ការ​ចាប់​ខ្លួន Hacker ខ្មែរ​​ពី​រ​នាក់​ នាំ​​​ឲ្យ​មាន​ការ​ជជែក​​មិន​ចេះ​ចប់​​ក្នុង​ចំណោម​​បញ្ញវន្ត​ខ្មែរ

 
 


ព័ត៌មាន​ដ៏​រសើប​បំផុត​ដែល​យុវជន​ខ្មែរ​ ២ នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ជាប់ពាក់ព័ន្ធ​​​ទៅ​លើ​ការ​វាយ​ប្រហារ​ទៅ​លើ​បណ្តាញស្ថាប័ន​​ព័ត៌មាន​​ជាតិ​សំខាន់ៗ​ បាន​ក្លាយ​ជា​ប្រធាន​បទ​​រឿង​ដ៏​សំខាន់​​ដែល​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ និង​ការ​សួរ​ដេញដោល​គ្នា​មិន​ចេះ​ចប់។

​សមាជិក​ក្រុម 4KhmeriPhone ​មួយ​រូប​បាន​​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ហេតុការណ៍​នេះ​​ថា៖ “ខ្ញុំ​បាន​ដឹង​ដំណឹង​ពី​ការ​ចាប់​ខ្លួន​យុវជន​ ២ នាក់ ដែល​បាន​ធ្វើការ​​​​វាយ​ប្រហារ​គេហទំព័រ​ស្ថាប័ន​ជាតិ​​ធំៗ​មួយ​ចំនួន​ និង​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ទូទាំង​ប្រទេស​”។

“ការ​ចាប់​ខ្លួន​ក្រុម​អ្នក​វាយប្រហារ​​នេះ​ ជា​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា។ នៅ​ប្រទេស​ជឿន​លឿន​ការ Hack ចូល​ទៅ​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​​អ្នក​ដទៃ​ ត្រូវ​បាន​ចាត់​ទុក​ថា​ទង្វើ​​ខុស​ច្បាប់​ ​និង​អាច​ជាប់​ទោស​ឧក្រិដ្ឋ​​ផង​ដែរ។ ដូច្នេះ​ប្រទេស​យើង ​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​​នោះ​ដែរ”។

លោក​បន្ថែម​ទៀត​ថា​ បើ​តាម​មើល​ទៅ​ក្រុម​ Hackers ទាំង​នោះ​ ភាគ​ច្រើន​នជា​យុវវ័យ​និង​កំពុង​រៀន​មហាវិទ្យាល័យ។ ការ​បង្រៀន​អំពី​សុវត្ថិភាព​ (IT Security) នៅ​សាលា​គឺ​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​​មាន​ចន្លោះ​ប្រហោង​ (Bug ) ប៉ុន្តែ​ពួកគេ​ទាំង​នោះ​យក​អ្វី​ដែល​ពួកគេ​សិក្សា​ទៅ​ប្រើ​ខុស​គោលដៅ និង​ដែល​គេ​ហាម​ឃាត់​។

លោក​សូម​លើក​ឧទាហរណ៍​មួយ គេហទំព័រ​ក្រុមហ៊ុន​ Apple ក៏​មាន​ចន្លោះ​ប្រហោង​ដែរ​ប៉ុន្តែ​អ្នក​ចេះ​គេ​ប្រាប់​ទៅ​ក្រុមហ៊ុន​ឲ្យ​ជួសជុល​ មិន​មែន​ទៅ Hack ឲ្យ​គេហទំព័រ​គាំង​នោះ​ទេ។

ចំណែក​ លោ​ក បូវី ឈុន​ឡេង ប្រធាន​ក្រុម​ CAUG ក៏​​ឲ្យ​ដឹង​ដែរ​ថា​ សកម្មភាព​​របស់​ពួកគេ​នេះ​ជា​ទង្វើ​ដ៏​ខុស​ឆ្គង​​ ដែល​អាច​នាំ​ឲ្យ​កើត​បញ្ហា​ដល់​សង្គម។ លោក​ថា​សម្រាប់​ប្រទេស​ខ្មែរ​គឺ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ​ដូចនេះ​​មុន​ធ្វើ​អ្វី​​មួយ​​ត្រូវ​គិត​ឲ្យ​ច្បាស់​លាស់។

ទោះ​បី​បែប​ណា ឈុន​ឡេង​​បញ្ជាក់​ថា បើ​តាម​លោក​ដឹង​ពួក​ Hacker ទាំង​នោះ​គឺ​គ្រាន់​តែ​ Hack បិទ​គេហទំព័រ​បណ្ដោះ​អាសន្ន និងមិន​បាន​លួច​ទិន្នន័យ​អ្វី​នោះ​ទេ​។ យល់​ល្អ​គ្រាន់​តែ​​អប់​រំ​ទៅ ពីព្រោះ​ពួក​គេ​អាច​ក្លាយ​ជា​សសរ​ទ្រូង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​​នា​ពេល​អនាគត។

ជុំវិញ​បញ្ហា​នេះ​ដែរ​​លោក​ ធូ ចំរើន ​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​នេះ​ពិត​ជា​គួរ​សោក​ស្ដាយ​ ដែល​មិន​គួរនិស្សិត​​ដែល​រៀន​បាន​ខ្ពស់ខ្ពស់​បែប​នេះ​ ​មក​ប្រព្រឹត្តិ​សកម្មភាព​ដែល​​​ប្រាសចាក​ពី​ការ​ទទួល​ស្គាល់​របស់​សង្គម។

លោក​បន្ត​ថា​ Software មួយ​ចំនួន​គេ​បង្កើត​ស្រាប់​ៗ​​ដើម្បី​ឲ្យ​និស្សិត​សាកល្បង​ក្នុង​ការ​ Hack គេហទំព័រ​ណា​ដែល​មិន​ផ្លូវ​ការ​ ដើម្បី​ឲ្យ​និស្សិត​​​ទាំង​នោះ​អាច​ស្វែង​យល់​និង​បង្កើន​ចំណេះដឹង​ និង​សមត្ថភាព​​ មិន​មែន​យក​មក​ប្រើប្រាស់​ក្នុង​គោលដៅ​ឲ្យ​ប៉ះពាល់​ដល់​​អ្នក​ដទៃ​និង​សង្គម​ជាតិ​នោះ​ទេ។

លោក​​​បន្ត​ដោយ​កត់​សម្គាល់​ថា​ ​និស្សិត​មួយ​ចំនួន​ ធ្វើ​អ្វី​មួយ​ពុំ​សូវ​គិត​លើ​បញ្ហា​ផ្លូវ​ច្បាប់​នោះ​ទេ។ លោក​សង្ឃឹម​ថា​ និស្សិត​ IT ទាំង​អស់​ខំ​ប្រឹង​សិក្សា​ និង​យក​​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​យក​ទៅ​ប្រើ​ក្នុង​ផ្លូវ​ល្អ​ និង​អាច​ទៅ​បម្រើ​ផល​ប្រយោជន៍​​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ក្រោយ។


ប្រភព Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម