គ្រូពេទ្យ​ចិន​ស្ទើរភ្លើង ​វះកាត់​ស្ត្រី​ម្នាក់​ស្លាប់ ​វេច​បង្វិច​រត់បាត់

 
 

ខេត្តពោធិ៍សាត់ ៖ គ្រូពេទ្យស្ទើរភ្លើងជនជាតិចិនម្នាក់ ដែលបើកគ្លីនិកគ្មានច្បាប់អនុញ្ញាត នៅក្នុងក្រុង ពោធិ៍សាត់ ជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះបានវេចបង្វិច បាយ បាយ គេចខ្លួនបាត់ស្រម៉ោល បន្ទាប់ពីព្យាបាលវះកាត់ គីសដៃស្បូនស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅក្នុង គ្លីនិកផ្ទះល្វែងជួល របស់គ្រូពេទ្យចិនរូបនោះ ដែលមាន ទីតាំងនៅ ទល់មុខ សណ្ឋាគារ KM ស្ថិតក្នុងភូមិ ពាលញែក១សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
   
សមត្ថកិច្ច ឲ្យដឹងថា គ្រូពេទ្យគ្មានបទពិសោធន៍ច្បាស់លាស់នេះ ឈ្មោះវ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅ ខេត្ត ហេណាន ប្រទេសចិន ចេះនិយាយភាសាខ្មែរ បន្តិចបន្តួច ហើយបានមក បើកគ្លីនិក ព្យាបាលអ្នកជំងឺ នៅក្នុងក្រុងពោធិ៍សាត់នេះ ប្រមាណ ពី៤ ទៅ៥ឆ្នាំ មកហើយតែគ្មានច្បាប់ អនុញ្ញាតនោះទេ ។ ចំណែកស្ត្រី រងគ្រោះឈ្មោះស៊ឹង ចាន់ធឿន អាយុ៣២ឆ្នាំ មានកូនស្រី៤នាក់ រស់នៅភូមិសាន្ត ស ឃុំអន្សារចំបក់ ស្រុកក្រគរ ។
   
តាមការផ្ដល់ព័ត៌មានពីបុរសជាប្តីឈ្មោះ ប៉ៃ សារ៉េត អាយុ៣៣ឆ្នាំ បានឲ្យដឹងថា ប្រពន្ធរបស់គាត់បានថត អេកូមើលឃើញ មានដុំគីសដៃ ស្បូន ក៍យកមកព្យាបាល នៅគ្លីនិកឯកជន របស់គ្រូពេទ្យចិននេះ កាលពីព្រឹក ថ្ងៃទី១៩ ខែមករា ។ នៅវេលាម៉ោង១៥រសៀល គ្រូពេទ្យចិន រូបនេះ បានចាប់ផ្ដើម ធ្វើការវះកាត់អស់ រយៈពេល ជាងពីរម៉ោងទើបរួចរាល់ ។ លុះដល់ម៉ោង២១ និង៤០នាទីយប់ ស្រាប់តែ ប្រពន្ធ របស់ គាត់ដាច់ខ្យល់ស្លាប់ ធ្វើឲ្យគាត់ និងកូនៗស្រែកយំ ផ្អើលទាំងយប់ ។ ពេលនោះគាត់ បានទូរស័ព្ទប្ដឹង ទៅសមត្ថកិច្ច នៅឯស្រុកក្រគរ ព្រោះ មិនស្គាល់សមត្ថកិច្ច នៅក្នុងក្រុងពោធិ៍សាត់ទេ ។ ភ្លាមៗនោះ សមត្ថកិច្ចបានមកដល់ ប៉ុន្តែរវល់តែ ពិនិត្យមើល សាកសពប្រពន្ធរបស់គាត់ ដែលមានមនុស្សអ៊ូអរនោះ ស្រាប់តែគ្រូពេទ្យចិនរូបនោះ លួចរត់គេចខ្លួនបាត់តែម្ដង ។
   
នៅព្រឹកថ្ងៃទី២០ ខែមករា លោកប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង លោកវេជ្ជបណ្ឌិតច័ន្ទ សុខា ប្រធាន មន្ទីរពេទ្យបង្អែកខេត្ត និងកម្លាំង សមត្ថកិច្ច មួយចំនួនទៀត បានចុះទៅពិនិត្យ សាកសពជាថ្មី បានបញ្ជាក់ ថាគ្រូពេទ្យចិនរូបនេះ គ្មានបទពិសោធន៍ និងជំនាញច្បាស់លាស់ទេ វះកាត់ធ្វើឲ្យ ឈាមកក ក្នុងខ្លួន ទើបបណ្ដាលឲ្យស្ត្រី ខាងលើស្លាប់បែបនេះ ។ សមត្ថកិច្ចបាន សម្រេចបិទគ្លីនិក នោះទាំងស្រុងហើយ ដាក់ បណ្តឹង តាមចាប់ គ្រូពេទ្យជនជាតិចិន នោះឲ្យបាន ដើម្បីយកមក ផ្ដន្ទាទោសតាមច្បាប់ ។ ចំណែកសម្ភារៈ ពេទ្យនៅក្នុងគ្លីនិកនោះ បានរឹប អូស យកទៅ ប្រគល់ឲ្យ មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ ព្យាបាលអ្នកជំងឺ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម