អីចឹង​សោះ​ ​​ជា​​ហេតុ​ផល​ក្មេង​ជំទង់​​វ័យ​ទើប​១៤​ ឬ​១៥​ឆ្នាំ​ សុំ​គ្នា​ធ្វើ​សង្សារ​

 
 

មិត្ត​យុវវ័យ​មាន​ដែល​សង្កេត​ទេ​ថា​ ក្មេង​ៗ​សម័យ​ឥលូវ​ អាយុ​នៅ​តិច​នៅ​ឡើយ​ ១៤​ ឬ​១៥​ឆ្នាំ ​ចេះ​មាន​ស្នេហា​ទៅ​ហើយ។ ខ្លះ​គ្រាន់​តែ​បាន​ជួប​មុខ​គ្នា​​មួយ​ភ្លែត​ ក៏ចាប់​​ចិត្ត​ស្រលាញ់​ ទាក់​ទង​​ និងសុំ​គ្នា​ធ្វើ​ជា​សង្សារ​បាត់​ទៅ​​ហើយ។

តើ​អ្វី​ជា​មូល​ហេតុ​ពិត​ប្រាកដ​​ ដែល​ធ្វើ​ឲ្យ​ក្មេង​ជំទង់​ចង់​មាន​ស្នេហា​ឆាប់​បែប​នេះ?

សម្រាប់​កញ្ញា​ ពិសី ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ផ្នែក​ធនាគារ​ បាន​ប្រាប់​ថា៖ “មក​ពី​តាម​គ្នា។ យុវវ័យ​ខ្លះ​ឃើញ​គេ​មាន​ស្នេហា​ ក៏​គិត​ចង់​មាន​នឹង​គេ​ដែរ តែ​ពេល​ខ្លះ​ពួក​គេ​មិន​ដឹង​ថា ​វា​ជា​អ្វី​ផង”។

រូប​តំណាង​

បើ​តាម​យុវជន​ ថៃ ស្រ៊ុន ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាញ​IT​វិញ​មិន​យល់​អញ្ចឹង​ទេ។ ស្រ៊ុន​ និយាយ​ថា៖ “ក្មេង​ៗ​ឥលូវ​ប្រើ​អារម្មណ៍​ស្រលាញ់​គ្នា​ ពួក​គេ​ក៏​មាន​មនោសញ្ចេតនា​ដូច​តែ​មនុស្ស​ធំ​ដែរ។ អារម្មណ៍​ស្រលាញ់​មនុស្ស​ម្នាក់​ពិបាក​និយាយ​ណាស់​ តែ​គេ​ចង់​នៅ​ក្បែរ ​មើល​ថែ​ទាំ​គ្នា ​និង​ចង់​ឲ្យ​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​នោះ​ដឹង​ ដូច្នេះ​ពួក​គេ​ក៏​បង្កើត​ស្នេហា​ឡើង​មក​តែ​ម្ដង”។

រីឯ​យុវជន​មិនសូវ​បាន​សំដី​ ទួរ​ សុវណ្ណ​រាជ​ រៀន​ថ្នាក់​ទី​១០​ នៅ​វិទ្យាល័យ​ទួល​ទំពូង​ បាន​ប្រាប់​ដោយ​ទឹក​មុខ​អៀន​ថា​៖ “ជួន​កាល​មក​ពី​និស្ស័យ​ ហើយ​បាន​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​ផង​ ថែម​ទាំង​មិត្តភ័ក្ដិ​លែបខាយ​ឲ្យ​ទៀត​ ក៏​ចេះ​តែ​ចង់​មាន​ស្នេហា​ទៅ”។

ភ្នែក​សម្លឹង​​ទូរសព្ទ​ ឯ​អារម្មណ៍​អណ្ដែត​អណ្ដូង​ទៅ​តាម​បទ​ចម្រៀង​ដែល​កំពុង​ស្ដាប់​ យុវជន​ ប៊ី ​រស្មី និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ប្រាប់​ថា​ ស្នេហា​អាច​កើត​ឡើង​ដោយសារ​កត្តា​បី​គឺ​ គេ​បង្អាប់​ ភាពយន្ត​ និង​ ខ្វះ​ភាព​កក់​ក្តៅ។

យុវជន​រូប​នេះ​បន្ត​ថា ៖”គេ​ថា ​ឲ្យ​ចុះ​ឡើង​ៗ​ពេក​ក៏​អាច​ស្រលាញ់​គ្នា​បាន​ដែរ។ ពេល​ខ្លះ​ ក្មេង​ៗ​ទាំង​នោះ​ មិន​ទាន់​មាន​ចិត្ត​អី​លើ​គ្នា​ផង​ តែ​ដល់​គេ​បង្អាប់​ពេក​ ក៏​បាក់​ចិត្ត​តែ​ម្ដង​ទៅ។ មួយទៀត​ភាពយន្ត​​ដែល​និយាយ​ពី​រឿង​ស្នេហា​ ពេល​គេ​មើល​ គេ​អន្លង់អន្លោច​តាម​សាច់​រឿង ​នាំ​ឲ្យ​គេ​ចង់​មាន​ស្នេហា​ដែរ​។ ខ្ញុំ​គិត​ថា​ គ្រួសារ​ខ្លះ​ ម្ដាយ​ឪពុក​មិន​បាន​ផ្ដល់​ការ​ស្រលាញ់​គ្រប់គ្រាន់​ដល់​កូន។ ដល់​ម្នាក់​នោះ​ជួប​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​ យល់​ចិត្ត​ថ្លើម​ ធ្វើ​ឲ្យ​គេ​នោះ​លង់​ស្រលាញ់​ បង្កើត​បាន​ជា​ស្នេហា​ភ្លាម​ទៅ”។

បើ​តាម​គំនិត​អ្នក​វិញ​ តើ​អ្វី​ជា​មូល​ហេតុ​នាំ​ឲ្យ​យុវវ័យ​វ័យ​ក្មេង​ខ្លាំង​ចង់​មាន​ស្នេហា?

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម