ពីក្មេងដើរ លក់អំពៅ សាង និងរើសអេត ចាយ តស៊ូរហូត ក្លាយជានាយិកា សាលា!
ភ្នំពេញ៖ ពាក្យចាស់ពោលថា ជីវិតគឺជា ការតស៊ូ ពិតជាត្រឹមត្រូវ ព្រោះថាយើងធ្លាប់ បានឃើញគំរូ របស់បុគ្គលជាច្រើន មកហើយដែល ពួកគេបានតស៊ូ ចេញពីជីវភាព លំបាកតោកយ៉ាក ជាទីបំផុត រហូតទាល់តែ បានក្លាយទៅជា មនុស្សដ៏ឆ្នើមម្នាក់ នៅក្នុងសង្គម និងការងារ របស់ពួកគេ។
ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ ប្រិយមិត្តអ្នកអាន មកស្គាល់ពី ស្ត្រីវ័យ ៣៧ឆ្នាំ ម្នាក់ ដែល គាត់តស៊ូ ពី កុមារីដើរ លក់អំពៅសាង ដំឡូងស្ងោរ សម្រាប់ចិញ្ចឹមជីវិត រហូតក្លាយទៅជា នាយិកាសាលា និងជាអ្នកម្ដាយ ដែលមានកូន ៤នាក់ ប្រកបទៅដោយ ភាពជោគជ័យ និងការសរសើរពី មនុស្សនៅជុំវិញខ្លួន ។
ជីវប្រវត្តិខ្លីៗ របស់ស្ត្រីម្នាក់នេះ៖
អ្នកស្រី សុខ វិបុល កើតនៅឆ្នាំ ១៩៧៧ នាខេត្តតាកែវ ក្នុងត្រកូលកសិករ។ ឪពុកម្តាយរបស់ អ្នកស្រី មានកូនទាំងអស់ ចំនួន៨នាក់ ហើយរូបគាត់ គឺជាកូនទី៣ ក្នុងគ្រួសារ បន្ទាប់ពីរបប ប្រល័យពូជសាសន៍ បញ្ចប់ទៅ អ្នកស្រីព្រមទាំង ក្រុមគ្រួសារ ត្រូវបានរសាត់ អណ្តែតពីស្រុក កំណើតដើម្បី មករស់នៅក្នុង ក្រុងភ្នំពេញ នេះតែម្តង ហើយក៏ជាកន្លែង ដែលអ្នកស្រី រួមនិង បង២នាក់ ព្រមទាំងម្តាយ តស៊ូយ៉ាងលំបាក សម្រាប់បន្តជីវិត និងរ៉ាប់រងបន្ទុក នៃគ្រួសារ ក៏ព្រោះតែឪពុក ត្រូវបានឃ្លាតឆ្ងាយ ទៅដល់ស្រុកដទៃទៀត។
មិនសូវបាន គេងគ្រប់គ្រាន់ ព្រោះតែត្រូវ ជួយម្តាយ
ចាប់ផ្តើមដឹងក្តី ភ្លាមគឺនៅ អាយុ៦ឆ្នាំ ដោយសារតែ ត្រូវរួមចំណែក រ៉ាប់រងក្នុងបន្ទុក គ្រួសារនោះ អ្នកស្រីមិនដែល ស្គាល់ពាក្យថា បានគេង ឬសម្រាកបាន ពេញភ្នែកនោះឡើយ ដែលនៅពេល និយាយ ដល់ចំណុចនេះ ធ្វើឲ្យអ្នកស្រី មានអារម្មណ៍ក្តុកក្តួល យ៉ាងខ្លាំង។ កាលនោះ អ្នកស្រីត្រូវ ក្រោកពីគេងនៅ ម៉ោង៣ទៀបភ្លឺ ដើម្បីជួយម្តាយ បង្កាត់ភ្លើង និងរៀបចំ របស់របរ ត្រៀមលក់ ដូចជា អំពៅសាង ពោតនិង ដំឡូងស្ងោរ ជាដើម។ ក្រៅពីដើរលក់ របស់ទាំងនេះហើយ អ្នកស្រីក៏ឆ្លៀតពេល ដើររើសអេតចាយ ដើម្បីឆ្លៀតរក ប្រាក់កំរៃបន្ថែម ម្យ៉ាងវិញទៀត រូបគាត់ក៏ត្រូវ ដើររើសសំបកដូង សម្រាប់យកមក បង្កាត់ភ្លើង ដើម្បីចំអិន របស់លក់ ផងដែរ។
មានគំនិតចង់រៀន ដើម្បីគេចផុត ពីភាពតោកយ៉ាក
បើទោះបីជា ពេលនោះអ្នកស្រី ត្រូវជួយសម្រាល បន្ទុកគ្រួសារក្តី តែគាត់ក៏មិនបាន បោះបង់ចោលនូវ ការសិក្សាឡើយ ដោយឆ្លៀតរៀន មួយពេល និងជួយដើរលក់ មួយពេល ព្រោះអ្នកស្រីយល់ថា មានតែការសិក្សា មួយនេះទេ ដែលអាចជួយឲ្យ អ្នកស្រីគេចផុត ពីភាពលំបាក វេទនា ក្នុងពេលនោះ។
