តុលាការ​សម្រេច​ឱ្យ​ឌី​ជេ​ឡាយ​អិន និង​ភរិយា​លែងលះ​គ្នា

 
 

រាជធានីភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍ ច្រើនឆ្នាំ របស់ពិធីករ ឡាយអិន និងភរិយា ត្រូវតុលាការ សម្រេចឲ្យ ផ្តាច់សង្វាស ពីគ្នា ជាផ្លូវការហើយ បន្ទាប់ពី ការសម្របសម្រួល ម្តងជាពីរដង មិនទទួលបាន លទ្ធផល ។

ប្តី -ប្រពន្ធ លោកឡាយអិន ត្រូវតុលាការសម្រេច កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ឲ្យលែងលះគ្នា ជាផ្លូវការ និងចែកទ្រព្យសម្បត្តិ ពាក់កណ្តាលម្នាក់ ចំណែកកូន ត្រូវភរិយា របស់លោក ទទួលសិទ្ធិចិញ្ចឹម ។

ពិធីករលោក ហែម បូរិទ្ធ ហៅឌីជេឡាយអិន ត្រូវភរិយា របស់លោក គឺអ្នកនាង សន សុម៉ាលីនដា ដាក់ពាក្យ លែងលះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កញ្ញា ២០១៤ បន្ទាប់ពីអ្នកទាំង២ បានរួមរស់ ជាប្តីប្រពន្ធ អស់ពេលជាង៤ឆ្នាំ និងមានកូន៣ នាក់ ។ ភាពចម្រូងចម្រាស នៃជីវិតជាប្តីប្រពន្ធ របស់ពិធីករឡាយអិន កើតឡើង ដោយលោក ចោទថា មានបុរសទី៣ ចូលជ្រៀតជ្រែក ។ រឿងនេះ លោកឡាយអិន បានចាត់ទុកខ្លួនឯង ជាក្របីចម្លងភក់ ឲ្យភរិយារបស់លោក អស់ពេលជា ច្រើនឆ្នាំ ។

ថ្លែងប្រាប់ កោះសន្តិភាព តាមទូរស័ព្ទឌីជេ ឡាយអិន បានអះអាងថា លោកយល់ស្រប តាមការសម្រេច របស់តុលាការ ដោយសារតែ លោកលែង អាឡោះអាល័យ ភរិយារបស់លោក ទៀតហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ លោកចង់ទាមទារ កូនទាំង៣នាក់ របស់លោកមក ចិញ្ចឹមវិញ។ លោកឡាយអិន បញ្ជាក់ថា មូលហេតុដែល លោកមិនអាច ឲ្យកូនទៅភរិយា របស់លោក ជាអ្នកគ្រប់គ្រងនោះ គឺសំអាង ទៅលើ ភរិយារបស់លោក រត់ចោលផ្ទះ ហើយពេលដែល ស្ថិតជាស្វាមី និងភរិយានោះ លោកតែម្នាក់គត់ ដែលខិតខំ រកប្រាក់ចិញ្ចឹម បីបាច់ថែរក្សាកូន ដោយភរិយា របស់លោក មិនបានធ្វើអ្វី ទាំងអស់។

ភរិយារបស់លោក បានចោទប្រកាន់ រូបលោកថា ក៏មិនមានពេលវេលា គ្រប់គ្រាន់ ដើម្បីបីបាច់ ថែរក្សាកូនដូចគ្នា ប៉ុន្តែចំណុចនេះ លោកមិនយល់ ស្របឡើយ ដោយសារតែ លោកមិនមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់មើលថែកូនមែន តែលោកមានពេល វេលាសម្រាប់ រកប្រាក់មកចិញ្ចឹមកូន ហើយលោក អាចរកមេដោះ មើលថែកូន របស់លោកបាន ។

តាមការឲ្យដឹងពី លោកឡាយ អិន មុននឹងចាប់ដៃគ្នា ជាប្តីប្រពន្ធ គឺមានការគាំទ្រ ពីឪពុកម្តាយ ទាំងសងខាង ហើយអ្វីដែល សំខាន់នោះ មុនពេលរៀបការ លោកក៏បានដឹង ប្រវត្តិរបស់ភរិយា លោកដែរ តែលោក មិនគិតពីរឿង អតីតកាលឡើយ ។ លោកសម្រេច រស់នៅជាមួយគ្នា ចាប់ដៃគ្នា ជាប្តីប្រពន្ធ បើទោះបីជាមាន ឬក្រក៏ដោយ ក៏មិនសំខាន់ ហើយលោក រំពឹងថា ភរិយារបស់លោក នឹងកែខ្លួន ប៉ុន្តែនាង មិនបានកែខ្លួនឡើយ ។

បន្ទាប់ពីសាលក្រម ប្រកាសជា ផ្លូវការហើយនោះ លោកឡាយអិន តាំងចិត្តនឹង ចាប់ផ្តើមជីវិតថ្មី ចំណែកកូន គឺលោកនៅតែបន្ត យកចិត្តទុកដាក់ ចំពោះពួកគេ ដដែល ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម