យាយ ប្រជ្រុយ អតីតជាថៅកែកុន
អ្នកស្រី ធន យុវណ្ណា ហៅ យាយប្រជ្រុយ វ័យ ៥៨ ឆ្នាំ បានកើតនៅក្នុងត្រកូលអ្នកធូរធារ ហើយជីវភាពសមរម្យមកទល់នឹងសព្វថ្ងៃនេះ ប៉ុន្ដែ លើកលែងតែ សម័យខ្មែរក្រហមចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ប៉ុណ្ណោះ។ អ្នកស្រី ឆន យុវណ្ណា ធ្លាប់ធ្វើជាគ្រូបង្រៀន ជាអាជីវករ តារាសម្ដែងភាពយន្ដ ថតខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្ម និង ជាម្ចាស់ផលិតកម្ម “ព្រះពិស្ណុការ” កាលពីអំឡុងឆ្នាំ ១៩៨៥។
អ្នកស្រី ឆន យុវណ្ណា បានលាតត្រដាងពីជីវិតឯកជនរបស់ខ្លួន តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ជាមួយ លោក ខុត សីហា អ្នកយកព័ត៌មានរបស់គេហទំព័រ Sabay ដែលប្រវត្តិពិតរបស់អ្នកស្រី បានបង្ហាញដូចខាងក្រោមនេះ៖
- ប្រវត្តិសង្ខេប
ឈ្មោះ | ថ្ងៃ ខែ ឆ្នាំ កំណើត | ទីកន្លែង កំណើត | ចំនួនបងប្អូន |
ឈ្មោះពិត ធន យុវណ្ណា ហៅ (យាយប្រជ្រុយ) | ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៥៦ | ខណ្ឌ ៧ មករា រាជធានីភ្នំពេញ | ចំនួន ៨ នាក់ ប្រុស៤ ស្រី ៤ |
អ្នកស្រី ឆន យុវណ្ណា ហៅ (យាយប្រជ្រុយ) កើតនៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៥៦ ស្ថិតក្នុង ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកស្រីមានឪពុក ឈ្មោះ ជា សារុំ អតីតជាគ្រូបង្រៀន (ស្លាប់) ម្ដាយឈ្មោះ ស៊ឹម ឈឿន អាយុ ៧៨ ឆ្នាំ។ អ្នកស្រី គឺជាកូនទី ២ ក្នុងចំណោមបងប្អូន ៨ នាក់ ប្រុស ៤ ស្រី ៤។ ក្នុងវ័យ ៦ ឆ្នាំ ក្រុមគ្រួសាររបស់ អ្នកស្រី បានទៅរស់នៅ ក្នុងភូមិ ជ្រោយដង ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល ដែលជាស្រុកកំណើតឪពុក។ ដោយឪពុកធ្វើជាគ្រូបង្រៀន និង ម្ដាយជាមេផ្ទះ ស្ថានភាពសេដ្ឋកិច្ចក្រុមគ្រួសាររបស់អ្នកស្រីមិនមានភាពលំបាកឡើយ។
“ខ្ញុំតាំងពីកើតមកមានឡានជិះទៅហើយ ព្រោះកាលណោះប្រាក់ខែគ្រូបង្រៀនរបស់ឪពុកខ្ញុំ អាចមានលទ្ធភាពឲ្យក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពប្រសើរ។ នេះជាការរៀបរាប់របស់អ្នកស្រី ឆន យុវណ្ណា។
- ការសិក្សា
កាលពីកុមារភាព កុមារី ធន យុវណ្ណា បានចូលសិក្សា នៅ “សាលាព្រែកលួង” ស្ថិត ក្នុង ឃុំ ក្ដីចាស់ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល គ្រូបង្រៀន គឺជា ព្រះសង្ឃ។ មកដល់វ័យ ១៦ ឆ្នាំ យុវតី ឆន យុវណ្ណា បានវេចបង្វេចពីខេត្តកណ្ដាលមករស់នៅរាជធានីភ្នំពេញនៅក្នុងអំឡុងឆ្នាំ ១៩៧២ ហើយយុវតីរូបនេះ បានចូលសិក្សានៅ “វិទ្យាល័យទឹកល្អក់“។ នៅសម័យសាធារណរដ្ឋដែលគ្រប់គ្រងដោយ លន់ ណុល ស្ថានភាពប្រទេសជាតិជួបនឹងភ្នក់ភ្លើងសង្គ្រាមឥតឈប់ឈរ ដូច្នេះហើយ យុវតី ឆន យុវណ្ណា បានឈប់រៀននៅត្រឹមថ្នាក់ ទី ៥។
- សម័យខ្មែរក្រហម
របបថ្មីដែលចូលជំនួសរបបសាធារណរដ្ឋដែលមានអាយុកាលបានត្រឹមតែ ៥ ឆ្នាំ (១៩៧០-១៩៧៥) គឺជំនួសដោយរបបកម្ពុជាប្រជាធិបតេយ្យវិញ ហើយរបបខ្មែរក្រហមនេះ ក៏មានអាយុកាល ៥ ឆ្នាំ (១៩៧៥-១៩៧៩)។
របបអាវខ្មៅនេះបានតម្រូវ ឬ បង្ខំឲ្យប្រជាជនចាកចេញពីទីក្រុង ដូច្នេះ ក្នុងចំណោមគ្រួសារប្រជាជនខ្មែរជាច្រើននោះ ក៏មានគ្រួសាររបស់អ្នកស្រី ឆន យុវណ្ណា ដែរ ដែលអ្នកស្រីត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅ និង ធ្វើការនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ កម្មាភិបាលខ្មែរក្រហមបាន បង្ខំឲ្យអ្នកស្រីធ្វើការក្នុងក្រុមកងចល័ត។
មិនខុសគ្នាទៅនឹងប្រជាជនទូទៅទៀត អ្នកស្រី ឆន យុវណ្ណា បានធ្វើការយ៉ាងលំបាកដោយការងារជាអ្នកស្ទូងស្រូវ ជីកប្រឡាយ លើកភ្លឺស្រែ ខណៈដែលអ្នកស្រីធ្លាប់តែរស់នៅក្នុងស្ថានភាពជីវភាពស្រណុកសុខស្រួល ដោយហូបចុកគ្រប់គ្រាន់ និង សម្ភារៈប្រើប្រាស់មានគ្រប់។
3 ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលគ្រប់គ្រងដោយ ប៉ុល ពត គឺស្ទើរតែគ្មានគ្រួសារណាម្នាក់ប្រកែកថា មិនបានបាត់បង់សមាជិកគ្រួសារនោះទេ។ ជាក់ស្ដែង អ្នកស្រី ឆន យុវណ្ណា បានបាត់ប្អូនស្រីជាទីស្រឡាញ់របស់អ្នកស្រី ដោយសារតែការអត់អាហារ។ ក្រោយពីថ្ងៃរំដោះ ក្រុមគ្រួសារ អ្នកស្រី ធន យុវណ្ណា បានត្រឡប់មករស់នៅ ភូមិ ជ្រោយដង ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល។
- ធ្វើជាគ្រូបង្រៀន និង ដើមហេតុ ក្លាយជាអ្នកសិល្បៈ
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្នកស្រី ឆន យុវណ្ណា វ័យជាង ២០ ឆ្នាំ ត្រូវបានអាជ្ញាធរមូលដ្ឋានចាត់តាំងឲ្យធ្វើជាគ្រូបង្រៀន នៅ “សាលាបឋមសិក្សាសំរោងធំ” ស្ថិតក្នុងស្រុក កៀនស្វាយ ខេត្ត កណ្ដាល។
នៅក្នុងសម័យរដ្ឋកម្ពុជា អ្នកស្រី បង្រៀនអក្សរផង និង បង្រៀនជំនាញរបាំផង។ អ្នកស្រីបានរៀបរាប់ប្រាប់ Sabay ថា ជំនាញរបាំ អ្នកស្រីចេះដោយសារបានរៀននៅវិទ្យាល័យទឹកល្អក់។ អ្នកស្រីបានធ្វើជាគ្រូបង្រៀនបានប្រហែល ៣ ឆ្នាំ ក៏ឈប់ ហើយមករស់នៅជាមួយប្ដី ដែលធ្វើការជាមន្ត្រីនគរបាល ក្នុងរាជធានីភ្នំពេញ។
- រៀបអាពាហ៍ពិពាហ៍
អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ១៩៨២ ជាមួយ លោក ថោង លឹមហាន បច្ចុប្បន្នជាមន្ត្រីនគរបាលនៅក្នុងក្រសួងមហាផ្ទៃ។ ចំណងស្នេហ៍របស់ អ្នកស្រី ជាមួយ លោក ថោង លឹមហាន មានតំណក់ឈាម កូន ៤ នាក់ ប្រុស ២ ស្រី ២។ អ្នកស្រី បានប្រាប់ថា បានបែកលំនៅជាមួយស្វាមីជិត ១០ ឆ្នាំមកហើយ ប៉ុន្តែទើបតែលែងលះគ្នាឡើងដល់តុលាការមុនចូលឆ្នាំខ្មែរនេះប៉ុណ្ណោះ ហើយគ្រោងចេញ សាលក្រម នៅខែ កក្កដា ខាងមុខនេះ។
- ប្រលូកក្នុងវិស័យបញ្ចូលសំឡេងកុន និង ការបង្កើតផលិតកម្មផ្ទាល់ខ្លួន
ដោយសារតែនិស្ស័យខាងសិល្បៈតាំងពីដឹងក្ដី និង អំណោយទានផ្នែកសំឡេងពីកំណើត នៅឆ្នាំ ១៩៨៤ អ្នកស្រី បានរៀនបញ្ចូលសំឡេងកុន។ កាលណោះអ្នកស្រី បានរៀននិយាយកុន នៅរោងកុនអង្គរ ដោយរៀននិយាយបានប្រហែលមួយសប្ដាហ៍អ្នកស្រីក៏អាចនិយាយកើត។
អ្នកស្រី បានប្រលូកក្នុងវិស័យបញ្ចូលសំឡេងកុន ចំនួន ៣ ឆ្នាំ ចាប់ពីឆ្នាំ ១៩៨៤ ដល់ ឆ្នាំ ១៩៨៧។ ដោយនៅក្នុងនោះ អ្នកស្រីធ្លាប់និយាយឲ្យរោងកុនអង្គរ, ផលិតកម្មពន្លឺពេជ្រភាពយន្ត, ផលិតកម្មកាន់តាណា និង ផលិតកម្មតាន់តាន់ ជាដើម។
នៅក្នុងអំឡុងឆ្នាំ ១៩៨៥ អ្នកស្រី និង ស្វាមីបានធ្លាប់បើកផលិតកម្មផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា “ផលិតកម្មព្រះពិស្ណុការ” ប៉ុន្តែបើកបានមួយរយៈក៏បានបិទទ្វារទៅវិញ ដោយសារវិស័យភាពយន្តនៅសម័យនោះ មិនទាន់មានការរីកចម្រើន ។
អ្នកស្រី ធន យុវណ្ណា បានលើកឡើងថា “ផលិតកម្មព្រះពិស្ណុការ” របស់អ្នកស្រី ធ្លាប់បានថតខ្សែភាពយន្តចំនួន ៣ រឿង ក្នុងនោះមាន “រឿង ភ្នំពេញស្នេហាខ្ញុំ, ល្បិចស្នេហ៍, សន្សើមដួងចិត្ត, ជាដើម។ ទន្ទឹមនឹងគ្នានេះ ក៏បានផលិតបទចម្រៀងខារ៉ាអូខេជាច្រើនបទផងដែរ។
- អាជីពជាតារាសម្ដែង និង ស្នាដៃ
ក្រោយពីបរាជ័យ ជាចាងហ្វាងផលិតកម្ម និង ឆ្លងកាត់ភាពបទបែននៃជីវិតបន្តបន្ទាប់ នៅឆ្នាំ ២០០១ អ្នកស្រី ធន យុវណ្ណា បានចាប់ប្រឡូកក្នុងអាជីពជាតារាសម្ដែង ដោយនៅក្នុងនោះ អ្នកស្រីធ្លាប់បានសម្ដែង ខ្សែភាពយន្ត ស្ប៉តពាណិជ្ជកម្ម និង បទចម្រៀងខារ៉ាអូខេ ជាច្រើន។
ខ្សែភាពយន្ត ដែលអ្នកស្រីបានថតមានដូចជា រឿង “ទឹកចិត្តបងស្រី”, “ឯកសារសម្ងាត់”,”បេះដូងអ្នកការពារ”, “សេដ្ឋីវ័យក្មេង”, “ប្រជាជន និង ច្បាប់”, “កម្មលោកីយ៍”, “កូនភ្លោះចម្លែក”, “កំលោះចាប់ហួយ”, ជាដើម។
ចំពោះបទចម្រៀងខារ៉ាអូខេ អ្នកស្រីបានថតស្ទើរគ្រប់ផលិតកម្ម។ រីឯស្ប៉តពាណិជ្ជកម្ម អ្នកស្រីប្រាប់ថា ថតបានចំនួន ៣។ បច្ចុប្បន្នអ្នកស្រី កំពុងតែត្រៀមថតរឿងថ្មីមួយទៀត ប៉ុន្តែមិនទាន់ដឹងចំណងជើងនៅឡើយ។
- អាជីពក្រៅពីសិល្បៈ និង ផែនការទៅថ្ងៃអនាគត
ក្រៅពីការងារសិល្បៈ អ្នកស្រី ធន យុវណ្ណា មានហាងតែគុជ ១ កន្លែង ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីប្រាប់ថា បច្ចុប្បន្នមិនទាន់មានបំណងពង្រីកអាជីវកម្ម អ្វីទៀតឡើយ ព្រោះវ័យកាន់តែច្រើន ម្យ៉ាងមិនមានពេលមើលថែកូនឡើយ ព្រោះជាប់រវល់ច្រើន និង ការងារសិល្បៈ។ នៅក្នុងពិភពសិល្បៈ អ្នកស្រីបញ្ជាក់ប្រាប់ថា និង ប្រលូកដល់ទឹកចុងក្រោយតែម្ដង ប្រសិនណានៅតែមានទស្សនិកជនក៏ដូចជាអ្នកដឹកនាំសិល្បៈទាំងអស់ គាំទ្រ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!