បន្ថែមពីនោះទៀត ក្រៅពីមានការ ជួយជំរុញទឹកចិត្ត ពីខ្លួនឯងផ្ទាល់ អ្នកស្រីក៏ ទទួលការលើក ទឹកចិត្តបន្ថែម ពីបងៗទាំង២ និងម្តាយ ក្នុងការសិក្សា ដោយពួកគាត់ លះបង់ជាច្រើន ដើម្បីជួយឲ្យ រូបគាត់បន្ត ការសិក្សា។ យ៉ាងណាមិញ អ្នកស្រីក៏បាន បញ្ជាក់ថា នៅមានកត្តា ធំមួយទៀត ដែលជួយឲ្យ ខ្លួនគាត់ តស៊ូរហូតមក ដល់ពេលនេះ នោះគឺជា ភាពឈឺចាប់ ដែលបានមកពី អ្នកជិតខាង។ គាត់បានបញ្ជាក់ថា “ដោយសារតែ គ្រួសារខ្ញុំ មានជីវភាព ក្រីក្រនិង មិនមានឪពុក ជាបង្អែក ដូច្នេះ ហើយអ្នកជិតខាង ជុំវិញខ្លួនខ្ញុំ តែងតែមើលងាយ មើលថោកមក លើខ្ញុំ ក៏ដូចជាគ្រួសារ របស់ខ្ញុំ ដោយពួកគេ ហាមកូនរបស់ គេមិនឲ្យ មកលេងជាមួយ នឹងនាងខ្ញុំ ហើយព្រមទាំង និយាយបញ្ឈឺ និងប្រមាថមើលងាយ យ៉ាងខ្លាំងៗ ជាទីបំផុត ដែលពាក្យសម្តី នោះហើយធ្វើឲ្យ ខ្ញុំមានការឈឺចាប់ រួចបានក្លាយទៅជា កម្លាំងតស៊ូ និងប្តេជ្ញា ថាត្រូវតែធ្វើ ឲ្យខ្លួនខ្ញុំ និងក្រុមគ្រួសារ មានជីវភាព ធូរធារ ដូចជាគេឯងដែរ”។
ចាប់ផ្តើមជោគជ័យ ក្នុងការសិក្សា និងការងារ
ដោយសារតែ ទឹកចិត្តតស៊ូ ទើបអ្នកស្រី បានក្លាយជា សិស្សពូកែ មួយរូបនៅក្នុង ថ្នាក់ទាំងនៅ បឋមសិក្សា និងវិទ្យាល័យ ហើយក្រោយមក ក៏បន្តចូលមក មហាវិទ្យាល័យ នៅអំឡុងឆ្នាំ ២០០០ ដែលកាលនោះ អ្នកស្រីចាប់យក មុខវិជ្ជា ភាសាអង់គ្លេស នៅឯសាកលវិទ្យាល័យ មួយកន្លែង ក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ ការសិក្សាហើយ អ្នកស្រីក៏បាន ចាប់ផ្តើមចូល បង្រៀន ភាសាអង់គ្លេស នៅឯសាលា អន្តរជាតិ ញ៉ូវយ៉ក ប្រចាំសាខា អូឡាំពិក តែបង្រៀនមិន ដល់៣ខែផងនោះ ដោយសារ ទេពកោសល្យ និងភាពវៃឆ្លាត អ្នកស្រីក៏ត្រូវ បានខាងសាលា ដំឡើងឲ្យ ធ្វើជាប្រធាន ផ្នែកគ្រប់គ្រង នៃសាលានោះ ផ្ទាល់តែម្តង បន្តមកទៀត ព្រោះតែស្នាដៃ និងភាពតស៊ូ របស់អ្នកស្រីផ្ទាល់ គាត់ក៏ត្រូវ បានដំឡើង តំណែងជា បន្តបន្ទាប់ រហូតទាល់តែ ក្លាយជានាយិកា មកដល់សព្វ ថ្ងៃនេះ។
ម្យ៉ាងវិញទៀត ព្រោះតែធ្លាប់ ស្គាល់និងដឹង ពីភាពលំបាក ក្នុងជីវភាពក្រីក្រ អ្នកស្រីជារឿយៗ តែងតែចូលរួម ក្នុងអំពើ មនុស្សធម៍ នៅក្នុងសង្គម និងជួយទៅដល់ ជនជរា តាមតំបន់ ដាច់ស្រយាល ជាច្រើន ដើម្បីជាការ ជួយសំរួល ដល់ការរស់នៅ របស់ពួកគាត់ ទាំងនោះ។
ជាចុងក្រោយ អ្នកស្រីក៏បាន និយាយក្នុង ន័យផ្ញើរសារ ដល់មនុស្សជាច្រើន ជាពិសេសគឺ យុវវ័យ តែម្តង ដោយបានបញ្ជាក់ថា “ជីវិតមនុស្សម្នាក់ៗ ត្រូវតែមាន ភាពតស៊ូ និងភាពប្តេជ្ញា ដើម្បីអាចឲ្យ អនាគតរបស់ យើងមានភាព ត្រចះត្រចង់ ហើយនៅពេលនោះ ទាំងខ្លួនយើង និងមនុស្សជុំវិញ ខ្លួនសុទ្ធតែ មានសេចក្តីសុខ និងការរីករាយ ទាំងអស់គ្នា”៕
រូបភាព របស់អ្នកស្រី សុខ វិបុល ដែលមានការ តស៊ូនៅក្នុង ជីវិតយ៉ាងខ្លាំងក្លា
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!