្រផ្នូល មុន​អ្នក​ស្រី​មរណភាព។ នេះ​បើ​តាម​សាមី​ខ្លួន​បញ្ចេញ​ឲ្យ​ដឹង។

រូប​ថត Facebook ឃិត ចិត្រ កូន​ប្រុស​អ្នក​ស្រី ឌឿ ដារ៉ាស៊ី

តារា​សម្ដែង​ជើង​ចាស់ រូប​នេះ អធិប្បាយ​ថា មិន​ជា​យ៉ាង​ម៉េច​ទេ នៅ​មុន​មួយ​ថ្ងៃ​ដែល​លោក​ទទួល​ដំណឹង​ថា​អ្នក​ស្រី ឌឿ ដារ៉ាស៊ី មរណភាព នៅ​យប់​នោះ​លោក​សម្រាន្ត​មិន​លក់​ទាល់​តែ​សោះ។ បន្ថែម​ពី​លើ​នេះ លោក ចេះ​តែ​នឹក​គិត​ទៅ​អ្នក​ស្រី ទាំង​គ្មាន​មូលហេតុ ខណៈ​លោក និង​អ្នក​ស្រី​ខាន​ជួប​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ។

“នៅ​យប់​ហ្នុង មិន​ដឹង​ម៉េច…បិទ​ភ្នែក​ទៅ​ស្រមៃ​ឃើញ​តែ​គាត់ៗ ខ្ញុំ​ក្រោក​ហើយ​ដេក​ទៅ​វិញ​ម្តង​ពីរ​ដង នៅ​តែ​ស្រមៃ​ឃើញ​គាត់​ទៀត ខ្ញុំ​ឆ្ងល់​ខ្លួន​ឯង ថា​ម៉េច​បាន​ជា​អីចឹង។ ស្រាប់​តែ​ស្អែក​ឡើង ទទួល​ដំណឹង​ថា អ្នក​ស្រី ឌឿ ដារ៉ា ស្លាប់ អ្ហូយ…និយាយ​រឿង​ហ្នឹង ខ្ញុំ​ព្រឺ​សម្បុរ!”។

លោក ដារ៉ូ បន្ថែម​ថា កន្លង​មក លោក និង​អ្នក​ស្រី ឌឿ ដារ៉ាស៊ី រាប់​អាន​គ្នា​ណាស់ ស្ទើរ​តែ​ដូច​សាច់​ញាតិ​ទៅ​ហើយ ហើយ​នៅ​ក្នុង​ចំណោម​សិល្បករ​ជំនាន់​លោក​ទាំង​អស់ គឺ​អ្នក​ស្រី ដារ៉ាស៊ី រាប់​អាន​ស្និទ្ធ​ស្នាល​ជាមួយ​លោក​ជាង​នរណា​ៗ​ទាំង​អស់។ លោក ថា “គាត់​ហ្នឹង…ឲ្យ​តែ​មាន​ចំណី​ចំណុក​អ្វី​ឆ្ងាញ់ គាត់​យក​មក​ឲ្យ​ខ្ញុំ​ហើយ មិន​ដែល​ខាន​ទេ ព្រោះ​កាល​មុន​នៅ​ផ្ទះ​ជិត​គ្នា…ទើប​តែ​ក្រោយ​មក​គាត់​ដូរ​ផ្ទះ​ទេ ទើប​ខាន​ជួប​គ្នា​យូរ!”។

ក្រោយ​ទទួល​ដំណឹង​ពី​មរណភាព​របស់​អតីត​តារា​សម្ដែង​កាច​ឆ្នាស់​ឆ្នើម លោក ដារ៉ូ អះអាង​ថា លោក​បាន​ស្វះស្វែង រក​ទី​លំនៅ​អ្នក​ស្រី​ទាល់​តែ​ឃើញ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ និង​​អុជ​ធូប​ឧទ្ទិស​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ស្រី​បាន​ទៅ​សោយ​សុខ​នៅ​ឋាន​សុគតិភព​។ ​លោក ចាត់​ទុក​ថា វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ចំពោះ​មរណភាព​របស់​អ្នក​ស្រី ឌឿ ដារ៉ាស៊ី តារា​​ភាពយន្ត​ជើង​ចាស់។


អ្នក​ស្រី ឌឿ ដារ៉ាស៊ី បាន​ធ្វើ​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​សបា្តហ៍​មុន​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ​ដោយ​រោគាពាធ(គាំង​បេះដូង និង​ជំងឺ​ពុក​ឆ្អឹង)។ អ្នក​ស្រី បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​អំឡុង​ឆ្នាំ​១៩៩០ ហើយ​អ្នក​ស្រី​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​សម្ដែង ជា​តួ​ម្ដាយ​កាច​ឆ្នាសឆ្នើម​បាន​សក្ដិសម​ក្នុង​ខ្សែ​រឿង​ជា​ច្រើន។

អ្នក​ស្រី ឌឿ ដារ៉ាស៊ី មាន​កូន​ប្រុស​ពីរ​នាក់ ប៉ុន្តែ​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​នោះ បាន​បាត់បង់​ជីវិត​ច្រើន​ឆ្នាំ​ហើយ​ក្នុង​ករណី​ចោរ​កម្ម។ បច្ចុប្បន្ន​នៅ​សល់​តែ​កូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ ឃិត ចិត្រ ដែល​ជា​អ្នក​ចេញ​មុខ​រៀប​ចំ​បុណ្យ​សព​ម្តាយ​នា​ពេល​កន្លង​មក​នេះ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម