ជម្ងឺសើស្បែកកំណាច ឈឺចុកចាប់ ដូចរោយអំបិលលើមុខរបួស កំពុងតាមព្យាបាទ ប្អូនប្រុសស៊ីនិត (មានវីដេអូ)

 
 

ភ្នំពេញ៖ ជាអតីតកងទ័ពជើងទឹក ដែលកំពុង ភ្ជួរការងារ ងាកមកមើលថែកូនប្រុសពៅ លោកពូ សូភឿន បានធ្វើ ដំណើរយ៉ាងឆ្ងាយ រាប់រយគីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ជាមួយនឹងភរិយា អ្នកមីង សុំឡាយ មុខរបរ កម្មការនី រោងចក្រ ឆ្ពោះមកកាន់ មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នារាជធានីភ្នំពេញ ដើម្បីព្យាបាល ប្អូនប្រុសស៊ីនិត ដែលកំពុងកើត មានជម្ងឺសើស្បែក ចម្លែកមួយ មិនធ្លាប់ជួប ប្រទះពីមុនមក។

ឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទ ជាមួយនឹង ភ្នាក់ងារយកព័ត៌មាន ខ្មែរឡូត លោកពូ សូភឿន បានប្រាប់ ឲ្យដឹងថា លោកពូ មានកូនប្រុសទាំងអស់ ៣ នាក់ នៅក្នុងបន្ទុក ដោយកូនប្រុសច្បងទាំងពីរ ឈប់រៀន ដើម្បីរកប្រាក់បន្តិចបន្តួច ក៏ដូចជានៅមើលផ្ទះ ខណៈលោកពូ និងអ្នកមីង ត្រូវនៅមើលថែ កូនប្រុសពៅ។

លោកពូ បានបន្តទាំងដកដង្ហើមធំ បន្តទៀតថា៖ «ជម្ងឺដ៏កម្រ ដែលកើតមានឡើង ចំពោះកូន ប្រុសពៅ របស់ខ្ញុំនេះ គឺមាន រយៈពេល ២ ឆ្នាំហើយ ពោលគឺចាប់តាំងពី ស៊ីនិត នៅអាយុ ១០ ឆ្នាំ រហូតដល់ បច្ចុប្បន្ន មានអាយុ ១២ ឆ្នាំ។ ក្នុងរយៈពេល ២ ឆ្នាំ នេះ ទាំងពេទ្យរដ្ឋ និងឯកជន ខ្ញុំសុទ្ធតែ បានសាកល្បង រួចមកហើយ ប៉ុន្តែដូចជា មិនបានធូរស្បើយសោះ រហូតដល់ ពេលខ្លះ ខ្លោចចិត្តអាណិតកូន នៅពេលដែល ស៊ីនិត មិនហ៊ានយំខ្លាំងៗ បែរជាខំ ខាំមាត់សង្កត់ចិត្ត ទទួលរងការ ឈឺចាប់ ផ្សារក្រហាយ បីដូចរោយអំបិល លើមុខរបួស បើងាកចុះឡើងវិញ ត្រូវចេញឈាម រហូតដល់ថ្នាក់ (ស៊ីនិត) ទ្រាំមិនបាន មិនចង់រស់នៅបន្ត ថែមទៀតផង។»

បើទោះបីជារងការរើសអើង ពីសំណាក់អ្នកជិតខាង មួយចំនួន ដែលមិនបណ្តោយ ឲ្យ កូនរបស់គេ មកលេង ជាមួយនឹង ស៊ីនិត យ៉ាងណាក៏ដោយ ក៏លោកពូ សូភឿន មិនបោះបង់ក្តី ស្រមៃ ព្យាបាល កូនប្រុសដែរ។ លើសពីនេះទៅទៀត ដោយសារតែមាន ការចង្អុល បង្ហាញ ពីមេអង្គភាព កងទ័ពជើងទឹក បូកផ្សំ ជាមួយនឹង ការណែនាំ ពីអ្នកស្គាល់ មួយចំនួនផងនោះ លោកពូ សូភឿន ក៏បានសម្រេច ចិត្តធ្វើដំណើរ មកកាន់ មន្ទីរពេទ្យ ព្រះកុសុមៈ នារាជធានីភ្នំពេញ បើទោះបីជា មានជីវភាព ខ្វះខាតក៏ដោយ។

ក្នុងដំណើរតាម រថយន្តរបស់អង្គភាព រហូតមកដល់មន្ទីរពេទ្យ ព្រះកុសុមៈ នារាជធានីភ្នំពេញ លោកពូ សូភឿន ជាមួយ នឹងភរិយា អ្នកមីង សុំឡាយ និង ប្អូនប្រុស ស៊ីនិត ហាក់ដូចជាមាន ក្តីសង្ឃឹម ឡើងវិញ នៅពេលដែល ក្រុមគ្រូពេទ្យ បានអះអាងថា អាចព្យាបាល ឲ្យជាសះស្បើយបាន ដោយត្រូវចំណាយ ពេលវេលា យូរអង្វែង ទៅមុខទៀត។

គួររំលឹកផងដែរថា មុនដំបូង ក្រុមគ្រូពេទ្យ បានដាក់ការសង្ស័យថា មូលហេតុចម្បង ដែលបង្កជាជម្ងឺនេះ ទំនងបណ្តាលមកពី ការប្រើប្រាស់ទឹកអណ្តូង ប៉ុន្តែបើតាមលោកពូ សូភឿន បានអះអាងវិញថា ទឹកអណ្តូលនោះ គឺប្រើប្រាស់ជាប្រចាំ ពីសំណាក់ប្រជាពលរដ្ឋជាច្រើន ដោយមិនមានបញ្ហានោះទេ ខណៈការជួសឈាមមើល និងការពិនិត្យ ជាច្រើនលើកច្រើនសារ ទៅលើខ្លួន ស៊ីនិត ក៏មិនប្រទះឃើញ មេរោគបង្កជម្ងឺ រហូតគ្រូពេទ្យ សន្និដ្ឋានថា ជាជម្ងឺសើស្បែក តែប៉ុណ្ណោះ។

គួរបញ្ជាក់ចុងក្រោយផងដែរថា លោកពូ សូភឿន បច្ចុប្បន្នកំពុងតែជួបប្រទះ បញ្ហាថវិកា ដោយសារតែ ជីវភាពខ្វះខាត និងការចំណាយ ទៅលើថ្លៃព្យាបាល ច្រើន បានអំពាវនាវ ស្វែងរក សប្បុរសជន ជួយឧបត្ថម្ភថវិកា សម្រាប់ព្យាបាល កូនប្រុស ស៊ីនិត ដោយសប្បុរសជន អាចទំនាក់ទំនងទូរស័ព្ទផ្ទាល់ របស់លោក តាមរយៈលេខ 097 79 78 002


ប្អូនប្រុស ស៊ីនិត ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ


លោកពូ សូភឿន និងអ្នកមីង សុំឡាយ

វីដេអូ


ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម