សុះ ម៉ាច នឹង​ឈប់​ធ្វើ​ជា​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ?

 
 

ពាក់​កណ្ដាល​ ខែ​ សីហា​ ខាង​មុខ​នេះ អាណត្តិ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​របស់ ​លោក សុះ ម៉ាច នឹង​មក​ដល់ ក្រោយ​ពី​បាន​បំពេញ​តួនាទី​ជា​អាណាព្យាបាល​អ្នក​សិល្បៈ អស់​រយៈ​ពេល​ ៣ ឆ្នាំ ហើយ​ក៏​​សម្រេច​បាន​សមិទ្ធផល​មួយ​ចំនួន។

អ្វី​ខ្លះ​ជា​សមិទ្ធផល​សម្រេច​បាន​សម្រាប់​វិស័យ​សិល្បៈ? ចុះ​លោក​ទទួល​បរាជ័យ​លើ​ផ្នែក​អ្វី​ខ្លះ?

នៅ​ក្នុង​ជំនួប​ជា​មួយ Sabay ប្រធាន​សមាគម​រូប​នេះ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ ៣ ​ឆ្នាំ​ពេញ​ដែល​លោក​បាន​បំពេញ​តួនាទី​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ តើ​មាន​សមិទ្ធផល​អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​រង្វង់​សិល្បៈ?

សុះ ម៉ាច៖ យើង​បាន​អភិវឌ្ឍន៍​សមាគម​សិល្បករ​ខ្មែរ​តាំង​ពី​ស្ងាត់​ជ្រងំ រហូត​យើង​មាន​អ្វី​គ្រប់​បែបយ៉ាង ដែល​មាន​សមាជិក​ជាង​៤០០​នាក់​ហើយ​នា​ពេល​នេះ។ យើង​បាន​ចូលរួម​បង្កើត​ឲ្យ​មាន​កម្មវិធី “អាណាចក្រ​តារា” ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សិល្បៈ បើ​ទោះ​បី​ជា​មាន​សិល្បករ​មួយ​ចំនួន​មិន​យល់​ពី​តម្លៃ និង ​ធ្វើ​ពហិការ​មិន​ចូលរួម​យ៉ាង​ណា​ក្ដី។

ការ​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​សិល្បករ​វ័យ​ជរា​បាត់បង់​សមត្ថភាព និង​ ចូលរួម​ដោះស្រាយ​រាល់​បញ្ហា ដែល​សិល្បករ​យើង​ជួប​ប្រទះ ដោយ​រៀប​ចំ​ឲ្យ​មាន​ក្រុម​មេធាវី ទោះ​បី​ជា​មាន​ការ​ស្នើសុំ ឬ​មិន​ស្នើសុំ​យ៉ាង​ណា​ក្ដី ហើយ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​នៅ​ក្នុង​អាណត្តិ។

សន្និសីទ្ធ​សារព័ត៌មាន​របស់​​ នាយ កុយ និង លោក ខេមរៈ សិរីមន្ត ជុំវិញ​រឿង​គ្រោះ​ថ្នាក​ចរាចរ

Sabay៖ ចំណែក​ការងារ​សង្គម​វិញ តើ​សមាគម​របស់​លោក បាន​ចូលរួម​អ្វី​ខ្លះ​ដែរ​ទេ?

សុះ ម៉ាច៖ កន្លង​មក​យើង​បាន​ចូលរួម​ចំណែក​ខ្លះ​ដែរ រួម​មាន​ការ​ចូលរួម​ចំណែក​នាំ​យក​អំណោយ​ជួន​ដល់​ប្រជាពលរដ្ឋ​ខណ្ឌ​មានជ័យ ៧០០ គ្រួសារ និង ខណ្ឌ​​ឫស្សីកែវ​ ២០០ ​គ្រួសារ ​នា​ពេល​កន្លង​ទៅ ហើយ​ក៏​បាន​នាំ​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ផង​ដែរ។

ការ​ដឹក​នាំ​ក្រុម​សិល្បករ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ទទួល​ព្រះ​បរម​សព ព្រះ​បរម​រតនៈ​កោដិ និង ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ដែល​ជា​កាតព្វកិច្ច​របស់​យើង​គ្រប់​គ្នា។

រូប​ភាពដឹក​នាំ​អ្នក​សិល្បៈ​ទទួល​ព្រះ​បរម​សព​សម្ដេច​តា,​ ចែក​អំណោយ​ និង​ សួរ​សុខ​ទុក្ខ​អ្នក​សិល្បៈ​មាន​ជំងឺ

Sabay៖ ចុះ​អ្វី​ដែល​សមាគម​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ ឬ​អាច​និយាយ​ថា ជា​ចំណុច​បរាជ័យ​សម្រាប់​ការ​ដឹក​នាំ​របស់​លោក?

សុះ ម៉ាច៖ អ្វី​ដែល​មិន​ទាន់​សម្រេច​បាន​ទាំង​ស្រុង​នោះ គឺ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​នៅ​ក្នុង​រង្វង់​សិល្បៈ​ហ្នឹង​ឯង ទោះ​បី​ជា​យើង​ព្យាយាម​អំពាវនាវ​យ៉ាង​ណា​ក្ដី ដែល​នេះ​ជា​បញ្ហា​ធំ។ មាន​ន័យ​ថា អ្នក​សិល្បៈ​ភាគ​ច្រើន​មិន​បាន​ចូលរួម​ជា​សមាជិក​របស់​របស់​សមាគម ដើម្បី​អាច​ជួយ​គ្នា​បាន​នោះ​ទេ ដោយ​ពូក​គេ​យល់​ថា គ្មាន​សមាគម​ក៏​រស់​បាន និង​រក​លុយ​បាន​ចាយ​មិន​អស់​ដែរ។

Sabay៖ ក្នុង​នាម​ប្រធាន​សមាគម ដែល​ជិត​ផុត​អាណត្តិ​ទៅ​ហើយ​នោះ តើ​នឹង​ធ្វើ​យ៉ាង​ណា​ជា​បន្ត​ទៀត?

សុះ ម៉ាច៖ ទោះ​បី​ជា​ពេល​វេលា​ខ្លី​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​សកម្មភាព​ក្នុង​នាម​ជា​ប្រធាន​បន្ត​ រហូត​ដល់​ការ​បញ្ចប់​អាណត្តិ​ទាំង​ស្រុង ជា​ពិសេស​ការ​ប្រមែប្រមូល​អ្នក​សិល្បៈ​ឲ្យ​ចូលរួម​ក្នុង​សមាគម។ ខ្ញុំ​សង្ឃឹម​ថា ប្រធាន​សមាគម​ថ្មី នឹង​ព្យាយាម​បន្ត​ទៀត ដើម្បី​ឲ្យ​អ្នក​សិល្បៈ​មាន​ការ​រួបរួម​គ្នា​ឡើង។

Sabay៖ ត្រង់​ចំណុច​នេះ​បញ្ជាក់​ថា លោក​ឈប់​ទទួល​យក​តំណែង​ណាមួយ​ក្នុង​សមាគម ហើយ​ត្រឡប់​ទៅ​ធ្វើ​ជា​អ្នក​ចម្រៀង​ធម្មតា​ដូច​ពី​មុន ឬ​យ៉ាង​ណា?

សុះ ម៉ាច៖ ទេ! ខ្ញុំ​មិន​ចុះ​ចាញ់​ងាយ​ពេក​ទេ ក្នុង​អាណត្តិ​របស់​ខ្ញុំ​កន្លង​មក មាន​សំពាធ​សិល្បៈ​ច្រើន​ណាស់ តែ​យើង​អាច​ប្រឈម និង​ ដោះស្រាយ​បាន​ទៅ​ហើយ។ ខ្ញុំ​កំពុង​ពិចារណា​ថា តើ​គួរ​បញ្ចប់​តែ​ម្ដង ឬ​ឈរ​ឈ្មោះ​ឲ្យ​សមាជិក​បោះឆ្នោត​បន្ត​ទៀត​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ការ​ច្រៀង​នោះ មិន​ដែល​គិត​ថា ឈប់​នោះ​ទេ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​ជា​ដុំកំភួន​ឡើយ។

Sabay៖ អរគុណ​សម្រាប់​ចំណាយ​ពេល​របស់​លោក​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​ Sabay។ តើ​លោក​មាន​អ្វី​ជា​ចុង​ក្រោយ?

សុះ ម៉ាច៖ អរគុណ Sabay! មិន​មាន​អ្វី​ពី​ការ​អំពាវនាវ​ឲ្យ​អ្នក​សិល្បៈ​ទាំង​អស់​មាន​ការ​សាមគ្គី​គ្នា​ឡើង ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ ឲ្យ​រីក​ចម្រើន​ទៅ​មុខ ក៏​ដូច​ជា​បន្ត​និរន្តរភាព​សមាគម ដែល​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត។ ចុង​ក្រោយ សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​សិល្បៈ ក៏​ដូច​ជា​សិល្បករ​ទាំង​អស់​ដែល​បាន​គាំទ្រ​ខ្ញុំ​កន្លង​មក៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម